ជាតិ
​​​ន​យោ​បាយ​ជាតិ​
កូរ៉ខាងត្បូង សន្យាជំរុញការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឱ្យលេចចេញជារូបរាង
08, Sep 2023 , 4:19 pm        
រូបភាព
សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក Kim Jin Pyo ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ បានជួបពិភាក្សាការងារ នៅថ្ងៃទី៨ កញ្ញា​ ២០២៣ នាវិមាន៧មករា។
សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក Kim Jin Pyo ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ បានជួបពិភាក្សាការងារ នៅថ្ងៃទី៨ កញ្ញា​ ២០២៣ នាវិមាន៧មករា។
សាធារណរដ្ឋកូរ៉េ នឹងជំរុញការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឱ្យលេចចេញជារូបរាង នាពេលខាងមុខ។ សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក Kim Jin Pyo ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ បានជួបពិភាក្សាការងារ នៅថ្ងៃទី៨ កញ្ញា​ នាវិមាន៧មករា។

 
សម្ដេច ហ៊ុន សែន ចាត់ទុកជំនួយឧបត្ថម្ភសព្វបែបយ៉ាងរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង បានជួយដល់ការអភិវឌ្ឍ និងរីកចម្រើនរបស់កម្ពុជា ជាពិសេសការបញ្ជូនអ្នកសង្កេតការណ៏សម្រាប់ការបោះឆ្នោតកន្លងមក ។ សម្តេច ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះសាធារណរដ្ឋកូរ៉េ មិនបានផ្អាកការហោះហើរមកកម្ពុជា នៅអំឡុងពេលរាតត្បាតជំងឺកូវីដ ដែលបានជួយឱ្យកម្ពុជាមានច្រកចេញចូល ដោយវាជាកាយវិការមិនរើសអើងមួយ។ 
 
ហ្វេសប៊ុកប្រធានគណបក្សប្រជាជនកម្ពុជា បានសរសេរខ្លឹមសារ នាជំនួបពិភាក្សាយ៉ាងដូច្នេះ៖«អរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រកម្ពុជា ក្នុងពេលកម្ពុជា ធ្វើម្ចាស់ផ្ទះរៀបចំ ASEM ២០២១ និង ASEAN-២០២២ កន្លងមក និងបានអរគុណដែលទទួលពលករកម្ពុជា និងសូមបង្កើនចំនួនថែមទៀត។ សម្តេចក៏បានអរគុណផងដែរ ដែលសាធារណរដ្ឋកូរ៉េ បានជួយកែលំអរផ្លូវជាតិលេខ៤៨ លេខ២ លេខ២១ និងលេខ២២ ។
 
អតីតនាយករដ្ឋមន្រ្តីរូបនេះ ក៏បានស្នើឱ្យប្រធានរដ្ឋសភាកូរ៉េ ជួយជំរុញការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជានិមិត្តរូបដ៏អស្ចារ្យនៃមិត្តភាពរវាងប្រទេសទាំងពីរ។
 
«សូមគាំទ្រជំនួយ ODA ហើយនឹងជំរុញការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាគម្រោងសំខាន់របស់រដ្ឋាភិបាលទាំងពីរ ជាមូលដ្ឋានមិត្តភាពរវាងប្រទេសទាំងពីរ»។ នេះជាការឆ្លើយតបរបស់លោក Kim Jin Pyo ប្រធានសាធារណរដ្ឋកូរ៉េ ដែលបានបន្ថែមថា ក្រុមហ៊ុនកូរ៉េ កំពុងវិនិយោគនៅកម្ពុជា ដោយបានជួយហ្វឹកហ្វឺនវិស្វករ និងពលករជំនាញ ដើម្បីចូលរួមការអភិវឌ្ឍ។
 
លោក Kim Jin Pyo ក៏បានបន្ថែមថា ក្រោមការដឹកនាំរាជរដ្ឋាភិបាលអណត្តិថ្មី របស់លោក ហ៊ុន ម៉ាណែត នឹងបន្តកសាងសម្មិទផលថ្មីៗ ដើម្បីឈានទៅកាន់ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ 
 
កម្ពុជា បានគាំទ្រ កូរ៉េ ធ្វើជាម្ចាស់ផ្ទះរៀបចំ World Expo នៅប៊ូសាន នាពេលខាងមុខ។ លោក Kim Jin Pyo សង្ឃឹមថា World Expo នឹងប្រព្រឹត្តទៅដោយជោគជ័យ។
 
កាលពីចុងឆ្នាំ២០២២ រដ្ឋាភិបាលកម្ពុជា-កូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់គម្រោងសាងសង់ស្ពាន និងពង្រឹងប្រព័ន្ធអគ្គិសនី នៅកម្ពុជា។ សម្រាប់គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ មានទឹកប្រាក់៧០លានដុល្លារ និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វា, ជ្រោយចង្វា-អរិយក្សត្រ) ដែលមានទឹកប្រាក់២៤៥ ៩០៩ ០០០ដុល្លារអាម៉េរិក។
 
លោក អូន ព័ន្ធមុន្នីរ័ត រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie Chey ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណប្រចាំកម្ពុជា ជាអ្នកចុះកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងទាំង២នេះ៕
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com