កីឡាជាតិ
ជាតិ
«កីឡា អភិវឌ្ឍមនុស្ស! មនុស្ស អភិវឌ្ឍសង្គម» ជាប្រធានបទព្រឹត្តិការណ៍កីឡាមធ្យមសិក្សា ឆ្នាំ២០២៣
05, Sep 2023 , 7:59 am        
រូបភាព
សិស្សានុសិស្ស ចូលរួមក្នុងកម្មវិធីបើការប្រកួត កីឡាសិស្សមធ្យមសិក្សា រូបពី NOCC
សិស្សានុសិស្ស ចូលរួមក្នុងកម្មវិធីបើការប្រកួត កីឡាសិស្សមធ្យមសិក្សា រូបពី NOCC
«កីឡា អភិវឌ្ឍមនុស្ស! មនុស្ស អភិវឌ្ឍសង្គម» ជាប្រធានបទនៃព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សា ឆ្នាំ២០២៣។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងពិធីបើកកីឡាមធ្យមសិក្សា ឆ្នាំ២០២៣ នៅថ្ងៃទី៣ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។



បានថ្លែងក្នុងពិធីបើការប្រកួតកីឡាសិស្សមធ្យមសិក្សា ឆ្នាំ២០២៣ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាតំណាងរដ្ឋមន្ដ្រីក្រសួងអប់រំយុវជន និងកីឡាករ អះអាងថាលទ្ធផល នៃការប្រកួតឈ្នះ និងចាញ់ ជារឿងសំខាន់ ប៉ុន្ដែ មានរឿងដែលសំខាន់ជាងនេះទៀត ចំពោះការប្រកួតកីឡា។ នោះ គឺជាការរក្សានូវវិន័យ មិត្តភាព និងសាមគ្គីភាព ដែលជារឿងសំខាន់បំផុត នៃការប្រកួត។
 
«ការប្រកួតនេះ ត្រូវការជំនាញ ប៉ុន្ដែ មិនមែនតែសមត្ថភាពជំនាញទេ។ យើង ត្រូវការប្រកួត ហើយជួបជុំគ្នា ដើម្បីកសាងនូវ មិត្តភាព កសាងសាមគ្គីភាព កសាងនូវសុខដុមនីយកម្ម ក្នុងរង្វង់ នៃមហាគ្រួសារកីឡជាតិរបស់យើង និងកីឡាក្នុងសាលាមធ្យមសិក្សារបស់យើង។ អ៊ីចឹង ការប្រកួតនេះ មិនមែនជាការប្រកួត យកឈ្នះ យកចាញ់ លើមុខមាត់តែមួយមុខទេ សំខាន់បំផុត គឺការរក្សាបាននូវវិន័យ មិត្តភាព និងសាមគ្គីភាព។»។ លោក វ៉ាត់ ចំរើន បាននិយាយបែបនេះ ក្រោយប្រកាសថា ប្រធានបទ «កីឡា អភិវឌ្ឍមនុស្ស! មនុស្ស អភិវឌ្ឍសង្គម» ជាប្រធានបទសម្រាប់ការប្រកួតព្រឹត្តិការណ៍ សិស្សមធ្យមសិក្សា ឆ្នាំ២០២៣នេះ។

លោក វ៉ាត់ ចំរើន ពាក់អាវធំពណ៌ខ្មៅ ឈរនៅចំកណ្ដាល រូបពី NOCC
 
អគ្គលេខាធិការរូបនេះ ថ្លែងបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា ដោយស្ថិតក្រោមរដ្ឋាភិបាលថ្មី នីតិកាលទី៧ ដែលដឹកនាំ ដោយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា បានដាក់យន្នការណ៍ កែទម្រង់ស៊ីជម្រៅ វិស័យអប់រំ យុវជន និងកីឡា ឲ្យរីកចម្រើន និងមានគុណភាព។ ក្រសួងនេះ ក៏នឹងបង្កើនកម្មវិធីសកម្មភាពក្រៅម៉ោងសិក្សា ដែលរាប់បញ្ចូល ការហាត់កីឡា និងការហាត់សិល្បៈផ្សេងៗ ផងដែរ។ អ្នកតំណាងរដ្ឋមន្ដ្រីក្រសួងរូបនេះ អប់រំថា យុវជន និងសិស្សានុសិស្ស មិនគួរទុកពេលវេលាឲ្យទំនេរ ច្រើនពេកទេ ដោយឲ្យពួកគេ ព្យាយាមលេងកីឡា និងចូលរួមសកម្មភាពសង្គមនានា។
 
«កម្មវិធីសកម្មភាពក្រៅម៉ោងសិក្សា ត្រូវការចូលរួមពីអ្នកទាំងអស់។ អ្នកស្រឡាញ់ វិស័យកីឡាចូលរួម វិស័យកីឡា អ្នកស្រឡាញ់ផ្នែកសិល្បៈ ចូលរួមផ្នែកសិល្បៈ។ កុំទុកម៉ោងឲ្យទំនេរ។»។ លោក វ៉ាត់ ចំរើន បានននិយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា ការប្រកួតកីឡាសិស្សមធ្យមសិក្សា ធ្លាប់ធ្វើម្ដងរួចមកហើយ កាលពីឆ្នាំ២០១៩ ហើយត្រូវបានខកខាន ៣ឆ្នាំជាប់គ្នា ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩។ ដោយឡែក ការប្រកួត ក្នុងឆ្នាំ២០២៣ នេះ នឹងត្រូវធ្វើចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានប្រតិភូកីឡា មកពីបណ្ដាល ២៥ខេត្ត-ក្រុង ​ចំនួន ៣២៥៧ នាក់។ 
 
ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ ១២ប្រភេទកីឡា ក្នុងនោះមាន ១០៥វិញ្ញសា។ ១២ប្រភេទ កីឡានោះមាន៖  កីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្ដពលកម្ម, វាយសី, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT, តេក្វាន់ដូ ITF, ប៊ូល និងប៉េតង់, ល្បុក្កតោ, ហែលទឹក និង ការ៉ាតេ៕
 

Tag:
 កីឡាសិស្សមធ្យមសិក្សា
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com