ជាតិ
ក្រសួងធនធានទឹក ​ឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះរលកសមុទ្រខ្ពស់ៗ​ពី​ថ្ងៃទី១-៤កញ្ញា
31, Aug 2023 , 7:59 am        
រូបភាព
លិចទូកនេសាទ នៅកោះថាស ខេត្តព្រះសីហនុ កាលពីឆ្នាំ២០២០។ រូបភាព៖ លោក ជួន ណារិន្ទ
លិចទូកនេសាទ នៅកោះថាស ខេត្តព្រះសីហនុ កាលពីឆ្នាំ២០២០។ រូបភាព៖ លោក ជួន ណារិន្ទ
ភ្នំពេញ៖ នៅផ្ទៃសមុទ្រ អាចមានខ្យល់បោកបក់ និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី១-៤កញ្ញា ដោយសារឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយលើភាគខាងជើងប្រទេសថៃ ឡាវ និង​វៀត​ណាម គួបផ្សំឥទ្ធិពលខ្សោយពីព្យុះទីហ្វុងឈ្មោះថា«សាវឡា»។ ក្រសួង​ធន​ធាន​ទឹក បាន​ប្រាប់ឱ្យ​ទេសចរ និងអ្នកនេសាទ ប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិនេះ ខណៈ​ដែល ឥទ្ធិពលនេះ នឹងធ្វើឱ្យ​កម្ពុជា បន្តមានធ្លាក់ភ្លៀងរហូតដល់ថ្ងៃទី២ ខែកញ្ញា។ ចំណែកនៅ​តំបន់​សមុទ្រ ​អាចអូសបន្លាយ​ដល់ថ្ងៃ​ទី​៤ ខែកញ្ញា។

 
បើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែសីហា ឥទ្ធិពល​ប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយលើភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម និង​ឥទ្ធិពលខ្សោយពីព្យុះទីហ្វុងឈ្មោះថា«សាវឡា» ​ នឹងធ្វើឱ្យ​តំបន់ទំនាបកណ្ដាល និងតំបន់​ខ្ពង់រាប មានភ្លៀងធ្លាក់ក្នុងកម្រិតតិច ទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់​។
 
ចំណែ​ក តំបន់មាត់សមុទ្រ​ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើន លាយ​ឡំ​ដោយ​ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ រីឯនៅផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បោកបក់ និងរលក​បង្គួរ​៕   
 
 

Tag:
 ក្រសួងធនធានទឹក
  អាកាសធាតុ
  រលកសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com