កីឡាជាតិ
ជាតិ
អគ្គលេខាធិការ៖​ លេងកីឡាអេឡិចត្រូនិកត្រឹមត្រូវ គឺមិនប៉ះពាល់ការសិក្សា ការងារ និងសង្គម
29, Aug 2023 , 9:59 pm        
រូបភាព
ការប្រកួតរបស់ Burn X Flash ក្នុងព្រឹត្តិការណ៍ MCS
ការប្រកួតរបស់ Burn X Flash ក្នុងព្រឹត្តិការណ៍ MCS
ការលេងហ្គេមអេឡិចត្រូនិក តាមទូរសព្ទដៃ កុំព្យូទ័រ និងឧបករណ៍មួយចំនួន ពេញនិយមខ្លាំងនៅក្នុងកម្ពុជា និងនៅតាមបណ្ដាលប្រទេសមួយចំនួន លើពិភពលោក នាពេលបច្ចុប្បន្ន។ ហ្គេមអេឡិចត្រូនិកទាំងនោះ ត្រូវបានអភិវឌ្ឍ ចងក្រងច្បាប់ គោលការណ៍ នៃការប្រកួតបានត្រឹមត្រូវ ក្នុងនោះ រាប់បញ្ចូលទាំងការប្រកួត ដែលប្រកបដោយយុត្តិធម៌ (គោលការណ៍ Fair-Play)។ លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិកកម្ពុជា ពន្យល់ថា ការលេងកីឡាអេឡិចត្រូនិកត្រឹមត្រូវ គឺត្រូវចេះ កំណត់ពេលវេលាច្បាស់លាស់ ដោយមិនឲ្យប៉ះពាល់ ការសិក្សា និងការងារប្រចាំថ្ងៃ។ លោក សាមឌី បន្ថែមទៀតថា កីឡា គឺមានក្បួនច្បាប់ច្បាស់លាស់ និងការប្រកួតប្រកបដោយ Fair-Play យ៉ាងត្រឹមត្រូវ។



សកម្មភាពលេងហ្គេម ដោយប្រើប្រាស់លើកុំព្យូទ័រ ឬចាក់ឌីសភ្ជាប់ជាមួយ LCD គឺមានតាំងពីឆ្នាំ១៩៧២។ នេះ បើយោងទៅលើ ការផ្សាយនៃសាកលវិទ្យាល័យ Southern Illinois University នៃសហរដ្ឋអាម៉េរិក។ ដោយសារតែការអភិវឌ្ឍនៃបច្ចេកវិទ្យាទំនើប ហ្គេមកម្សាន្ដទាំងនោះ ត្រូវបានដាក់ដំណើរការលើទូរសព្ទដៃទំនើប (Smart Phone)។ 
 
ដោយឡែក នៅក្នុងឆ្នាំ២០១៧ គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (International Olympic Committee ឬ IOC) បានទទួលស្គាល់ ការប្រកួតហ្គេមទាំងនេះ គឺជាសកម្មភាពកីឡាមួយ នៅក្នុងកិច្ចប្រជុំកំពូលអូឡាំពិក លើកទី៦។ នេះ បើតាមការផ្សាយរបស់ IOC កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១​៧។ 

អ្នកគាំទ្រកីឡាអេឡិចត្រូនិក ទស្សនាការប្រកួត MSC
 
ក្នុងប្រទេសកម្ពុជា ២០ភាគរយ នៃប្រជាជន ១៦លាននាក់ គឺជាអ្នកលេងកីឡាអេឡិចត្រូនិក។ ហ្គេមកីឡាអេឡិចត្រូនិក ពេញនិយមខ្លាំងនៅកម្ពុជា មានដូចជា៖ Mobile Legend Bang Bang, Free Fire, Pug Mobile, Rules of Survival, Dota II, League of Legend...។ ប្រភេទហ្គេមទាំងនេះ មិនត្រឹមតែពេញនិយមក្នុងប្រទេសកម្ពុជាទេ ប៉ុន្ដែក៏មានការលេងជាច្រើន នៅក្នុងតំបន់អាស៊ានផងដែរ។ ក្នុងឆ្នាំ២០១៩ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលធ្វើរាល់ ២ឆ្នាំម្ដង ម្ចាស់ផ្ទះហ្វីលីពីន បានដាក់វិញ្ញាសាប្រកួតកីឡាអេឡិចត្រូនិក ហើយក៏បានបន្ដមកដល់ ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។
 
លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិកត្រូនិកកម្ពុជា បានពន្យល់ថា ហ្គេមកម្សាន្ដ គឺមានលក្ខណៈខុសពីកីឡាអេឡិចត្រូនិក។ «ពាក្យហ្គេម គឺជាល្បែងមួយ គេ លេងទូទៅបាន គឺអត់មានគិតពីការប្រកួតប្រជែង លក្ខណៈ Fair-Play ទេ។ វា ប្រកួតប្រជែងលើអ្វី ក៏ដោយ ឲ្យតែឈ្នះ ដោយមិនគិតពីសមត្ថភាព និងបច្ចេកទេសឡើយ។ ប៉ុន្ដែ កីឡាអេឡិចត្រូនិក យើងនិយាយពីសមត្ថភាព នោះមានន័យថា គោលការណ៍ Fair-Play។ ឧទាហរណ៍ ដូច Mobile Legend ចឹងពេលចូលប្រកួត ទោះជាតួរអង្គអី ក៏មានស័ក្ដិស្មើគ្នាដែរ។ អ៊ីចឹង អ្នកណាខ្លាំងជាង អ្នកនោះឈ្នះ។ អ្នកណា រៀបចំក្រុមបានល្អជាង អ្នកហ្នឹងឈ្នះ។ នេះស្របតាមពាក្យស្លោកអូឡាំពិក «ខ្ពស់ជាង លឿនជាង ខ្លាំងជាង»។»។ អគ្គលេខាធិការរូបនេះ បានពន្យល់ដូច្នេះ។
តើការលេងកីឡានេះ បែបណា ទើបមិនប៉ះពាល់ដល់ការសិក្សា ការងារប្រចាំថ្ងៃ និងមិនក្លាយជាបញ្ហាដល់សង្គម?
 
លោក ផាន់ ឌីណា អ្នកលក់ការហ្វេ នៅភូមិស្ទឹងមានជ័យ១ បានប្រាប់ពីបទពិសោធន៍ផ្ទាល់ខ្លួន ដែលរូបលោកជាអ្នកលេង Mobile Legend ថា រូបលោក លេងតែពេលទំនេរទេ ហើយលេងតែ ១ប្រកួតប៉ុណ្ណោះ ព្រោះគ្រាន់ជាការកម្សាន្ដ។ អ្នកលក់ការហ្វេរូបនេះ យល់ឃើញថា ហ្គេមកម្សាន្ដអេឡិចត្រូនិក អាចធ្វើឲ្យក្មេងៗ ជក់ខ្លាំងរហូត ដល់ភ្លេចការសិក្សារ ប្រសិនជាពួកគេ មិនចេះគ្រប់គ្រងពេលវេលា បានល្អ ប៉ុន្ដែ បើក្មេងទាំងនោះ លេងគ្រាន់តែកម្សាន្ដ បន្ទាប់ពីធ្វើកិច្ចការសាលា ឬកិច្ចការផ្ទះរួច នោះមិនមានបញ្ហាអ្វីទេ។ 
 
«ខ្ញុំ គ្រាន់តែលេងពេលទំនេរទេ។ សិស្សសាលា បើគាត់លេង រហូតភ្លេចម៉ោងរៀន គឺមិនល្អទេ ប៉ុន្ដែ បើលេងគ្រាន់តែអផ្សុក និងលេងក្រោយពេលចប់ការងារ នោះមិនមានបញ្ហាអីទេ។ វា សំខាន់លើពួកគាត់ចេះ កំណត់ពេលលេង ខ្លួនឯង។»។ លោក ផាន់ ឌីណា បានប្រាប់ដូច្នេះ៕
 

Tag:
 កីឡាអេឡិកត្រូវនិច
  លន់ សាមឌី
© រក្សាសិទ្ធិដោយ thmeythmey.com