ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោកនាយករដ្ឋមន្រ្តី ៖ អ្នកចូលក្របខណ្ឌហើយ តែអត់ជំនាញ នឹងធ្វើបាបរដ្ឋាភិបាល និងពលរដ្ឋ
29, Aug 2023 , 11:23 am        
រូបភាព
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យថ្នាក់ដឹកនាំក្រសួង និងស្ថាប័ននានា ជ្រើសរើសមន្រ្តីចូលក្របខណ្ឌ ឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវមានជំនាញច្បាស់លាស់ ដើម្បីជួយកិច្ចការងាររដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាព។



ថ្លែងសារនយោបាយជាលើកដំបូង ក្រោយកាន់តំណែងជានាយករដ្ឋមន្រ្តីជាងមួយសប្ដាហ៍នេះ លោក ហ៊ុន ម៉ាណែត យល់ឃើញការជ្រើសរើសមន្ត្រីចូលក្របខណ្ឌនីមួយៗ ត្រូវមានភាពម៉ត់ចត់ ដោយមិនចេះតែដាក់បញ្ចូលនោះទេ។ ត្រង់ចំណុចនេះ លោក ម៉ាណែត បានលើកជាឧទាហរណ៍ថា បើជ្រើសរើសមន្ត្រីកសិកម្ម គឺត្រូវយកអ្នកជំនាញកសិកម្មច្បាស់លាស់ ដោយមិនត្រូវជ្រើសរើសមន្ត្រី ដែលមានជំនាញវិស្វករ និងសំណង់ មកបំពេញការងារក្នុងក្រសួងកសិកម្មឡើយ។

សូមទស្សនាវីដេអូ៖

លោកនាយករដ្ឋមន្រ្តី ថ្លែងនៅចំពោះមុខកម្មករ-កម្មការិនី១៨០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៩ ខែសីហា យ៉ាងដូច្នេះថា ៖«ហើយសូមយោគយល់ បងប្អូនដែលចង់ចូលយកក្របខណ្ឌសិន ហើយចាំផ្ទេរចេញ សុំកុំធ្វើបែបហ្នឹង អាណិតគេ អាណិតប្រជាពលរដ្ឋយើង…។ បើគ្រាន់តែចូលទៅយកក្របខណ្ឌតែអត់មានជំនាញ បងប្អូនធ្វើបាបគេ២ចំណុច ថាធ្វើបាបរដ្ឋាភិបាលមួយចុះ ប៉ុន្តែទី១ បងប្អូនទៅដណ្ដើមកន្លែងពីអ្នកមានជំនាញពិតប្រាកដ ដែលគេចង់បាន ហើយមានឆន្ទៈទៅធ្វើការងារ។ ហើយទី២ បងប្អូនទៅ (ធ្វើការ) តែអត់មានគោលគំនិតទៅ បងប្អូននឹងផ្ទេរចេញ(ពីក្រសួង) ហើយផ្ទេរមិនបាន អត់ទៅធ្វើការតែម្ដង អ៊ីចឹងពលរដ្ឋ ដែលខាត គឺកសិករមួយឃុំនោះ គឺខាត»។
 
សម្រាប់លោកនាយករដ្ឋមន្រ្តីថ្មីរូបនេះ ការកំណែទម្រង់មុខងាររដ្ឋបាលសាធារណៈ គឺជាអទិភាពចាំបាច់បំផុត ព្រោះត្រូវការមន្រ្តីដែលមានជំនាញច្បាស់ពិតប្រាកដ មកជួយរដ្ឋាភិបាល។ លោក ម៉ាណែត ក៏បានណែនាំដោយសង្កត់ធ្ងន់ថា តាមក្រសួង និងស្ថាប័នទាំងអស់ ត្រូវជ្រើសរើសមន្ត្រីឱ្យមានតម្លាភាព យុត្តិធម៌ និងបែងចែកមុខងារឱ្យបានត្រឹមត្រូវ ទើបអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
 
«បើរដ្ឋបាលយើង ដើរមិនត្រូវ យើងនឹងពិបាក ព្រោះដាក់គោលនយោបាយឱ្យគាត់(ក្រសួង)ច្រើន តែគាត់អត់មានមនុស្សមានជំនាញគ្រប់ គាត់ធ្វើអីកើត ហើយបន្ទោសគាត់មិនកើត។ គាត់ខំហើយ តែខំចេញតែផ្សែង»។ នេះបើតាមលោក ហ៊ុន ម៉ាណែត ដែលជំរុញឱ្យជ្រើសរើសមន្ត្រីមានជំនាញ យកមកបំប៉នបណ្ដុះបណ្ដាលបន្ថែម ដើម្បីជួយដល់ការអភិវឌ្ឍប្រទេស។

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com