ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន អបអរលោក ថាក់ស៊ីន ដែលត្រូវបានព្រះមហាក្សត្រថៃ បន្ថយទោសមកត្រឹម១ឆ្នាំវិញ 
×![]()
សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសារបង្ហាញពីអារម្មណ៍សប្បាយចិត្ត ទៅកាន់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ ដែលត្រូវបានព្រះមហាក្សត្រ បន្ថយទោសពី៨ឆ្នាំ មកត្រឹម១ឆ្នាំវិញ នៅថ្ងៃទី១ កញ្ញានេះ។
«ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបាន ព្រះមហាក្សត្រថៃ សម្រេចព្រះទ័យ បន្ធូរបន្ថយទោសពីជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ មកនៅត្រឹមតែ១ឆ្នាំវិញ»។ នេះជាសាររបស់សម្ដេច ហ៊ុន សែន ដែលបានបង្ហោះនៅក្នុងតេឡេក្រាម។
ជារយៈពេលមួយដ៏រហ័ស លោក លោកថាក់ស៊ីន ស៊ីណាវ៉ាត់អតីតនាយករដ្ឋមន្រ្តីថៃ ត្រូវបានមហាក្សត្រ កាត់បន្ថយទោសពី ៨ឆ្នាំមក ១ឆ្នាំ ក្រោយពីមានការដាក់សំណើជាផ្លូវការទៅរដ្ឋមន្រ្តីយុត្តិធម៌។ លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីផុតអាណត្តិ ជាអ្នកស្នើលើកលែងទោសទៅមហាក្សត្រថៃ។
ការលើកលែងទោសនេះ ធ្វើឡើងនៅក្នុងថ្ងៃ រដ្ឋមន្រ្តីយុត្តិធម៌ផុតអាណត្តិលោក Wissanu Krea-ngam បានបញ្ជាក់ពីការទទួលបានសំណើសុំលើកលែងទោសពីលោកថាក់ស៊ីន។ ពេលនេះ លោកថាក់ស៊ីន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប៉ូលិស ក្នុងក្រុងបាងកក ក្រោយលោកឈឺដើមទ្រូង និងសម្ពាធឈាមឡើងខ្ពស់។
សូមបញ្ជាក់ថា តុលាការកំពូលថៃ បានសម្រេចឱ្យលោកថាក់ស៊ីន ជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ដោយសារតែការរំលោភអំណាច, ការផ្តល់ប្រាក់កម្ចីឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា និងទំនាស់ផលប្រយោជន៍ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com