កីឡាជាតិ
ជាតិ
ទីប្រឹក្សា NOCC៖ កម្មវិធី Diversity Voyage ដើម្បីអភិវឌ្ឍភាពជាពលរដ្ឋសកល និងលើកកម្ពស់តម្លៃវិស័យកីឡា
08, Sep 2023 , 7:59 am        
រូបភាព
លោក ប៊ុយ សោភ័ណ្ឌ ថតរូបជាមួយ និស្សិតជាតិ និងអន្ដរជាតិ រូបពី NOCC
លោក ប៊ុយ សោភ័ណ្ឌ ថតរូបជាមួយ និស្សិតជាតិ និងអន្ដរជាតិ រូបពី NOCC
លោក ប៊ុយ សោភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ពី គោលបំណង នៃកម្មវិធី Diversity Voyage ធ្វើឡើងដើម្បីអភិវឌ្ឍ ភាពជាពលរដ្ឋសកលដល់អ្នកចូលរួម និងការលើកស្ទួយ វិស័យកីឡា ជាពិសេសបង្ហាញពីភាពជោគជ័យ របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២។



នាទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ នៅថ្ងៃទី៧ ខែកញ្ញា បានធ្វើជាវាគ្មិនក្នុងកម្មវិធី Diversity Voyage ដែលមានសិស្សនិស្សិតកម្ពុជា និងជប៉ុន សរុបចំនួន ២៥នាក់។
 
ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារូបនេះ បានធ្វើបទបង្ហាញពី ភាពជោគជ័យ នៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាឆ្នាំ២០២៣។ ជាមួយគ្នានេះ លោក ប៊ុយ សោភ័ណ្ឌ ក៏បានបង្ហាញពីចក្ខុវិស័យ ក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩។

លោក ប៊ុយ សោភ័ណ្ឌ រូបពី NOCC
 
បន្ថែមលើសពីនេះ វាគ្មិនរូបនេះ ក៏បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ដែលបានចូលរួមអភិវឌ្ឍ និងលើកកម្ពស់វិស័យកីឡា អស់រយៈពេលជាង ១១ឆ្នាំ។
 
លោក ប៊ុយ សោភ័ណ្ឌ បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា គោលបំណង នៃកម្មវិធីនេះ គឺដើម្បីអភិវឌ្ឍភាពជាពលរដ្ឋសកលសម្រាប់អ្នកចូលរួម និងពង្រឹងសមត្ថភាពចាំបាច់សម្រាប់ប្រជាជនដែលរស់នៅក្នុងពិភពលោកនៃសតវត្សរ៍ទី២១ តាមរយៈការសិក្សា និងបទពិសោធន៍។ កម្មវិធីនេះ ក៏ជាគោលបំណង ផ្តល់ឱកាសដល់និស្សិតកម្ពុជា និងនិស្សិតជប៉ុន ចូលរួមចំណែកលើកកម្ពស់តម្លៃកីឡាតាមរយៈការអប់រំនៅកម្ពុជា តាមរយៈការផ្លាស់ប្តូរយោបល់លើប្រធានបទសារៈសំខាន់នៃកីឡា និងគុណតម្លៃអូឡាំពិក។ 
 
និស្សិតជប៉ុនទាំងអស់នោះ បានសាទរ ចំពោះភាពជោគជ័យ នៃការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ហើយពួកគេ ក៏បានបង្ហាញពីការយល់ដឹងពីសារៈសំខាន់ នៃកីឡា និងគុណតម្លៃអូឡាំពិកផងដែរ។
 
គួរបញ្ជាក់ផងដែរថា កម្មវិធី “Diversity Voyage” ចាប់ផ្ដើមពីថ្ងៃទី៥-១២ ខែកញ្ញា ឆ្នាំ២០២៣។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយ អង្គការ Global Incubation X Fostering Talents (GiFT) របស់ជប៉ុន៕
 

Tag:
 ប៊ុយ សោភ័ណ្ឌ
  Diversity Voyage
© រក្សាសិទ្ធិដោយ thmeythmey.com