ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្រ្តីកម្ពុជា៖ អាស៊ាន ត្រូវមានសមត្ថភាពប្រមើលទប់ស្កាត់វិបត្តិ ដោយមិនត្រឹមតែឆ្លើយតប
05, Sep 2023 , 5:55 pm        
រូបភាព
អាស៊ាន ត្រូវចេះប្រមើលទប់ស្កាត់វិបត្តិ ដោយមិនមែនត្រឹមតែឆ្លើយតបនឹងបញ្ហានោះឡើយ។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌណេស៊ី នាថ្ងៃទី៥ កញ្ញា ។



មុននិយាយពីចំណុចនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងពីការព្រួយបារម្ភពីកើនឡើង នៃការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ ដែលធ្វើឱ្យប្រទេសមួយចំនួន ពិបាកក្នុងការស្វែងរកចំណុចអព្យាក្រឹត្យ ដែលអាចគាំទ្រ ប្រកបដោយបរិយាប័ន្ន កិច្ចសហប្រតិបត្តិការ និងការរួមរស់ដោយសន្តិភាព។
 
ត្រង់ចំណុចនេះ សម្ដេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការឆ្លើយតបរបស់អាស៊ានពិតជាមិនមានភាពគ្រប់គ្រាន់ទេ បើអាស៊ានគ្រាន់តែឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះវិបត្តិដែលកំពុងកើតឡើងនោះ។ លោកនាយករដ្ឋមន្រ្តីកម្ពុជា បានបន្ថែមថា៖«អាស៊ានត្រូវមានសមត្ថភាពប្រមើលមើលទប់ស្កាត់វិបត្តិ ហើយឈានទៅកាត់បន្ថយផលប៉ះពាល់ តាមរយៈការប្រើប្រាស់តួនាទីពិសេសនៃកិច្ចប្រជុំកំពូលអាស៊ាន និងក្នុងនាមស្ថាប័នរៀបចំគោលនយោបាយកំពូល ស្របតាមគោលការណ៍ស្នូលនៃការពិគ្រោះយោបល់ និងគោលការណ៍កុងសងស៊ីស អាស៊ានអាចចាត់វិធានការម៉ឹងម៉ាត់ និងទាន់ពេលវេលាលើបញ្ហាដែលមានភាពបន្ទាន់ និងមានសារៈសំខាន់»។
 
ដើម្បីឱ្យអាស៊ានក្លាយទៅជាមជ្ឈមណ្ឌលនៃកំណើនពិភពលោក សម្ដេច ហ៊ុន ម៉ាណែត យល់ឃើញថា អាស៊ាន ត្រូវស្វែងរកប្រភពថ្មីដ៏រឹងមាំ និងមានភាពធន់នឹងវិបត្តិ រួមមាន ការធ្វើបរិវត្តកម្មឌីជីថល អន្តរកាលបៃតង (សេដ្ឋកិច្ចព័ណ៌ខៀវ និងសេដ្ឋកិច្ចច្នៃប្រឌិត)។
 
កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣នេះ បានអនុម័តលើឯកសារជាច្រើនរួមមាន៖ សេចក្តីប្រកាសរបស់មេដឹកនាំអាស៊ាន អំពីអាស៊ានជាស្នូលនៃកំណើន, សេចក្តីប្រកាសរបស់មេដឹកនាំអាស៊ាន អំពីពង្រឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីឆ្លើយតបទៅនឹងវិបត្តិ, សេចក្តីប្រកាសរបស់មេដឹកនាំអាស៊ាន ស្តីពីការអភិវឌ្ឍនៃកិច្ចព្រមព្រៀងនៃក្របខណ្ឌសេដ្ឋកិច្ចឌីជីថល, កិច្ចព្រមព្រៀងនៃក្របខណ្ឌសេដ្ឋកិច្ចអាស៊ានបៃតង និងសេចក្តីព្រាងចក្ខុវិស័យអាស៊ាន ឆ្នាំ២០៤៥៕

Tag:
 ហ៊ុន ម៉ាណែត
  អាស៊ាន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com