ជាតិ
កម្មវិធី«តំបន់» របស់ World Vision បានបន្សល់ទុកសមិទ្ធផលយ៉ាងច្រើន ដល់ពលរដ្ឋខេត្តព្រះវិហារ
30, Aug 2023 , 9:59 am        
រូបភាព
ភ្នំពេញ៖ អង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision) បានប្រកាសបិទបញ្ចប់កម្មវិធី «តំបន់» ក្នុងស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារហើយ បន្ទាប់ពីចំណាយពេលអស់១៨ឆ្នាំ។ ដ្បិតកម្មវិធីនេះបានបញ្ចប់ តែ World Vision បានបន្សល់ទុកសមិទ្ធផលយ៉ាងច្រើន ដល់ពលរដ្ឋខេត្តព្រះវិហារ។



កម្មវិធី «តំបន់» ក្នុងស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារ ខេត្តព្រះវិហារ ដំណើរការតាំងពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីផ្ដល់ការគាំទ្រសហគមន៍ ជាពិសេសលើកកម្ពស់សុខុមាលភាពរបស់កុមារ លើគោលដៅ១៤ ភូមិ ឱ្យមានភាពប្រសើរឡើង។ ដ្បិតកម្មវិធីនេះ បានបិទបញ្ចប់ ប៉ុន្តែ World Vision បានបន្សល់ទុកនូវសមិទ្ធផលជាច្រើន ជាមួយអង្គការដៃគូពាក់ព័ន្ធ និងស្ថាប័នផ្សេងៗទៀត ព្រមទាំងបានកសាងស្នាដៃនៅតាមបណ្តាសាលារៀន ភូមិ សង្កាត់ ក្នុងក្រុងព្រះវិហារ ផងដែរ។ 
  


តាមរយៈគម្រោងចំនួន៨ កន្លងមក World Vision បានបន្សល់ទុកអណ្តូងទឹកនៅក្នុងភូមិ និងសាលារៀនចំនួន  ៨៤៧កន្លែង, បង្គន់អនាម័យ ក្នុងសាលារៀន និងសហគមន៍ ៣០៩០កន្លែង,ស៊ីទែនទឹក តាមសាលារៀន និងសហគមន៍ ៦៩កន្លែង, ស្ថានីយ៍លាងដៃ៦កន្លែង, អាងស្តុកទឹក៤២២កន្លែង។ ការសាងសង់ និងជួសជុលអាគារសិក្សា១៧កន្លែង, សាងសង់បណ្ណាល័យតាមសាលារៀន៤កន្លែង និងបង្កើតក្លឹបកុមារ ចំនួន៣កន្លែង។
 
ក្រៅពីសមទ្ធិផលទាំងសំខាន់ៗទាំងនេះ ក៏នៅមានសកម្មភាពឆ្លើយតបនឹងការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន សម្រាប់ក្រុងព្រះវិហារមួយចំនួនដូចជា ការបង្កើតគណកម្មការទ្រទ្រង់សាលារៀន, ផ្តល់សម្ភារក្នុងបណ្ណាល័យ និងសម្ភារសិក្សាតាមសាលារៀន។ បង្កើតគណកម្មការអនាម័យតាមភូមិ, ផ្តល់ពាងទឹក, ធុងទឹក, ធុងចម្រោះទឹកស្អាត។ ពិសេស ផ្តល់វគ្គបណ្តុះបណ្តាលចិញ្ចឹមសត្វ និងបច្ចេកទេសដាំបន្លែ និងផ្តល់សម្ភារប្រើប្រាស់ផ្សេងៗដល់ពលរដ្ឋក្នុងមូលដ្ឋាន៕  
 


Tag:
 កម្មវិធីតំបន់
  World Vision
  ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com