ជាតិ
នយោបាយជាតិ
បញ្ហាព្រំដែន និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានលើកឡើងក្នុងជំនួបនាយករដ្ឋមន្ត្រីកម្ពុជា វៀតណាម និងឡាវ 
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មីញជីញ និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ ទទួលទានអាហារព្រឹក មុនកិច្ចប្រជុំកំពូលអាស៊ាន នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី៥ កញ្ញា ២០២៣។
×![]()
ដូចសព្វដងនៃកិច្ចប្រជុំអាស៊ាន និងជំនួបអន្តរជាតិផ្សេងដែរ នាយករដ្ឋមន្រ្តីកម្ពុជា វៀតណាម និងឡាវ គឺតែងតែទទួលទានអាហារពេលព្រឹក និងពិភាក្សាការងារត្រីភាគីជាមួយគ្នា។ បញ្ហាព្រំដែន និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានលើកឡើងក្នុងជំនួបនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មីញជីញ និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ មុនកិច្ចប្រជុំកំពូលអាស៊ាន នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី៥ កញ្ញា។
ខ្លឹមសារនៃការជួបទទួលទានអាហារពេលព្រឹក និងកិច្ចពិភាក្សាការងារត្រីភាគី បានឯកភាពជាគោការណ៍បន្តដោះស្រាយ និងជំរុញសម្រេចឱ្យបានលទ្ធផលលើបញ្ហាដែលនៅសេសសល់ទាំងឡាយ ដោយអនុវត្តយន្តការនៃការកំណត់ព្រំដែនរវាងប្រទេសទាំងបី ដើម្បីបញ្ចប់ទាំងស្រុង នាពេលឆាប់ៗខាងមុខ ។
ប្រមុខត្រីភាគី ក៏បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, សន្តិសុខ, ការផ្សារភ្ជាប់រវាងប្រជាជន និង ប្រជាជន, វប្បធម៌ និង ប្រពៃណី ។ ជាពិសេសជំរុញបន្ថែមនូវទំនាក់ទំនង និងការផ្សារភ្ជាប់រវាងប្រទេសទាំងបី លើគ្រប់មធ្យោបាយរួមទាំងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ផ្លូវ ផ្លូវដែក និងកំពង់ផែ, ខ្សែច្រវាក់ផ្គត់ផ្គង់, និងទេសចរណ៍ ។ នេះបើតាមខ្លឹមសារសង្ខេប ដែលបានផ្សព្វផ្សាយនៅក្នុងហ្វេសប៊ុកផ្លូវការរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន ក៏បានអញ្ជើញ សម្តេច ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវ នាឆ្នាំ២០២៤ ខណៈនាយករដ្ឋមន្រ្តីវៀតណាម ផាម មីញជីញ បានបង្ហាញបំណងចង់ជួបសំណេះសំណាលដោយផ្ទាល់ជាមួយ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាពេលខាងមុខ។
© រក្សាសិទ្ធិដោយ thmeythmey.com