អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង ព្រមានពីការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងត្បូង
08, Sep 2023 , 2:09 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 

ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន សុកយ៉ល នៅថ្ងៃទី៧ ខែកញ្ញា បានអះអាងថា រាល់ការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំង នៅក្នុងសមុទ្រចិនខាងត្បូង មិនអាចអត់ឱនបានឡើយ។ ទន្ទឹមនេះ លោកយូន ក៏បានអំពាវនាវឱ្យមានសណ្តាប់ធ្នាប់ដែនសមុទ្រផ្អែកលើច្បាប់ នៅក្នុងសមុទ្រចិនខាងត្បូងផង។

 
នៅក្នុងកិច្ចប្រជុំអាស៊ីបូព៌ា ដែលមានវត្តមានអាម៉េរិក និងចិនផងនោះ លោកយូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង បានព្រមានពីការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន នៅក្នុងសមុទ្រចិនខាងត្បូង ដោយកម្លាំងយោធា។ មិនតែប៉ុណ្ណោះ មេដឹកនាំកូរ៉េខាងត្បូងរូបនេះ បានអំពាវនាវឱ្យគោរពច្បាប់អន្តរជាតិ និងថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិនៅក្នុងតំបន់។ 
 
«លោកយូន បានបញ្ជាក់ពីភាពចាំបាច់នៃការបង្កើតសណ្តាប់ធ្នាប់ដែនសមុទ្រដែលផ្អែកលើច្បាប់នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាផ្លូវសមុទ្រដ៏សំខាន់របស់តំបន់»។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ នៅថ្ងៃទី៧ ខែកញ្ញា។ 
 
បន្ថែមពីនេះ លោក យូនក៏បានលើកឡើងអំពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលជាការគំរាមកំហែងពិតប្រាកដទៅលើប្រទេសទាំងអស់ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ជាមួយនឹងការសង្កត់ធ្ងន់លើការទទួលខុសត្រូវរបស់សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៅលើបញ្ហានេះ។
 
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក យូនបានកើតឡើងចំពេលដែលមាន​សេចក្តី​រាយការណ៍​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើងលោក គីម ជុងអ៊ុនគ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​​រុស្ស៊ី​ក្នុង​ខែ​កញ្ញានេះ ក្នុងគោលបំណង​ជួប​ជាមួយ​ប្រធានាធិបតីរុស្ស៉ីលោក វ្ល៉ាឌីមៀ ពូទីន ដើម្បី​ពិភាក្សា​អំពី​ការ​ផ្គត់ផ្គង់​សព្វាវុធ​ដល់​ក្រុង​មូស្គូ។
 
ជុំវិញបញ្ហាលើការ​ផ្គត់ផ្គង់​សព្វាវុធ​ដល់​ក្រុង​មូស្គូនេះ ​អាម៉េរិក​បញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង នឹងរងផលវិបាកដោយសារតែ​ការ​ផ្គត់ផ្គង់​សព្វាវុធ​ដល់​រុស្ស៊ីសម្រាប់​ប្រើ​ក្នុងសង្រ្គាមនៅ​​អ៊ុយក្រែន ស្របពេលដែរ កូរ៉េខាងត្បូងបាននិយាយថា រដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិ មិនគួរបំពានលើទណ្ឌកម្ម រួមទាំងតាមរយៈកិច្ចព្រមព្រៀងសព្វាវុធឡើយ។ 
 
ក្នុងថ្ងៃដដែលនោះ លោក យូន បានជួបជាមួយនាយករដ្ឋមន្រ្តីចិន លោក លី ឈាំង នៅក្រៅកិច្ចប្រជុំអាស៊ាន។ បើតាមលោកយូន បញ្ហាកូរ៉េខាងជើង មិនគួរជាឧបសគ្គនៅក្នុងទំនាក់ទំនងចិន និងកូរ៉េខាងត្បូងទេ។ លើសពីនេះ លោកយូន បានស្នើឱ្យចិន បំពេញតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ ក្នុងនាមជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផង ដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង និងបញ្ហាផ្សេងៗ៕
 

Tag:
 កូរ៉េខាងត្បូង
  ចិន
  សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com