ជាតិ
កម្ពុជា ស្នើកូរ៉េពង្រីកការវិនិយោគ និងបើកទីផ្សារបន្ថែមដល់ការនាំចេញកសិកម្ម
29, Aug 2023 , 7:59 pm        
រូបភាព
  លោក ហ៊ុ​ន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា (ស្ដាំ) និងលោក ឆុង វ៉ាងគឺន (Chung Hwang-Keun) រដ្ឋមន្ត្រីក្រសួងកសិកម្មកូរ៉េ ។ រូបភាព៖ Hun manet PM
លោក ហ៊ុ​ន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា (ស្ដាំ) និងលោក ឆុង វ៉ាងគឺន (Chung Hwang-Keun) រដ្ឋមន្ត្រីក្រសួងកសិកម្មកូរ៉េ ។ រូបភាព៖ Hun manet PM
ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានស្នើដល់កូរ៉េឱ្យជំរុញការវិនិយោគ និងបើកទីផ្សារដល់ការនាំចេញផលិតផលកសិកម្មកម្ពុជា បន្ថែមទៀត។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបជាមួយលោក ឆុង វ៉ាងគឺន (Chung Hwang-Keun) រដ្ឋមន្ត្រីក្រសួងកសិកម្មកូរ៉េ កាលពីថ្ងៃទី២៨ ខែសីហា។



លោក ឆុង វ៉ាងគឺន បានប្រាប់ទៅកាន់លោក ហ៊ុន ម៉ាណែត ថា កម្ពុជាមានសក្ដានុពលកសិកម្មគ្រប់គ្រាន់ ទាំងកត្តាធម្មជាតិ និងប្រជាសាស្រ្ត។ លោក សង្ឃឹមថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី នឹងធ្វើឱ្យវិស័យមួយនេះរីកចម្រើនកាន់តែខ្លាំង នាពេលអនាគត។ 
 
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានអគុណទៅកាន់រដ្ឋាភិបាលកូរ៉េ ដែលតែងតែគិតគូពីទំនាក់ទំនង និងសហប្រតិបត្តិការ ជាពិសេស ការផ្ដល់ការគាំទ្រយកចិត្តទុកដាក់ដល់ពលករកម្ពុជានៅកូរ៉េ តាមរយៈមណ្ឌលគាំពារការងារ ដែលផ្តល់សេវាគាំពារដល់កម្មករគ្រប់ប្រទេស ដោយរាប់ទាំងពលករកម្ពុជាផងដែរ។ ចំពោះ វិស័យកសិកម្មវិញ លោក បានស្នើភាគីកូរ៉េឱ្យជំរុញការវិនិយោគបន្ថែម ដើម្បីបម្រើឱ្យការនាំចេញ។ 
 
មិនខុសពីលោក ហ៊ុន ម៉ាណែត ប៉ុន្មានទេ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអរគុណដល់រដ្ឋាភិបាលកូរ៉េ ចំពោះកិច្ចសហប្រតិបត្តិការពេលកន្លងមក និងការផ្ដល់ជំនួយផ្សេងៗក្នុងវិស័យកសិកម្ម។ លោក សង្ឃឹមថា កូរ៉េនឹងបើកទីផ្សារនាំចេញស្វាយកម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត នាពេលខាងមុខ។
 
តាំងពីសង្គ្រាមស៊ីវិលផ្ទៃក្នុងរលត់ទៅ កម្ពុជាបានប្រែក្លាយយ៉ាងលឿនពីប្រទេសដែលខ្វះខាតស្បៀង មកជា ប្រទេសដែលមានសន្តិសុខស្បៀង និងឈានដល់ការនាំចេញស្បៀងទៅកាន់ទីផ្សារអន្តរជាតិ ថែមទៀត។ នេះជាការរដ្ឋមន្រ្តី លើកឡើងរបស់ លោក ឌិត ទីណា ប្រាប់ទៅកាន់ លោក ឆុង វ៉ាងគឺន៕ 
 

Tag:
 ហ៊ុន ម៉ាណែត
  ឌិត ទីណា
  Chung Hwang-Keun
© រក្សាសិទ្ធិដោយ thmeythmey.com