ជាតិ
រដ្ឋមន្រ្តីធនធានទឹក ស្នើជប៉ុនផ្ដល់ជំនួយលើគម្រោងការពារទឹកជំនន់ ប្រព័ន្ធធារាសាស្រ្ត និងគ្រឿងចក្រធុនធ្ងន់
04, Sep 2023 , 6:59 pm        
រូបភាព
(ស្ដាំ) លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧត្តុនិយម បានពិភាក្សាជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនវិសាមញ្ញនិងពេញសមត្ថភាព និងលោក SANUI Kazumasa ប្រធាន JICA ប្រចាំនៅកម្ពុជា នៅថ្ងៃទី៤ កញ្ញា ២០២៣។(រូបពីហ្វេសប៊ុកក្រសួងធនធានទឹក
(ស្ដាំ) លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧត្តុនិយម បានពិភាក្សាជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនវិសាមញ្ញនិងពេញសមត្ថភាព និងលោក SANUI Kazumasa ប្រធាន JICA ប្រចាំនៅកម្ពុជា នៅថ្ងៃទី៤ កញ្ញា ២០២៣។(រូបពីហ្វេសប៊ុកក្រសួងធនធានទឹក
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានស្នើជប៉ុន ឱ្យផ្ដល់ជំនួយលើការអនុវត្តគម្រោងថ្មី លើការការពារទឹកជំនន់ និងរំដោះទឹកនៅកម្ពុជា។ លោក ថោ ជេដ្ឋា បានពិភាក្សាលើបញ្ហានេះ ជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនវិសាមញ្ញនិងពេញសមត្ថភាព និងលោក SANUI Kazumasa ប្រធាន JICA ប្រចាំនៅកម្ពុជា នៅថ្ងៃទី៤ កញ្ញា ។



ក្នុងជំនួបពិភាក្សានេះ លោក ថោ ជេដ្ឋា បានស្នើភាគីជប៉ុនឱ្យជួយសិក្សានិងផ្តល់ហិរញ្ញប្បទានសម្បទាន សម្រាប់គម្រោងស្នើសុំថ្មី «គម្រោងការពារទឹកជំនន់ កែលំអ និងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកនៅកម្ពុជា(Flood Control, Irrigation and Drainage Rehabilitation and Improvement Project in Cambodia)។ 
 
លោករដ្ឋមន្រ្តីធនធានទឹក ក៏ស្នើសុំគ្រឿងចក្រធុនធ្ងន់ពីជប៉ុន សម្រាប់បម្រើដល់ការងារសាងសង់ និងជួសជុលប្រព័ន្ធធារាសាស្ត្រ និងសម្រាប់អន្តរាគមន៍ពេលមានគ្រោះមហន្តរាយ បង្កឡើងដោយធម្មជាតិនានាដូចជា គ្រោះទឹកជំនន់ និង គ្រោះ រាំងស្ងួតជាដើម។ លោក សុំឱ្យជប៉ុនជួយបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសបន្ថែមលើការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹកផងដែរ ។
 
ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្រសួងធនធានទឹក និងឧតុនិយម កំពុងដំណើរការអនុវត្ត គម្រោងរៀបចំស្ដង់ដាជាតិប្រព័ន្ធធារាសាស្ត្រ ដែលបានចាប់ផ្ដើមសកម្មភាព កាលពីឆ្នាំ២០២២ និងបញ្ចប់នៅឆ្នាំ២០២៤ និងគម្រោងស្ដារឡើងវិញ នូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកប៉ែកនិរតីរាជធានីភ្នំពេញ ដែលចាប់ដំណើរការសាងសង់ ឆ្នាំ២០២៣ និងបញ្ចប់ឆ្នាំ២០២៦។
 
ចាប់ តាំងពីឆ្នាំ១៩៩៣ រហូតមក តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន(JICA) បានជួយគាំទ្រលើការគ្រប់គ្រង និងការអភិវឌ្ឍវិស័យធនធានទឹក ជាបន្តបន្ទាប់ តាមរយៈគម្រោងជំនួយឥតសំណង គម្រោងជំនួយកិច្ចសហការបច្ចេកទេស ការផ្ដល់ជំនាញការបច្ចេកទេស ការបណ្តុះបណ្តាល ក្នុងនិងក្រៅប្រទេស និងគម្រោងហិរញ្ញប្បទានសម្បទានជាដើម។
 
ឆ្នាំ២០២៣នេះ ជាខួបអនុស្សវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន បើគិតចាប់តាំងពីឆ្នាំ ១៩៥៣ មក ។ កម្រិតទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ បានឈានឡើងពីកម្រិត «ដៃគូយុទ្ធសាស្ត្រ ក្នុងឆ្នាំ២០១៣» មកជា «ដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០២៣»៕
 

Tag:
 ថោ ជេដ្ឋា
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com