អន្តរជាតិ
រដ្ឋាភិបាលថៃ នឹងអនុវត្តការពន្យារពេលសងបំណុលរបស់កសិករនៅចុងឆ្នាំ២០២៣
12, Sep 2023 , 5:50 pm        
រូបភាព
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ នៅថ្ងៃទី៩ ខែកញ្ញាកន្លងទៅ។ រូបភាព Twitter_Srettha Thavisin
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ នៅថ្ងៃទី៩ ខែកញ្ញាកន្លងទៅ។ រូបភាព Twitter_Srettha Thavisin
រដ្ឋាភិបាលថៃ នឹងដាក់ចេញការពន្យារពេលសងបំណុលសម្រាប់កសិករ នៅចុងឆ្នាំ២០២៣។ លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានបញ្ជាក់បែបនេះ នៅក្នុងសភា នៅថ្ងៃទី១២ ខែកញ្ញា។ បើតាមប្រមុខរដ្ឋាភិបាលថៃ ការលើកពេលសងប្រាក់នេះ នឹងអនុវត្តទាំងប្រាក់ដើម និងការប្រាក់។



ជាថ្មីម្តងទៀតនៅក្នុងពេលថ្លែងគោលនយោបាយរបស់រដ្ឋាភិបាលទៅកាន់សភា នៅថ្ងៃទី១២ ខែកញ្ញា លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានបញ្ជាក់ពីពេលវេលា ត្រូវដាក់ចេញការពន្យារពេលសងបំណុលរបស់កសិករថៃ។ នៅចំពោះមុខសមាជិកសភា លោកសេដ្ឋា បានអះអាងថា រដ្ឋាភិបាល នឹងដាក់ចេញការពន្យារពេលសងបំណុលរបស់កសិករនៅត្រីមាសទី៤ នៃឆ្នាំ២០២៣។ 
 
បើតាមលោកសេដ្ឋា ការសងបំណុលនេះ នឹងរួមបញ្ចូលទាំងប្រាក់ដើម និងការប្រាក់ ហើយគណៈរដ្ឋមន្រ្តីថៃ នឹងជជែកបន្ថែមនៅថ្ងៃទី១៣ ខែកញ្ញា។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
បន្ថែមពីនេះ មេដឹកនាំថៃ បានបញ្ជាក់ថា រដ្ឋាភិបាលថៃនឹងជួយចែករំលែកចំណេះដឹង និងការប្រើប្រាស់បច្ចេកវិទ្យាបន្ថែមទៀត ដើម្បីកាត់បន្ថយការចំណាយ និងបង្កើនប្រាក់ចំណូល។ បន្ថែមពីនេះ លោកសេដ្ឋា ក៏បានលើកទឹកចិត្តឱ្យកសិករប្រើប្រាស់ជីធម្មជាតិ និងវិធីសាស្រ្តបង្កើនផលកសិកម្មផង។ 
 
នៅថ្ងៃទីមួយ នៃការថ្លែងគោលនយោបាយរដ្ឋាភិបាលទៅកាន់សភា នាយករដ្ឋមន្រ្តីថៃរូបនេះ បានសន្យាជួយដោះស្រាយបញ្ហាបំណុលឱ្យកសិករ រួមការការពន្យារពេលសងបំណុលផង។ 
 
តាមប្រភពរបស់ក្រសួងហិរញ្ញវត្ថុថៃ ការពន្យារពេលសងបំណុល អាចអនុវត្តរយៈពេល ៣ឆ្នាំសម្រាប់កសិករមានកសិកម្មទ្រង់ទ្រាយតូច និងមិនជំពាក់បំណុលលើសពីជាង ២៨០៥០ដុល្លារ ឬ១លានបាត៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com