ជាតិ
សិស្សបាក់ឌុប បានទិន្ទេស A B C អាចចូលធ្វើគ្រូបង្រៀន ដោយមិនបាច់ប្រឡង
30, Aug 2023 , 4:59 pm        
រូបភាព
សិស្សត្រៀមចូលប្រឡងនាពេលកន្លងមក។
សិស្សត្រៀមចូលប្រឡងនាពេលកន្លងមក។
ភ្នំពេញ៖ ក្រសួងអប់រំ យុវជននិងកីឡា កែទម្រង់ឱ្យសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A, B, C មានសិទ្ធិអាចចូលបង្រៀនបាន ហើយសិស្សផ្សេងទៀត ត្រូវឆ្លងកាត់ការប្រឡងជ្រើសរើស។

 
យោងតាមការសម្រួចអាទិភាព នៃកំណែទម្រង់វិស័យអប់រំ សម្រាប់ឆ្នាំ២០២៣-២០២៨ របស់ក្រសួងអប់រំ បង្ហាញពីការកំណត់កូតាសម្រាប់ «សិស្សនិទ្ទេស A, B, C ដើម្បីជ្រើសរើសចូលធ្វើគ្រូបង្រៀន» ដោយឆ្លងកាត់ការវាយតម្លៃតាមលំដាប់ពិន្ទុប្រឡង។ ដោយឡែក កូតានៅសល់សម្រាប់បេក្ខជនផ្សេងទៀត ត្រូវឆ្លងកាត់ការប្រឡង ក្រោមការដឹកនាំដោយក្រុមការងារថ្នាក់ជាតិ និងចូលរួមពីតំណាងទីស្ដីការគណៈរដ្ឋមន្ត្រី។ 
 
កំណែទម្រង់វិស័យអប់រំ សម្រាប់ឆ្នាំ២០២៣-២០២៨ លើការអភិវឌ្ឍគ្រូបង្រៀនតាមរយៈកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ បានដាក់កំហិត ឱ្យអនុវត្ត «វិធានការម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកអប់រំ» ដោយទប់ស្កាត់មិនឱ្យមានករណីអន្តរាគមន៍ឡើយ។ ជាមួយគ្នាដែរ ក្រសួងនឹងរៀបចំ រង្វាន់លើកទឹកចិត្តគ្រូល្អ និងនាយកល្អ តាមរយៈប្រាក់លើកទឹកចិត្ត។ 
 
ដោយឡែក បញ្ហាលើសនិងខ្វះគ្រូបង្រៀន ក្រសួងនឹងរៀបចំយន្តការដោះស្រាយ ដោយផ្ដោតលើការគ្រប់គ្រង គ្រូដែលមានស្រាប់ ប្រកបដោយប្រសិទ្ធភាព ជាជាងផ្ដោតលើការជ្រើសរើសគ្រូថ្មី។ លើសពីនេះ ក្រសួងនឹងពិនិត្យឡើងវិញ ពីការឧបត្ថម្ភសម្រាប់តំបន់ដាច់ស្រយាល និងតំបន់លំបាក ដោយយកគម្រោងតាមតំបន់នីមួយទៅសិក្សា និងរៀបចំក្រុមការងារ។ នេះបើតាមកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨ របស់ក្រសួងអប់រំ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com