ជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ ឱ្យមន្ត្រីសិក្សាពីការបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន ដល់ពលរដ្ឋ
04, Sep 2023 , 2:46 pm        
រូបភាព
លោក ស សុខា រដ្ឋមន្រ្តីមហាផ្ទៃ ថ្លែងនៅក្នុងពិធីជួបសំណេះសំណាល ជាមួយថ្នាកដឹកនាំអង្គភាព ចំណុះក្រសួង នៅថ្ងៃទី៤ កញ្ញា ២០២៣។ រូបពីហ្វេសប៊ុកក្រសួងមហាផ្ទៃ
លោក ស សុខា រដ្ឋមន្រ្តីមហាផ្ទៃ ថ្លែងនៅក្នុងពិធីជួបសំណេះសំណាល ជាមួយថ្នាកដឹកនាំអង្គភាព ចំណុះក្រសួង នៅថ្ងៃទី៤ កញ្ញា ២០២៣។ រូបពីហ្វេសប៊ុកក្រសួងមហាផ្ទៃ
លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានណែនាំឱ្យមន្ត្រីសិក្សាពីការបញ្ចុះតម្លៃលើការធ្វើលិខិតឆ្លងដែន សម្រាប់ពលរដ្ឋ។ លោករដ្ឋមន្រ្តីមហាផ្ទៃ បានលើកឡើងពីចំណុចនេះ នៅក្នុងពិធីជួបសំណេះសំណាល ជាមួយថ្នាកដឹកនាំអង្គភាព ចំណុះក្រសួង នៅថ្ងៃទី៤ កញ្ញា។



លោក ស សុខា ឱ្យមន្ត្រីជំនាញពិនិត្យតម្លៃធ្វើលិខិតឆ្លងដែនឡើងវិញ ឱ្យមកត្រឹមតម្លៃមួយសមរម្យ។ លោករដ្ឋមន្រ្តីមហាផ្ទៃ ក៏លើកឡើងពីការធ្វើលិខិតឆ្លងដែន នៅមីយ៉ាន់ម៉ា វៀតណាម ថៃ និងសិង្ហបុរី ជាដើម គឺមានតម្លៃទាប និងមធ្យម ខណៈកម្ពុជា មានតម្លៃហាក់ខ្ពស់ជាងបណ្ដាប្រទេសទាំងនេះ។ 

«ការងារនេះយើងដឹងទាំងអស់គ្នាថា មិនក្រោម១០០ដុល្លារទេ សៀវភៅ ឬលិខិតឆ្លងដែននេះ ហើយយើងនៅមានថ្លៃសេវាលឿនអីទៀត។ ប៉ុន្តែជារួមសូមឱ្យពិនិត្យទៅលើបញ្ហានេះ ហើយសូមឱ្យលើកយោបល់ធ្វើការសម្រេច ធ្វើយ៉ាងម៉េចផ្ដល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ កុំឱ្យវិវឌ្ឍពីមួយអាណត្តិ ទៅមួយអាណត្តិ (ការធ្វើ)លិខិតឆ្លងដែន មានការឡើងថ្លៃរហូត។ ហើយយើងដឹងហើយថា ការបោះពុម្ព ឬផលិតលិខិតឆ្លងដែននេះ មានតម្លៃមិនដល់ប៉ុណ្ណឹងពេកទេ»។ នេះបើតាមលោក ស សុខា។
 
ជាមួយគ្នានេះ រដ្ឋមន្រ្តីមហាផ្ទៃ ជំរុញឱ្យមន្ត្រីបន្ដពង្រឹងការទទួលខុសត្រូវ សមត្ថភាព គុណភាព និងអនុវត្តស្របតាមផែនការយុទ្ធសាស្ដ្រដែលបានគ្រោងទុក។ ជាពិសេសទំនាក់ទំនងល្អដោយបរិយាប័ន្ន ក្នុងការបម្រើការងារទាំងក្នុង និងក្រៅអង្គភាព ដោយតម្លាភាព ចីរភាព និងគុណភាព ដើម្បីឆ្លើយតបនឹងតម្រូវការ ផែនការយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧។
 
បន្ថែមពីនេះ លោក ស សុខា ក៏បានណែនាំថ្នាក់ដឹកនាំក្រសួង មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ បន្ដពង្រឹងក្រមសីលធម៌ និងគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន «កុំពើងទ្រូង កុំក្រអើតក្រទម» ។ លោក ក៏ជំរុញក្រុមការងារទាំងអស់ ត្រូវប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
 
ចំណុចសំខាន់មួយទៀតលោកឧបនាយករដ្ឋមន្រ្តីរូបនេះ ក្រើនរំឭកឱ្យមន្រ្តីទាំងអស់ ត្រូវចុះដោះស្រាយបញ្ហាប្រជាពលរដ្ឋឱ្យទាន់សភាពការណ៍ តាមរយៈការសំណូមពរពីពលរដ្ឋផ្ទាល់ ឬតាមបណ្ដាញសង្គមក្តី ។ លោកជំរុញឱ្យមន្រ្តីដោះស្រាយបញ្ហាប្រឈមពលរដ្ឋទាំងអស់ មិនថា «រឿងតូច ឬរឿងធំឡើយ»៕

Tag:
 ស សុខា
  លិខិតឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com