អន្តរជាតិ
ញូវដែលីតវ៉ាជាមួយប៉េកាំង ជុំវិញផែនទីថ្មីដែលបញ្ចូលទឹកដីឥណ្ឌាជារបស់ចិន
30, Aug 2023 , 3:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ក្រសួងការបរទេសឥណ្ឌា នៅថ្ងៃទី២៩ ខែសីហា ដាក់ការតវ៉ាជាមួយចិនលើផែនទីរបស់ចិនថ្មី ដែលបានរួមបញ្ចូលដែនដីរបស់ខ្លួន។ នេះជាភាពចម្រូងចម្រាសថ្មីមួយទៀត លើបញ្ហាចាស់រវាងរដ្ឋាភិបាលក្រុងញូវដែលី និងក្រុងប៉េកាំង



សារព័ត៌មានចិន Global Times នៅថ្ងៃទី២៨ ខែសីហា បានបញ្ចេញផែនទីចិនថ្មីមួយ ដោយអះអាងថា ជាផែនទីស្តង់ដាចិនសម្រាប់ឆ្នាំ២០២៣។ ក្នុងផែនទីនោះ ចិនបានបញ្ចូលដែនដីតំបន់ចំនួនពីរដែលឥណ្ឌាចាត់ទុកជារបស់ខ្លួនក្នុងនោះមានដូចជារដ្ឋ  Arunachal Pradesh និងច្រកយុទ្ធសាស្រ្ត Aksai Chin។ 
 
ក្រោយការបញ្ចេញផែនទីនេះ ក្រសួងការបរទេសឥណ្ឌា បានប្រតិកម្មយ៉ាងខ្លាំង និងបានដាក់ការតវ៉ាជាមួយភាគីចិន។ 
 
«ថ្ងៃនេះ យើងបានដាក់ការតវ៉ាដ៏ខ្លាំងមួយតាមរយៈមធ្យោបាយការទូតជាមួយភាគីចិន លើផែនទីស្តង់ដាឆ្នាំ ២០២៣ ដែលបានទាមទារយកដែនដីឥណ្ឌា»។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Arindam Bagchi បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី២៩ ខែសីហា ដោយចាត់ទុកផែនទីរបស់ចិនថ្មីនោះ គ្មានមូលដ្ឋានត្រឹមត្រូវ។ 
 
ជុំវិញបញ្ហានេះ មន្រ្តីក្រសួងការបរទេសឥណ្ឌារូបនេះ បានចាត់ទុកចំណាត់ការរបស់ចិន ជាសកម្មភាពឯកតោភាគី និងធ្វើឱ្យស្មុគស្មាញដល់សេចក្តីសម្រេចទាំងឡាយពាក់ព័ន្ធនឹងបញ្ហាព្រំដែនប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។ 
 
ក្នុងថ្ងៃដដែលនោះ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar ក៏បានច្រានចោលការទាមទាររបស់ភាគីចិនផង។ បើតាមប្រមុខការទូតឥណ្ឌារូបនេះ ការទាមទារដែនដីដ៏ធំរបស់ឥណ្ឌា មិនអាចធ្វើឱ្យវាអាចក្លាយជាដែនដីរបស់ចិនឡើយ។ 
 
ចិន និងឥណ្ឌា មានព្រំដែនជាមួយគ្នាប្រមាណ ៣៤៨៨គីឡូម៉ែត្រ ដែលមិនទាន់វាស់ឱ្យបានត្រឹមត្រូវឡើយ ខណៈតាំងពីដើមមក ភាគីទាំងពីរ បានប្រើប្រាស់ខ្សែបន្ទាត់គ្រប់គ្រងជាក់ស្តែង (LAC) ប៉ុណ្ណោះ ដើម្បីបែងចែកព្រំដែនប្រទេសទាំងពីរ។ 
 
កន្លងមក ចិនបានទាមទារ​រដ្ឋ Arunachal Pradesh ជាផ្នែកមួយរបស់តំបន់ទីបេ។ ចំណែក តំបន់ខ្ពង់រាប និងជាច្រកយុទ្ធសាស្រ្ត Aksai Chin កំពុងស្ថិតក្រោមគ្រប់គ្រងដោយចិនស្រាប់ ហើយទាមទារដោយឥណ្ឌា។ 
 
ការបញ្ចេញផែនទីខាងលើ ធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយជំនួបរវាងលោក នារិន្ទ្រា ម៉ូឌី បានសន្ទនារយៈពេលខ្លីជាមួយប្រធានាធិបតីចិន លោកស៊ី ជិនភីង នៅអាហ្វ្រិកខាងត្បូង ក្នុងកិច្ចប្រជុំកំពូល BRICS ជុំវិញបញ្ហាព្រំដែន។ 
 
សូមបញ្ជាក់ថា ទំនាក់ទំនងរដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងញូវដែលី តែងតែមានភាពរកាំរកូសជាមួយគ្នា ចាប់តាំងពីមានការប៉ះទង្គិចនៅតំបន់ព្រំដែន ដែលបង្កឱ្យមានទាហានស្លាប់ នៅក្នុងឆ្នាំ២០២០ កន្លងមក៕
 

Tag:
 ចិន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com