កីឡាអន្តរជាតិ
អន្តរជាតិ
អាស៊ានជំរុញការរៀបចំលក្ខណៈសម្បត្តិដេញថ្លៃ ធ្វើម្ចាស់ផ្ទះ World Cup 2034
03, Sep 2023 , 1:59 pm        
រូបភាព
អាស៊ាន បានលើកយកពីការដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក World Cup 2034 មកពិភាក្សាក្នុងចំណោមរបៀបវារៈផ្សេងៗទៀត នៅក្នុងកិច្ចប្រជុំឧត្តមមន្រ្តីកីឡា-រដ្ឋមន្រ្តីកីឡាអាស៊ាន នៅទីក្រុងឈៀងមៃ​ ប្រទេសថៃ ចាប់ពីថ្ងៃទី២៦ សីហា ដល់ដល់ថ្ងៃទី១ កញ្ញា។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលបានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំនេះ បានបញ្ជាក់ថា អាស៊ាន នឹងខិតខំជំរុញ និងសិក្សាស្រាវជ្រាវបន្ថែមទៀត លើការរៀបចំលក្ខណៈសម្បត្តិដេញថ្លៃ FIFA World Cup 2034 ដោយប្រើយន្តការក្រុមការងារបច្ចេកទេសរបស់អាស៊ាន ដែលបានបង្កើតរួចហើយ និងបន្តរៀបចំអនុស្សារណៈរវាងអាស៊ាន និង FIFA ឡើងវិញ។
 
លោក វ៉ាត់ ចំរើន ដែលទើបតែត្រឡប់មកពីកិច្ចប្រជុំឧត្តមមន្រ្តីកីឡា-រដ្ឋមន្រ្តីកីឡាអាស៊ាន នាប្រទេសថៃកាលពីថ្ងៃទី២ កញ្ញា បានបញ្ជាក់ថា៖« អង្គប្រជុំលើកឡើងពីពហុកីឡដ្ឋានជាតិមរតកតេជោ មានស្តង់ដារខ្ពស់ទំនើបល្អ អាចជាសក្ខីកម្មជាវិជ្ជមានសម្រាប់ការដាក់ដេញថ្លៃ FIFA World Cup 2034 បាន»។
 
តែក្នុងន័យនេះ ពហុកីឡដ្ឋានជាតិមរតកតេជោ អាចរៀបចំបានត្រឹមតែការប្រកួតប៉ុណ្ណោះ ប៉ុន្តែមិនអាចរៀបចំពិធីបើក-បិទ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2034 បានឡើយ ដោយសារតែពហុកីឡដ្ឋានថ្មីនេះ មិនអាចផ្ទុកមនុស្សច្រើន តាមស្ដង់ដា។ បើតាមលក្ខខណ្ឌរបស់ FIFA ប្រទេសដែលរៀបចំពិធីពិធីបើក-បិទ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ត្រូវមានពហុកីឡដ្ឋាន ដែលអាចចំណុះមនុស្សចូលរួមទស្សនា ចាប់ពី៨ម៉ឺននាក់ឡើងទៅ ។ ចំណែកពហុកីឡដ្ឋានជាតិមរតកតេជោ អាចផ្ទុកមនុស្សទស្សនា បានត្រឹម៦ម៉ឺននាក់ប៉ុណ្ណោះ។ នេះបើតាមលោក វ៉ាត់ ចំរើន។
 
ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានចំណាយថវិកាសាងសងអស់ជាង១៥០លានដុល្លារ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន លើទំហំផ្ទៃដីជាង ៨៥ហិកតា មានទីតំាងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនេះ ។ ពហុកីឡដ្ឋានេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៧ និងសាងសង់រួរាល់ជាស្ថាបពរ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ កីឡដ្ឋានលំដាប់អន្តរជាតិនេះ អាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនត្រឹមរយៈពេល៧នាទី ក្នុងករណីមានហានិភ័យអ្វីកើតឡើង។
 
ក្រៅពីលើកឡើងទាក់ទងនឹងការដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក World Cup 2034នេះ​ រដ្ឋមន្រ្តីកីឡាអាស៊ាន ក៏បានសម្រេចចេញសេចក្តីប្រកាសរួមផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការណ៍លើវិស័យអប់រំកាយ និងកីឡា ផ្សេងទៀតដែរ។ ក្នុងនោះមានដូចជា​ ផែនការសកម្មភាពកីឡាអាស៊ាន ២០១២-២០២៥ ត្រូវបានរដ្ឋសមាជិកអនុវត្តបាន៦០ភាគរយ លើការជំរុញសកម្មភាពអប់រំកាយ និងកីឡាដល់សហគមន៍ និងតាមគ្រឹះស្ថានអប់រំ ។ 
 
 អាស៊ានបេ្តជ្ញាខិតខំសហការលើការប្រយុទ្ធប្រឆាំងសារធាតុលើកកម្លាំងក្នុងកីឡា Doping ដោយពង្រឹងការគោរព និងអនុវត្តច្បាប់ប្រឆាំងសារធាតុ Doping ដើម្បីផ្តល់គុណតម្លៃលើភាពស្អាតស្អំ និងយុត្តិធម៌ក្នុងសកម្មភាពកីឡា។ អាស៊ានឱ្យតម្លៃលើការរួមគ្នាអភិរក្ស និងអភិវឌ្ឍកីឡាប្រពៃណី និងអត្តសញ្ញាណជាតិនីមួយៗ ដោយសហការជាមួយអង្គការ UNESCO ។ ក្នុងនោះកម្ពុជាក៏បានសន្យាបន្តរៀបចំសកម្មភាពកីឡា ប្រណាំងទូកប្រពៃណី កីឡាគុនខ្មែរ និងកីឡាគុនល្បុក្កតោ ឱ្យសកម្មបន្ថែមទៀត។ 
 
អាស៊ានលើកកម្ពស់ការចូលរួមរបស់ស្រ្តីក្នុងសកម្មភាពកីឡា ដោយគោរពគោលការណ៍ សមភាពយេនឌ័រ។  អាស៊ាន ខិតខំបន្តរៀបចំកំណត់ស្តង់ដា​អាំងឌីកាទ័រអប់រំកាយអាស៊ាន ដើម្បីផ្តល់សុខុមាលភាពដល់ប្រជាជាតិអាស៊ាន។ ជាពិសេសបន្តជំរុញការរៀបចំមជ្ឈមណ្ឌលឧត្តមភាពកីឡាអាស៊ាន ដើម្បីជួយបណ្តុះបណ្តាលកីឡាកម្រិតខ្ពស់តាមបរិបទវិទ្យាសាស្រ្តកីឡាបច្ចុប្បន្ន៕
 

Tag:
 វ៉ាត់ ចំរើន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com