កីឡាជាតិ
ជាតិ
រដ្ឋមន្ដ្រីមហាផ្ទៃ ឱ្យសិក្សាលក្ខខណ្ឌសុំសិទ្ធិធ្វើម្ចាស់ផ្ទះកីឡាប៉ូលិសពិភពលោក ឆ្នាំ២០២៧
08, Sep 2023 , 3:47 pm        
រូបភាព
លោក ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ រូបពីក្រុមប្រឹក្សាក្រសួងមហាផ្ទៃ
លោក ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ រូបពីក្រុមប្រឹក្សាក្រសួងមហាផ្ទៃ
លោក ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ស្នើឲ្យមន្ដ្រីក្រោមឱវាទ ពង្រឹងសមត្ថភាពអត្ដពលិក និងពិនិត្យលក្ខណៈសម្បត្តិនានា ដើម្បីសុំសិទ្ធិធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាកងកម្លាំងនគរបាល និងពន្លត់អគ្គិភ័យពិភពលោក (World Police and Fire Games) ឆ្នាំ ២០២៧ បន្ទាប់ពី អាមេរិក ធ្វើនៅឆ្នាំ២០២៥។ រដ្ឋមន្ដ្រីរូបនេះអះអាងដូច្នេះក្នុងកិច្ចសំណេះសំណាលជាមួយអត្ដពលិកក្រសួងមហាផ្ទៃ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយបន្ថែមថា ប្រសិនមិនបានធ្វើនៅឆ្នាំ២០២៧ ក៏គួរតែអាចស្នើធ្វើនៅ ឆ្នាំ២០២៩ ឬ ឆ្នាំ២០៣១ ព្រោះការទាញយកព្រឹត្តិការណ៍កីឡាធំៗ អាចបង្ហាញកម្ពុជា ទៅកាន់ពិភពលោក។


ក្នុងកិច្ចសំណេះសំណាលជាមួយអត្ដពលិកទាំងនោះ លោក ស សុខា យល់ថា ការទាញយកព្រឹត្តិការណ៍ប្រកួតកីឡាអន្ដរជាតិធំ មកធ្វើនៅកម្ពុជា គឺជាមោទកភាពជាតិ ហើយក៏ជាការបង្ហាញសមត្ថភាព និងមុខមាត់ថ្មីរបស់កម្ពុជា ទៅកាន់បរទេស។ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃថ្មីរូបនេះ បាននិយាយដូច្នេះ៖«ប្រទេសយើង ធ្លាប់តែមានសង្គ្រាមរាំរ៉ៃ ប៉ុន្ដែឥឡូវ យើង បានរៀបចំកីឡាស៊ីហ្គេម កីឡាថ្នាក់ជាតិ។ កន្លងទៅយើង ក៏បានធ្វើកីឡាយុវជន និងស្ដ្រីក្នុងតំបន់អាស៊ាន នៅក្នុងឆ្នាំ២០១៧ លើកីឡាប៉េតង់។ យើង ចង់យកព្រឹត្តិការណ៍ធំៗ មកដាក់នៅកម្ពុជា ព្រោះនេះ គឺជាមុខមាត់ប្រទេសយើង។»។
 
លោក ស សុខា ក៏ជំរុញឲ្យមន្ដ្រី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ពង្រឹងនៅសមត្ថភាព វិន័យ និងគុណភាពរបស់កីឡាករ-កីឡាការិនី គ្រូបង្វឹកទាំងអស់ ហើយរូបលោក ក៏ស្នើឲ្យពិនិត្យមើលលក្ខណៈសម្បត្តិនានា ដើមអាចស្នើសុំធ្វើជាម្ចាស់ផ្ទះ World Police and Fire Games ឆ្នាំ២០២៧ បន្ទាប់ពីព្រឹត្តិការណ៍ នាឆ្នាំ២០២៥ ដែលនឹងធ្វើនៅសហរដ្ឋអាមេរិក។
 
«នេះ គ្រាន់តែជាការគិតទេ ព្រោះខ្ញុំ មិនដឹកថានិតីវិធីក្នុងការដាក់ពាក្យស្នើសុំនោះទេ ប៉ុន្ដែ ខ្ញុំ សូមលើកទឹកចិត្ត ប្រសិនយើង មិនបានធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៧ ក៏អាចដល់ ២០២៩ ឬ ឆ្នាំ២០៣១ ព្រោះជាមោទកភាពជាតិ។ យើង ដឹងហើយថា ឆ្នាំ២០២៥ សហរដ្ឋអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Police and Fire Games។ ប៉ុន្ដែបើតាមខ្ញុំ ដឹង នៅក្នុងឆ្នាំ២០២៧ មិនទាន់មានអ្នកកំណត់ មុខសញ្ញាណាមួយទេ ប៉ុន្ដែ មានប្រទេសមួយចំនួន ចាប់អារម្មណ៍។ ក្នុងនោះ ខ្ញុំ ចង់ឲ្យសិក្សា តើយើង អាចពិនិត្យ បើទោះជាមិនដល់ថ្នាក់ដេញថ្លៃ ប៉ុន្ដែធ្វើជាលិខិតផ្លូវការ ដើម្បីស្នើសុំធ្វើជាម្ចាស់ផ្ទះ។ ឥឡូវនេះ ឆ្នាំ២០២៣ ដល់ ២០២៧ យើង អាចសល់៣-៤ឆ្នាំទៀត។»។ រដ្ឋមន្ដ្រីក្រសួងអាណត្តិទី៧នេះ បានប្រាប់បែបនេះ។
 
ព្រឹត្តិការណ៍អន្ដរជាតិនេះ គឺមិនតូចទេប្រសិនជាធៀបទៅ និងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដោយសារតែមានប្រទេស ប្រមាណជាង ៤០-៥០ ចូលរួមប្រកួត លើច្រើនប្រភេទកីឡា។ លោក ស សុខា បន្ថែមទៀតថា ប្រសិនកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ World Police and Fire Games ឆ្នាំ២០២៧ នោះ គឺជារឿងល្អ ចំពោះការបោះឆ្នោត ដោយសារ តែប្រជាជន អាចមានពេលបន្ថយអារម្មណ៍តានតឹងគិតពីរឿងសង្គម នយោបាយ ហើយមកតាមដានគាំទ្រសកម្មភាពកីឡា។
 
«ការរៀបចំព្រឹត្តិការណ៍នេះ មិនតូចទេ ហើយធំដូចជាស៊ីហ្គេមអ៊ីចឹង ។ យើង ដឹងហើយ មានដល់ ៤០-៥០ប្រទេស ចូលរួម មិនមែនតូចទេ។ ហើយក៏ជារឿងល្អ សម្រាប់ការបោះឆ្នោត ឆ្នាំ២០២៨ កុំឲ្យប្រជាជនយើងគិតតែការងារសង្គមច្រើនពេក។»។ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា អត្ដពលិកកម្ពុជា ៤៨នាក់ បានចេញទៅប្រកួតព្រឹត្តិការណ៍ The 20th World Police and Fire Games នៅទីក្រុង Winnipeg នៃប្រទេសកាណាដា កាលពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។ អត្តពលិកទាំងនោះ ប្រកួតលើ ១៣ប្រភេទកីឡា មានដូចជា៖  វាយកូនឃ្លីលើតុ, បាល់ទះឆ្នេរខ្សាច់, ចំបាប់, ចំបាប់កាច់ដៃ, កីឡាវាយសី, យូដូ, ជឺជីតស៊ូ, ហែលទឹក, ការ៉ាតេ, វាយកូនគោល, បាល់ទះក្នុងសាល,  Bench Press និង Push Pull Lifting។ កីឡាករ-កីឡាការិនីកម្ពុជា ដណ្ដើមបានមេដាយសរុប ក្នុងមាន៖ ៧១មេដាយ ក្នុងនោះមេដាយមាស៣៣ ប្រាក់២៩ និងសំរិទ្ធ៩៕
 

Tag:
 ស សុខា
  World Police and Fire Games
© រក្សាសិទ្ធិដោយ thmeythmey.com