អន្តរជាតិ
នាយករដ្ឋមន្រ្តីថ្មី​ សន្យាកាត់បន្ថយថ្លៃថាមពល ក្រោយរដ្ឋាភិបាលថ្មីកាន់តំណែង
30, Aug 2023 , 6:19 pm        
រូបភាព
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព Twiiter Srettha Thavisin
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព Twiiter Srettha Thavisin
នាយករដ្ឋមន្រ្តីថៃថ្មី លោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី៣០ ខែសីហា បានសន្យាកាត់បន្ថយតម្លៃថាមពល បន្ទាប់ពីរដ្ឋាភិបាលថ្មីចូលកាន់តំណែង។ ការបញ្ជាក់បែបនេះ ធ្វើឡើងក្រោយមេដឹកនាំថៃថ្មីរូបនេះ បានជួបជាមួយរដ្ឋមន្រ្តីថាមពលផុតអាណត្តិ លោក Supattanapong Punmeechaow។



ពីក្នុងសភានៅថ្ងៃទី៣០ ខែសីហា លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃទី៣០ ត្រូវបានអ្នកសារព័ត៌មានសួរសំណួរពាក់ព័ន្ធនឹងតម្លៃថាមពលនៅក្នុងប្រទេស។ ជាការឆ្លើយតប លោក សេដ្ឋា បានអះអាងថា គណៈរដ្ឋមន្រ្តីរបស់លោក នឹងកាត់បន្ថយតម្លៃថាមពលឱ្យបានឆាប់រហ័ស បន្ទាប់ពីរដ្ឋបាលរបស់លោក ចូលកាន់ការងារ។ 
 
ការសន្យាខាងលើធ្វើឡើងក្រោយលោកសេដ្ឋា បានជួបជាមួយលោក Supattanapong Punmeechaow រដ្ឋមន្រ្តីថាមពលផុតអាណត្តិ និងក្រុមសេដ្ឋកិច្ចរបស់បក្សជាតិថៃរួបរួម នៅសភា ក្នុងថ្ងៃទី៣០ ខែសីហា។ បក្សជាតិថៃរួបរួម ក៏ជាផ្នែកមួយនៃសម្ព័ន្ធបក្សនយោបាយដឹកនាំដោយបក្សភឿថៃដែរ ហើយរដ្ឋមន្រ្តីថាមពលថៃថ្មី ក៏ចេញពីបក្សនេះដែរ។  លោក Pirapan Salirathaviphak កាន់តំណែងជាឧបនាយករដ្ឋមន្រ្តី​ និងរដ្ឋមន្រ្តីថាមពលថ្មី។
 
កន្លងមក ថៃបានកំណត់ពន្ធលើអគ្គិសនីប្រមាណ ០,១៥ដុល្លារ ហើយអត្រានេះ នឹងមានសុពលភាពរហូតដល់ដំណាច់ខែសីហា។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
ចាប់តាំងពីឆ្នាំ២០២១ មកអាជ្ញាធរអគ្គិសនីថៃ បានផ្តល់ការគាំទ្រលើការចំណាយថ្លៃអគ្គិសនី។ ឧបត្ថម្ភកធននេះ បានធ្វើឱ្យថៃខាតបង់ប្រាក់ប្រមាណជាង ៣ពាន់លានដុល្លារ៕ 
 

Tag:
 ថៃ
  ថាមពល
© រក្សាសិទ្ធិដោយ thmeythmey.com