ជាតិ
មុនចេញទៅប្រជុំអាស៊ាននៅឥណ្ឌូណេស៊ី សម្ដេច ហ៊ុន ម៉ាណែត ក្រើនរំឭករដ្ឋមន្រ្តី បែងចែកការងារឱ្យច្បាស់លាស់ នៅសប្ដាហ៍ក្រោយ
03, Sep 2023 , 2:19 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចេញសារសំឡេងមួយ ដោយបានក្រើនរំឭករដ្ឋមន្រ្តីណា ដែលមិនទាន់បានបែងចែកភារកិច្ចដល់ថ្នាក់ដឹកនាំក្រសួងខ្លួន ត្រូវប្រញាប់រៀបចំឱ្យហើយ នៅត្រឹមសប្ដាហ៍ក្រោយនេះ។

មុនចេញទៅប្រជុំកំពូលអាស៊ាន នៅឥណ្ឌូណេស៊ី នោះ លោកនាយករដ្ឋមន្ត្រី ឆ្លៀតក្រើនរំឭកមន្ត្រីខ្លួន ឱ្យទទួលខុសត្រូវលើកិច្ចការងារជាចាំបាច់ ដើម្បីឱ្យក្រសួង ស្ថាប័ន និងរដ្ឋលេខាធិការដ្ឋានទាំងអស់ អនុវត្ត ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងារ។
 
តាមរយៈសារសំឡេងខ្លី ដាស់តឿនមន្ត្រីជិត៤នាទី នាថ្ងៃទី៣ កញ្ញានេះ សម្ដេច ហ៊ុន ម៉ាណែត បានណែនាំដូច្នេះ៖«ចំពោះក្រសួងដែលមិនទាន់បែងចែកភារកិច្ចច្បាស់លាស់ជូនដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ត្រូវរូសរាន់ធ្វើឱ្យចប់នៅសប្តាហ៍ក្រោយនេះ ដើម្បីធានាដល់និរន្តរភាព និងចីរភាព ទាំងលើការដឹកនាំ ទាំងលើការអនុវត្តការងាររបស់ក្រសួងស្ថាប័ន»។
 
ចំពោះការកំណត់ភារកិច្ចជូនថ្នាក់ដឹកនាំនេះ ត្រូវបែងចែកឱ្យបានច្បាស់លាស់រវាងការដឹកនាំខាងនយោបាយ និងការដឹកនាំខាងបច្ចេកទេស ដើម្បីធានាប្រសិទ្ធភាពស្ថាប័ន និងប្រសិទ្ធភាពការងារ ដោយចៀសវាងការលូកដៃ ក្នុងការងាររបស់អង្គភាពជំនាញនៃក្រសួងស្ថាប័ន ដោយមិនឆ្លង ឬរំលងឋាននុក្រមបច្ចេកទេស។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត។
 
ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា៖« ប្រសិនបើមានការរៀបចំប្រគល់ភារកិច្ច ឱ្យមន្រ្តីថ្នាក់ដឹកនាំនយោបាយទទួលបន្ទុកការងារជួយ ការងារនាយកដ្ឋាន ដាច់ខាតមិនត្រូវអនុញ្ញាតឱ្យមានការរំលងឋានានុក្រម ដឹកនាំផ្នែកបច្ចេកទេស ដូចជាការរំលង ឬមិនឆ្លងថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន ឬអគ្គលេខាធិការដ្ឋាននោះទេ។ ត្រូវចាត់ទុកថា ការធានានូវសាមគ្គីភាព ឯកភាព សាមគ្គីភាព សុខដុមរមនីយកម្មការងារ នៅក្នុងស្ថាប័នរដ្ឋបាលសាធារណៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ គឺជាកិច្ចការអាទិភាពដែលយើងត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា»។
 
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ក៏បានរំឭកពីការធានាឱ្យបាននូវនិរន្តរភាព និងស្ថិរភាព នៃការអនុវត្តការងារនៅក្នុងស្ថាប័ន ដោយត្រូវធ្វើវិចារណកម្មមុខងារ ថ្នាក់បច្ចេកទេស និងរៀបចំមន្រ្តីឡើងវិញ ដោយគិតគូរលើគោលការណ៍ជាមូលដ្ឋានចំនួន២ គឺទី១. គោលការណ៍គុណាធិបតេយ្យ ដោយផ្អែកជាចម្បងលើគុណសម្បត្តិ ស្នាដៃការងារ សមត្ថភាព ចំណេះដឹង ទេពកោសល្យ និងក្រមសីលធម៌របស់មន្រ្តី ដើម្បីបង្កើនប្រសិទ្ធភាពការងារ ។
 
និងមួយទៀត គឺ​ គោលការណ៍គុណធម៌ ដើម្បីធានាបានឯកភាព និងសាមគ្គីភាពផ្ទៃក្នុងស្ថាប័ន។ ក្នុងន័យនេះ រដ្ឋមន្ត្រីត្រូវរៀបចំចាត់តាំងប្រគល់ភារកិច្ចជូនមន្រ្តី ដោយផ្អែកលើមូលដ្ឋាន ការប្រមូលផ្តុំជាកម្លាំងសរុបរបស់ស្ថាប័ន តាមរយៈការធ្វើសុខដុមរមនីយកម្ម និងការរៀចំឱ្យមន្រ្តីចាស់ ដែលមានបទពិសោធន៍ និងជំនាញ និងមន្រ្តីថ្មីដែលជាកម្លាំងថ្មី ធ្វើការជាមួយគ្នា តាមរយៈទិសស្លោក «ចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង» ដើម្បីលើកម្ពស់សមត្ថភាពស្ថាប័ន ឱ្យកាន់តែរឹងមាំ និងប្រកបដោយប្រសិទ្ធភាព។
 
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឥណ្ឌូណេស៊ី ដែលប្រធាននៃប្រទេសប្ដូរវេនអាស៊ាន ចាប់ពីថ្ងៃទី៤ ដល់៧ កញ្ញា​។ នេះជាដំណើរលើកដំបូងរបស់សម្ដេច ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី ចេញទៅប្រជុំក្នុងឆាកអន្តរជាតិ។
 
កិច្ចប្រជុំកំពូលអាស៊ាន នឹងផ្ដោតលើការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ​សម្រាប់ពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផល​ប្រយោជន៍ដល់ប្រជាជនលើឆាកអន្តរជាតិ៕
Relate 129671
 

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com