អន្តរជាតិ
កម្ពុជា ទទួលបានសិទ្ធិរៀបចំកិច្ចប្រជុំឧត្តមមន្រ្តីកីឡា និងរដ្ឋមន្រ្តីកីឡាអាស៊ាន បូកចិន ជប៉ុន ឆ្នាំ២០២៦
03, Sep 2023 , 6:59 pm        
រូបភាព
(រាប់ពីឆ្វេង ទី៥) លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលបានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំនេះ ទីក្រុងឈៀងមៃ_ ប្រទេសថៃ កាលពីថ្ងៃទី២៦ សីហា ដល់ថ្ងៃទី១ កញ្ញា ២០២៣។
(រាប់ពីឆ្វេង ទី៥) លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលបានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំនេះ ទីក្រុងឈៀងមៃ_ ប្រទេសថៃ កាលពីថ្ងៃទី២៦ សីហា ដល់ថ្ងៃទី១ កញ្ញា ២០២៣។
អង្គប្រជុំ និងលេខាធិការដ្ឋានអាស៊ាន បានឯកភាពផ្តល់សិទ្ធឱ្យកម្ពុជា រៀបចំកិច្ចប្រជុំឧត្តមមន្រ្តីកីឡា និងរដ្ឋមន្រ្តីកីឡាអាស៊ាន បូកចិន ជប៉ុន ប្រចាំឆ្នាំ ២០២៦- ២០២៧។ នេះបើតាមលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលបានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំនេះ ទីក្រុងឈៀងមៃ​ ប្រទេសថៃ កាលពីថ្ងៃទី២៦ សីហា ដល់ថ្ងៃទី១ កញ្ញា។

តាមរយៈការផ្ដល់សិទ្ធិនេះ លោក វ៉ាត់ ចំរើន ក៏បានបង្ហាញដល់អង្គប្រជុំ និងប្រទេសសមាជិកអាស៊ាន ពីការទទួលបានអត្ថប្រយោជន៍ក្នុងវិស័យអប់រំកាយ និងកីឡា ពីដៃគូសហប្រតិបត្តិការ ចិន និងជប៉ុនជាច្រើនដែរ។  
 
កិច្ចប្រជុំឧត្តមមន្រ្តីកីឡា និងរដ្ឋមន្រ្តីកីឡាអាស៊ាន បានសម្រេចចេញសេចក្តីប្រកាសរួមផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការណ៍លើវិស័យអប់រំកាយ និងកីឡា ផ្សេងទៀតដែរ។ ក្នុងនោះមានដូចជា ផែនការសកម្មភាពកីឡាអាស៊ាន ២០១២-២០២៥ ត្រូវបានរដ្ឋសមាជិកអនុវត្តបាន៦០ភាគរយ លើការជំរុញសកម្មភាពអប់រំកាយ និងកីឡាដល់សហគមន៍ និងតាមគ្រឹះស្ថានអប់រំ ។ 
 
អាស៊ានបេ្តជ្ញាខិតខំសហការលើការប្រយុទ្ធប្រឆាំងសារធាតុលើកកម្លាំងក្នុងកីឡា Doping ដោយពង្រឹងការគោរព និងអនុវត្តច្បាប់ប្រឆាំងសារធាតុ Doping ដើម្បីផ្តល់គុណតម្លៃលើភាពស្អាតស្អំ និងយុត្តិធម៌ក្នុងសកម្មភាពកីឡា។ អាស៊ានឱ្យតម្លៃលើការរួមគ្នាអភិរក្ស និងអភិវឌ្ឍកីឡាប្រពៃណី និងអត្តសញ្ញាណជាតិនីមួយៗ ដោយសហការជាមួយអង្គការ UNESCO ។ ក្នុងនោះកម្ពុជាក៏បានសន្យាបន្តរៀបចំសកម្មភាពកីឡា ប្រណាំងទូកប្រពៃណី កីឡាគុនខ្មែរ និងកីឡាគុនល្បុក្កតោ ឱ្យសកម្មបន្ថែមទៀត។ 
 
អាស៊ាន នឹងខិតខំជំរុញ និងសិក្សាស្រាវជ្រាវបន្ថែមទៀត លើការរៀបចំលក្ខណៈសម្បត្តិដេញថ្លៃ FIFA World Cup 2034 ដោយប្រើយន្តការក្រុមការងារបច្ចេកទេសរបស់អាស៊ាន ដែលបានបង្កើតរួចហើយ និងបន្តរៀបចំអនុស្សារណៈរវាងអាស៊ាន និង FIFA ឡើងវិញ។
 
អាស៊ានលើកកម្ពស់ការចូលរួមរបស់ស្រ្តីក្នុងសកម្មភាពកីឡា ដោយគោរពគោលការណ៍ សមភាពយេនឌ័រ។  អាស៊ាន ខិតខំបន្តរៀបចំកំណត់ស្តង់ដាអាំងឌីកាទ័រអប់រំកាយអាស៊ាន ដើម្បីផ្តល់សុខុមាលភាពដល់ប្រជាជាតិអាស៊ាន។ ជាពិសេសបន្តជំរុញការរៀបចំមជ្ឈមណ្ឌលឧត្តមភាពកីឡាអាស៊ាន ដើម្បីជួយបណ្តុះបណ្តាលកីឡាកម្រិតខ្ពស់តាមបរិបទវិទ្យាសាស្រ្តកីឡាបច្ចុប្បន្ន។
 
ដោយឡែកកិច្ចប្រជុំរដ្ឋមន្រ្តីកីឡាអាស៊ាន និង រដ្ឋមន្រ្តីអប់រំ វប្បធម៌ កីឡា វិទ្យាសា្រស្ត និងបច្ចេកវិទ្យាជប៉ុន ត្រូវបានរៀបចំឡើងដោយផ្តោតលើកិច្ចសហការជាដៃគូ ផ្អែកលើផែនការនៃកិច្ចសហការកីឡា ASEAN-Japan Sports cooperation framework 2030 ដែលរួមមានការអភិវឌ្ឍ សកម្មភាពអប់រំកាយ និងកីឡាដោយបណ្តុះបណ្តាលគ្រូអប់រំកាយ ការលើកកម្ពស់ការចូលរួមរបស់ស្រ្តីក្នុងកីឡា ការអភិវឌ្ឍកីឡាជនភាពពិការភាព ការប្រឆាំងការប្រើសារធាតុលើកកម្លាំង Doping ក្នុងកីឡា។ 
 
កិច្ចប្រជុំរដ្ឋមន្រ្តីកីឡាអាស៊ាន និងអនុរដ្ឋមន្រ្តីរដ្ឋបាលកីឡាចិន និងជាអនុប្រធានអូឡាំពិកចិន ផ្តោតលើកិច្ចសហការភាពជាដៃគូ លើវិស័យអប់រំកាយ និងកីឡា ឈរលើ «យុទ្ធសាស្រ្តភាពជាដៃគូអាស៊ាន ចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ»។
Relate 129675
 

Tag:
 អាស៊ាន
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com