ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា វៀតណាម និងឡាវ ប្ដេជ្ញាពង្រឹងសាមគ្គី និងជួយគ្នាទៅវិញទៅមក​ ដែលជាទ្រព្យសម្បត្តិមានតម្លៃ
08, Sep 2023 , 10:29 am        
រូបភាព
(រាប់ពីឆ្វេងអ្នកអង្គុយលើកៅអី ទី២) សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាជាមួយលោក ង្វៀង ហ្វ៊ូចុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តវៀតណាម (ទី៣) និងលោក ថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ (ទី៤) កាលពីថ្ងៃទី៦ កញ្ញា នៅទីក្រុងហាយណូយ ប្រទេវៀតណាម
(រាប់ពីឆ្វេងអ្នកអង្គុយលើកៅអី ទី២) សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាជាមួយលោក ង្វៀង ហ្វ៊ូចុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តវៀតណាម (ទី៣) និងលោក ថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ (ទី៤) កាលពីថ្ងៃទី៦ កញ្ញា នៅទីក្រុងហាយណូយ ប្រទេវៀតណាម
មេដឹកនាំគណបក្សកាន់អំណាចនៅកម្ពុជា វៀតណាម និងឡាវ ប្ដេជ្ញាពង្រឹងសាមគ្គី និងជួយគ្នាទៅវិញទៅមក​ ដោយចាត់ទុកជាទ្រព្យសម្បត្តិមានតម្លៃ រវាងប្រទេសទាំង៣។ សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាជាមួយលោក ង្វៀង ហ្វ៊ូចុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តវៀតណាម និងលោក ថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ កាលពីថ្ងៃទី៦ កញ្ញា ។



នាជំនួបក្នុងទីក្រុងហាយណូយ ប្រទេសវៀតណាម មេដឹកនាំបក្សកាន់អំណាចទាំង៣រូប បានលើកឡើងពីស្ថានភាពគណបក្ស និងប្រទេសរៀងៗខ្លួន ជាពិសេសការកសាង និងអភិវឌ្ឍន៍សង្គម ក៏ដូចជាស្ថានភាពតំបន់ និងពិភពលោក ដែលកំពុងកើតឡើងនេះ មកចែករំលែក និងពិភាក្សាគ្នា ដើម្បីឈានទៅវាយតម្លៃពីស្ថានការណ៍ និងដាក់ចេញយន្តការគាំទ្រគ្នាទៅវិញទៅមក។
 
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៧ កញ្ញា កិច្ចពិភាក្សាគ្នានេះ មេដឹកនាំបក្សកាន់អំណាចទាំង៣រូប បានឯកភាពលើការតម្រង់ទិសសម្រាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស និងប្រទេសទាំង៣ ដែលជាផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជននាពេលអនាគត។
 
មេដឹកនាំកម្ពុជា វៀតណាម និងឡាវ បានឯកភាពគ្នាលើការពង្រឹងសសរស្ដម្ភនៃវិស័យការពារជាតិ និងសន្តិសុខ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការបរទេស ដោយជំរុញថែមទៀត នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្រ្ត បច្ចេកវិទ្យា ទេសចរណ៍ និងកសិកម្ម។ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរបស់បក្ស រដ្ឋ រណសិរ្ស អង្គការមហាជន និងថ្នាក់ក្រោមជាតិ ដោយឈរលើមូលដ្ឋានសក្ដានុពល និងភាពខ្លាំងរវាងប្រទេសទាំង៣។
 
មេដឹកនាំបក្សកាន់អំណាចទាំង៣រូប ក៏បានឯកភាពលើការពង្រឹងសាមគ្គីភាព សហការជិតស្និទ និងការគាំទ្រគ្នាទៅវិញទៅមក ដោយចាត់ទុកទំនាក់ទំនងរវាងបក្សត្រីភាគីនេះ ជាមូលដ្ឋានគ្រឹះនៃភាពស្អិតរមួត ។
 
នាក្នុងជំនួបដដែលនោះ មេដឹកនាំទាំង៣រូប ក៏ឆ្លៀតរំឭកពីប្រពៃណីសាមគ្គីភាពជិតស្និទជាប្រវត្តិសាស្ត្រ ក្នុងការជួយគ្នាទៅវិញទៅវិញមក រវាងបក្ស និងប្រជាជន ដែលជាទ្រព្យសម្បត្តិមានតម្លៃ និងកត្តាសំខាន់បំផុត ដែលជាប្រភពដ៏ខ្លាំងក្លា នៃបុព្វហេតុរំដោះជាតិ និងដណ្ដើមឯករាជ្យក្នុងអតីតកាល ក៏ដូចជាកិច្ចការពារ និងកសាងប្រទេសរៀងៗខ្លួន មកដល់សព្វថ្ងៃ។
 
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាដដែល បានសង្ខេបខ្លឹមសារសំខាន់ៗ នៃជំនួបមេដឹកនាំបក្សកាន់អំណាចទាំង៣នេះ យ៉ាងដូច្នេះ៖«ថ្នាក់ដឹកនាំបក្សទាំង៣ បានប្ដេជ្ញាចិត្តរួមគ្នារក្សា និងបន្តពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា វៀតណាម ឡាវ នៅពេលបច្ចុប្បន្ន និងនាពេលអនាគត»។
 
ភាគីទាំង៣ ក៏បានឯកភាពបន្តលើកកម្ពស់យន្តការ ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព និងស្រាវជ្រាវបង្កើតយន្តការថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងបក្ស និងប្រជាជន ដែលជាផលប្រយោជន៍ក្នុងការកសាង និងការពារសន្តិភាព ស្ថិរភាព សម្រាប់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com