កីឡាជាតិ
ជាតិ
លោក Satoshi Saito ថា Felix នឹងដឹកនាំជម្រើសជាតិកម្ពុជា ល្អជាង Honda
06, Sep 2023 , 12:29 pm        
រូបភាព
លោក Satoshi Saito នាយកប្រតិបត្ដិក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា (Cambodian Premier League) ហ៊ានវាយតម្លៃថាលោក Felix G.Dalmas មានគុណភាពដឹកនាំក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រសើរជាងអតីតគ្រូចាស់ លោក Keisuke Honda។ CEO ជនជាតិជប៉ុនរូបនេះ ថែមទាំងសរសើរអ្នកគាំទ្រកម្ពុជាមានចរិតសន្តោសប្រណី ចំពោះគ្រូបង្វឹក នៅពេលដឹកនាំក្រុមចាញ់។




នៅចំពោះមុខអ្នកសារព័ត៌មាន ក្នុងកិច្ចសំណេះសំណាលជាមួយប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី៥ ខែកញ្ញា នៅទីស្នាក់ការក្រុមហ៊ុន CPL លោក Saito បានបង្ហាញក្តីរីករាយក្នុងការជ្រោមជ្រែងវិស័យកីឡាបាល់ទាត់កម្ពុជា ឱ្យបន្តរីកចម្រើនពីមួយជំហានទៅមួយជំហាន ជាពិសេសក្នុងការប្រកួតលីគ។
 
ភាពវិជ្ជមានដែលនាយកប្រតិបត្តិ CPL មើលឃើញនៅពេលនេះ គឺកម្រិតក្លិបក្នុងលីគកម្ពុជា និងកំណើនអ្នកចូលរួមទស្សនាការប្រកួតផ្ទាល់ក្នុងកីឡដ្ឋាន និងតាមបណ្តាញផ្សព្វផ្សាយនានា។ តាមរយៈការបង្ហោះរបស់ក្រុមហ៊ុន CPL លើហ្វេសប៊ុកផេកផ្លូវការនៅព្រឹកថ្ងៃទី៥​ ខែកញ្ញា បានបង្ហាញពីចំនួនអ្នកចូលរួមទស្សនាការប្រកួតលីគរដូវកាល ២០២៣-២០២៤ នៅកីឡដ្ឋានផ្ទាល់ ក្នុងរយៈពេល ៤សប្តាហ៍ដំបូង មានចំនួន ៣៣,៨០៥ នាក់ ខណៈរដូវកាលមុនមានត្រឹម ១៤,៦០៧នាក់។  ពោល គឺកើនឡើងជាង២ដង ឯណោះ។ 
  


ការកើនឡើងចំនួនអ្នកទស្សនានេះ លោក Saito ពន្យល់ថា ដោយសារតាមបណ្តាក្លិបនានា មានការរៀបចំបានប្រសើរផង និងក្រុមហ៊ុនលីគ ធ្វើបច្ចុប្បន្នភាពជាប្រចាំនៅលើបណ្តាញសង្គម ជុំវិញសកម្មភាពរបស់កីឡាករពីគ្រប់ក្លិបផង។
 
ស្របពេលគ្នានេះដែរ ក្រៅពីបង្ហាញពីភាពវិជ្ជមានរបស់ក្លិប នាយកប្រតិបត្តិជនជាតិជប៉ុន បានលើកយកបញ្ហាមួយចំនួនអំពីក្រុមជម្រើសជាតិកម្ពុជាមកពិភាក្សាគ្នាជាមួយអ្នកសារព័ត៌មាន ផងដែរ។ លោក Saito ដែលឡើងកាន់តំណែងជា CEO លីគកំពូលកម្ពុជា រយៈពេលជិត២ឆ្នាំ បានសួរសំណួរទៅកាន់អ្នកសារព័ត៌មាន ថាយល់ឃើញយ៉ាងណាចំពោះការដឹកនាំរបស់លោក Felix។
 
សំណួរនេះ ត្រូវបានចោទសួរ បន្ទាប់ពីមានការជជែកគ្នាក្នុងកិច្ចសំណេះសំណាល ដោយអ្នកសារព័ត៌មានកីឡាភាគច្រើនបានរិះគន់ការដឹកនាំរបស់លោក Honda។ អ្នកសារព័ត៌មាន យល់ឃើញដូចៗគ្នាថា ការដឹកនាំពីចម្ងាយ (Online) របស់លោក Honda មិនទទួលបានផលនោះឡើយ ដ្បិតអតីតក្រុមជម្រើសជាតិជប៉ុន មិនបានពិនិត្យកីឡាករផ្ទាល់នៅពេលពួកគេប្រកួតក្នុងលីគ។ ការប្រកួតរបស់ក្រុមគោព្រៃកម្ពុជាភាគច្រើន ក្រោមការដឹកនាំរបស់លោក Honda រយៈពេលជិត៥ឆ្នាំ ភាគតិចណាស់អ្នកចាត់ការជ្រើសរើសកីឡាករដោយមើលនឹងភ្នែកផ្ទាល់ ហើយលទ្ធផលប្រកួតក៏មិនគាប់ប្រសើរ។
  


សំណួរដដែលនេះ ត្រូវបានអ្នកសារព័ត៌មាន សួរត្រឡប់ទៅលោក Saito វិញ ដោយភ្ជាប់ឈ្មោះលោក Honda ផង។ មុនឆ្លើយសំណួរនេះ បុរសជនជាតិជប៉ុនដែលធ្លាប់មានបទពិសោធន៍ជាង៨ឆ្នាំជាមួយសមាគមកីឡាបាល់ទាត់ជប៉ុន (JFA) និងជាប្រធានគ្រប់គ្រងទីផ្សាររបស់ក្លិប Barcelona និយាយបែបលេងសើចថា ប្រជាជន ឬអ្នកគាំទ្រកម្ពុជា នៅពេលក្រុមបាល់ជម្រើសជាតិចាញ់ បែរជានាំគ្នាអាណិតគ្រូទៅវិញ។
 
«អ្នកគាំទ្រកម្ពុជា មានចរិតស្លូតបូត និងសន្តោសប្រណី។ នៅពេលក្រុមជម្រើសជាតិកម្ពុជាចាញ់ នាំគ្នាអាណិតគ្រូបង្វឹក។ ផ្ទុយពីអ្នកគាំទ្រជប៉ុន និងប្រទេសផ្សេង អ្នកគាំទ្រតែងតែរិះគន់ ដាក់បន្ទុក លើគ្រូបង្វឹក នៅពេលក្រុមជម្រើសជាតិពួកគេចាញ់ មិនថាប្រកួតមិត្តភាព ឬពានរង្វាន់អ្វីឡើយ»។ នេះជាការបញ្ជាក់របស់លោក Saito ដោយលោកទំនងជាសំដៅទៅលោក Honda នាអំឡុងពេលដឹកនាំគោព្រៃកម្ពុជា។
 
ឆ្លើយនឹងសំណូរ ដែលខ្លួនបានសួរអ្នកការសែតនោះវិញ នាយកប្រតិបត្តិ CPL មើលឃើញថា ការដឹកនាំរបស់លោក Honda និង Felix មានការអភិវឌ្ឍដូចគ្នា ប៉ុន្តែល្បឿននៃការរីកចម្រើននឹងខុសគ្នា។ Felix នឹងដឹកនាំប្រសើរជាង Honda។
  


ត្រង់ចំណុចនេះលោក Saito ពន្យល់ថា៖« Honda ដឹកនាំពីចម្ងាយ ហើយមានរបៀបដឹកនាំដោយចង់ឱ្យកីឡាករលេងតាមបែបកីឡាករប្រទេសផ្សេង ដែលធ្វើឱ្យកីឡាករកម្ពុជាពិបាក និងធ្វើមិនបានល្អ។ កម្រិតកីឡាករកម្ពុជា មិនដូចកីឡាករប្រទេសផ្សេងដែល Honda ចង់ឱ្យធ្វើតាមនោះឡើយ»។
 
សម្រាប់លោក Felix គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន ដែលធ្លាប់ធ្វើការក្រោមការដឹកនាំលោក Honda ដែលនោះ ត្រូវបានលោក Saito មើលឃើញថា មានរបៀបដឹកនាំប្រសើរ និងមានពេលពេញលេញជាមួយក្រុម។ 
 
«Felix ព្យាយាមឱ្យកីឡាករលេងបែបខ្លួនឯង លេងតាមអ្វីដែលកីឡាករធ្លាប់ធ្វើបានពីក្នុងលីគ។ ដូច្នេះ កីឡាករងាយស្រួលសម្របខ្លួននូវអ្វីដែលពួកគេអាចធ្វើបាន។ Felix នឹងដឹកនាំល្អជាង Honda។ លោក Saito ឆ្លើយទៅអ្នកការសែត ដោយមិនរអាបើទោះជាជនជាតិជប៉ុនដូចគ្នាឡើយ។
  

Felix នឹងត្រូវដឹកនាំគោព្រៃកម្ពុជា ប្រកួតមិត្តភាពអន្តរជាតិពីរប្រកួត ដោយប្រកួតដំបូងប៉ះហុងកុង នៅថ្ងៃទី៧ ខែកញ្ញា វេលាម៉ោង៧យប់ និងទទួលម៉ាកាវ នៅថ្ងៃទី១១ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ជំនួបមិត្តភាពនេះ ជាការកម្តៅសាច់ដុំរៀងខ្លួន ដើម្បីត្រៀមប្រកួតវគ្គជម្រុះ FIFA World Cup ឆ្នាំ២០២៦ ក្នុងតំបន់អាស៊ី៕
 

Tag:
 Satoshi Saito
  ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com