ជាតិ
កម្ពុជា បើកផ្លូវឱ្យតំណាងក្រុមហ៊ុន Facebook បន្តការងារនៅកម្ពុជាឡើងវិញ
29, Aug 2023 , 9:58 pm        
រូបភាព
កម្ពុជា បានបើកផ្លូវឱ្យតំណាងក្រុមហ៊ុន Facebook បន្តបំពេញការងារនៅកម្ពុជាឡើងវិញ។ ការបើកភ្លើងខៀវវិញ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Meta Platform Inc. នេះ មិនពិន័យលើ Facebook ផ្លូវការរបស់សម្តេច ហ៊ុន សែន តាមសំណើរបស់សមាជិកក្រុមប្រឹក្សាត្រួតពិនិត្យ។  នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៩ សីហានេះ។



តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាត់ទុកការសម្រេចនេះថា ជាការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន Meta ហើយក៏បានញ្ជាក់ពីសុចរិតភាព នៃការផ្សព្វផ្សាយមាតិកាព័ត៌មានលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្ដេច ហ៊ុន សែន។ ទោះយ៉ាងណាក្តី កម្ពុជា នៅតែប្រកាន់ជំហរមិនស្វាគមន៍ សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ នៃក្រុមហ៊ុន Meta ទាំង២២រូប ដដែល។ 
 
សូមជម្រាបថា ក្រុមប្រឹក្សាភិបាល (Oversight Board) ក្រុមហ៊ុន Meta កាលពីថ្ងៃទី២៩ ខែមិថុនា បានអំពាវនាវឱ្យព្យួរទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន រយៈពេល៦ខែ ពាក់ព័ន្ធនឹងវីដេអូមួយ ដែលត្រូវបានវាយតម្លៃថា បានរំលោភវិធានរបស់ក្រុមហ៊ុនស្តីពីការគំរាមកំហែងហិង្សា។ បន្ទាប់ពីរឿងរ៉ាវ​នេះ កម្ពុជា បានបណ្តេញតំណាងក្រុមហ៊ុន Meta និងបញ្ឈប់សកម្មភាពការងារទាំងអស់នៅកម្ពុជា។ ជាមួយគ្នានេះ កម្ពុជា ក៏ប្រកាសថា សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Meta ទាំង២២រូបនោះ ជាបុគ្គលដែលមិនត្រូវបានស្វាគមន៍ផងដែរ។ ​កម្ពុជា ​​ចាត់ទុកអនុសាសន៍របស់បុគ្គលទាំង២២រូបនោះ ថាមានចរិតនយោបាយ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com