កីឡាជាតិ
ជាតិ
អ្នកប្រដាល់ MMA ធាន អាត តូចចិត្ត ដែលកម្ពុជា​ គាំទ្រកីឡាករបរទេស​ ជាងកីឡាករជាតិខ្លួន
09, Sep 2023 , 10:29 am        
រូបភាព
កីឡាករ ធាន អាត ឈរចំណាត់ថ្នាក់លេខ៣ នៃការប្រកួតជើងឯកអាស៊ីលើកទី១ រូបពី Chan SomArt
កីឡាករ ធាន អាត ឈរចំណាត់ថ្នាក់លេខ៣ នៃការប្រកួតជើងឯកអាស៊ីលើកទី១ រូបពី Chan SomArt
កីឡាករប្រដាល់យុទ្ធគុនចម្រុះកម្ពុជា ធាន អាត បង្ហាញអារម្មណ៍តូចចិត្ត ដែលអ្នកគាំទ្រកម្ពុជាមិនសូវគាំទ្រកីឡាករជាតិខ្លួន ហើយបែជាគាំទ្រកីឡាករបរទេស។ ធាន អាត ដែល​ចេញទៅប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី១ (The Asian MMA Championship) នៅប្រទេសថៃដោយស្ម័គ្រចិត្ត​ ថាការលើកឡើងរបស់ខ្លួននេះមិនមែនកើតចេញពីការច្រណែនឡើយ។



កាលពីថ្ងៃទី១១-២០ ខែសីហា ឆ្នាំ២០២៣ លោក ហ៊ុន ច័ន្ទរាជ្យ អនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះ និងជាគ្រូបង្វឹក បានដឹកនាំកីឡាករ-កីឡាការិនី ៤រូប ទៅប្រកួតជើងឯកអាស៊ី លើកទី១ នៅប្រទេសថៃ។ អត្ដពលិកកម្ពុជាទាំង ៤ រូបនេះ មានកីឡាករ ២រូប ដណ្ដើមបានមេដាយ។ កីឡាករ ធាន អាត លេងលើវិញ្ញាសា Modern MMA male -60kg ទទួលបានមេដាយសំរឹទ្ធ១ ក្រោយបរាជ័យក្រោមថ្វីដៃកីឡាករមកពីប្រទេសចិន និងកីឡាករ មាស ម៉ើ លេងលើវិញ្ញាសា Traditional MMA male -77kg ក្រោយចាញ់កីឡាករចិន។
 
ដោយឡែក យោងទៅលើការបង្ហោះហ្វេសប៊ុក Chan SomArt កាលពីថ្ងៃទី៥ ខែកញ្ញា កីឡាករ MMA ធាន អាត ដែលជាម្ចាស់អាខោននេះ បានបង្ហាញពីអារម្មណ៍តូចចិត្ត ចំពោះអ្នកគាំទ្រកម្ពុជា ដោយមិនមានការលើកទឹកចិត្ត ច្រើនកុះករ ដូចជាការគាំទ្រកីឡាករបរទេស ដែលមកប្រកួតនៅកម្ពុជា។ 
  
កីឡាករ ធាន អាត ឈរនៅខាងឆ្វេងដៃ លោក ហ៊ុន ចាន់រាជ្យ រូបពីហ្វេសប៊ុក Chan SomArt

«ខ្ញុំទៅវាយ តំណាងឲ្យប្រទេសខ្មែរទាំងមូល ត្រឡប់មកប្រទេសខ្មែរវិញគ្មានការលើកទឹកចិត្ត ខុសពីកីឡាករថៃមកវាយជាមួយខ្មែរចាញ់ហើយ មានអ្នកឧបត្ថម្ភ ខ្ញុំមិនបានច្រណែននិងគេទេ គ្រាន់តែឃើញហើយតូចចិត្តនិងខ្លួនឯង។»។ កីឡាករវ័យ ៣០ ឆ្នាំរូបនេះ បានបង្ហោះសារបែបនេះ ដោយទំនងសំដៅទៅកីឡាករថៃ សាមី បានចាមេក ដែលប្រកួតចាញ់ ធន់ រិទ្ធី ហើយនៅតែទទួលបានការគាំទ្រ និងឧបត្តម្ភជាប្រាក់មួយចំនួន។
 
បើតាមការបង្ហោះលើបណ្តាញសង្គម ការផ្តល់ការគាំទ្រពីសំណាក់អ្នកគារំទ្រកម្ពុជា ទៅកាន់សាមី ដោយសារកីឡាករថៃរូបនេះ បានបង្ហាញស្មារតីអង្គអាចក្នុងនាមជាអ្នកប្រដាល់នៅលើសង្វៀន។ នៅជំនួបប្រដាល់គុនខ្មែរកាលពីចុងសប្តាហ៍មុន បើទោះរងការវាយយ៉ាងដំណំពីរិទ្ធី ប៉ុន្តែ សាមី មិនព្រមចុះចាញ់ឡើយ រហូតទាល់តែអាជ្ញាកណ្តាលបញ្ឈប់ ដោយសាររាប់៣ដងក្នុងមួយទឹក។
 
កីឡាករយុទ្ធគុនចម្រុះកម្ពុជា ធាន អាត  បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមហ្វេសប៊ុកថា ប្រសិនជាការជួយរបស់អ្នកគាំទ្រទាំងនោះ មកលើកីឡាករកម្ពុជា រូបគេ មិនមានតូចចិត្តអ្វីឡើយ ហើយកាន់តែពេញចិត្តបន្ថែមទៀត។ «អ្វី ដែលខ្ញុំ តូចចិត្តខ្លាំងជាងគេ គឺគេជួយជាតិសាសន៍ ដទៃខ្លាំងជាង ជាតិសាសន៍ខ្លួនឯងចឹង។ អ្នកខ្លះ ថាខ្ញុំច្រណែនគេ ប៉ុន្ដែ បើជួយកីឡាករខ្មែរ វិញខ្ញុំ មានតែសប្បាយចិត្តជំនួស។ តែដល់តែឃើញចឹង ខ្ញុំ តូចចិត្តខ្លួនឯង តែម្ដង។»។ កីឡាករកម្ពុជារូបនេះ បានប្រាប់ដូច្នេះ។
 
កីឡាករ MMA បានបញ្ជាក់បន្ថែមថា ការចេញទៅប្រកួតនៅប្រទេសថៃ ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី លើកទី១ គឺជាការស្ម័គ្រចិត្ត ដោយមិនមានតម្លៃខ្លួនអ្វីឡើយ។  កីឡាកររូបនេះ និយាយបន្ថែម នេះ គឺជាការបង្ហាញពីសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជា លើកីឡា MMA ដើម្បីឲ្យអន្ដរជាតិឃើញថា អត្ដពលិកកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រជែងយកមេដាយណាមួយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ប្រសិនជា MMA ត្រូវបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍នេះ បានជោគជ័យ។
 
«ថៃ មានគម្រោងរៀបដាក់ការប្រកួត MMA ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ក្នុងឆ្នាំ២០២៥ ហើយចំណែកនៅខ្មែរ យើងកីឡានេះ មិនទាន់ជាមានច្រើន។ កាលខ្ញុំ ទៅប្រកួត គឺទៅដោយស្ម័គ្រចិត្ត។ យើង ទៅប្រកួត ដោយមិនមានតម្លៃខ្លួនទេ។ យើង ទៅបង្ហាញសមត្ថភាព យើងទៅប្រកួត ហើយគេមើលយើង ថាយើងមានសមត្ថភាពធ្វើបានល្អ។ ដូច្នេះ យើង នឹងអាចចុះឈ្មោះប្រកួតស៊ីហ្គេម បានដែរ។»។ កីឡាករយុទ្ធគុនចម្រុះកម្ពុជារូបនេះ បញ្ជាក់ដូច្នេះ។
 
អ្នកប្រដាល់ ធាន អាត យល់ឃើញថា បញ្ហានេះ ប្រហែលជាប្រជាជនកម្ពុជា មិនទាន់ដឹងច្បាស់ពីកីឡានេះ ម្យ៉ាងវិញទៀត កម្ពុជា ក៏មិនសូវមានធនធានកីឡាករ-កីឡាការិនីច្រើន ដែលចំពោះកីឡា MMA។ កីឡានេះ គឺមានយូហើយ ប៉ុន្ដែ មិនត្រូវបានដាក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមទេ ដោយសារតែជាប្រភេទកីឡាមានគ្រោះថ្នាក់ខ្លាំង ប្រសិនជាធៀបជាមួយកីឡាប្រដាល់ ឬយុទ្ធគុនផ្សេងៗទៀត។ 
 
កីឡាករយុទ្ធគុនចម្រុះរូបនេះ ពន្យល់ថា យុទ្ធគុនចម្រុះ គឺខុសគ្នាពី ប្រដាល់គុនខ្មែរ ដោយសារតែ យុទ្ធគុនចម្រុះ អាចប្រើស្នៀតសម្លាប់ច្រើន ដូចជាក្លេ ដួលថែម និងពេលដួល អាចវាយគ្នា ឬប្រើស្នៀតផ្សេងៗទៀតបាន។ ចំណែក ប្រដាល់គុនខ្មែរ មិនថែមពេលដួល និងប្រើស្នៀតក្លេរទេ។
 
គួរបញ្ជាក់ថា អ្នកប្រដាល់ MMA ធាន អាត ចូលហ្វឹកហាត់ដំបូងក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ នៅក្នុងឆ្នាំ២០១០ លុះ បាន១ឆ្នាំ រូបគេ ក៏បានហ្វឹកហាត់ប្រដាល់យុទ្ធគុនចម្រុះ។ ក្នុងវិស័យប្រដាល់គុនខ្មែរនេះ ធាន អាត ពុំសូវសូវបានចេញប្រកួតឡើយ៕
 

Tag:
 ធាន អាត
  ប្រដាល់យុទ្ធគុនចម្រុះ
  MMA
© រក្សាសិទ្ធិដោយ thmeythmey.com