អន្តរជាតិ
ប្រធានសភាតំណាងអាម៉េរិក បញ្ជាឱ្យបើកការស៊ើបអង្កេតដកតំណែងលោក ចូ បៃឌិន
13, Sep 2023 , 11:00 am        
រូបភាព
ប្រធានសភាតំណាង លោក Kevin McCarthy។ រូបភាព AP
ប្រធានសភាតំណាង លោក Kevin McCarthy។ រូបភាព AP
ប្រធានសភាតំណាង លោក Kevin McCarthy នៅថ្ងៃទី១២ ខែកញ្ញា បានបញ្ជាឱ្យគណៈកម្មាធិការរបស់សភាតំណាងបើកការស៊ើបអង្កេតដើម្បីដកតំណែង លើលោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ក្រោមបទចោទរំលោភអំណាច និងអំពើពុករលួយ។ ការបើកការស៊ើបអង្កេតនេះ ធ្វើឡើងមុនការបោះឆ្នោតរើសប្រធានាធិបតីអាម៉េរិកនៅឆ្នាំ២០២៤។

 
ជារឿងគួរឱ្យភ្ញាក់ផ្អើល ប្រធានសភាតំណាង លោក Kevin McCarthy បានប្រកាសបើកការស៊ើបអង្កេតដើម្បីដកតំណែងលោកប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ពាក់ព័ន្ធនឹងបទចោទរំលោភអំណាច ការរារាំង និងអំពើពុករលួយ។ ការបញ្ជាឱ្យបើកការស៊ើបអង្កេតនេះ ធ្វើឡើងក្រោយពេលសមាជិកសភាមកពីបក្សសាធារណរដ្ឋព្រមានឱ្យលោក McCarthy បើកការស៊ើបអង្កេតលើលោកបៃឌិន បើមិនចង់ឱ្យមានការដាក់សំណើដកលោកចេញពីប្រធានសភាទេនោះ 
 
«នេះជាការចោទប្រកាន់លើការរំលោភអំណាច, ការរារាំង និងអំពើពុករលួយ»។ ប្រធានសភាតំណាងអាម៉េរិក បានបញ្ជាក់បែបនេះ នៅពីក្រៅការិយាល័យរបស់លោកនៅ Capitol Hill ដោយបន្តថា លោកបញ្ជាឱ្យគណៈកម្មាធិការរបស់សភាតំណាង បើកការស៊ើបអង្កេតដកតំណែងជាផ្លូវការលើលោកបៃឌិន។ គណៈកម្មាធិការត្រួតពិនិត្យ ជាអ្នកដឹកនាំការស៊ើបអង្កេតនេះ។ 
បើតាមលោក McCarthy គណៈកម្មាធិការត្រួតពិនិត្យ នឹងស៊ើបអង្កេតទៅក្នុងគ្រួសាររបស់លោកបៃឌិន ដោយមានការពិនិត្យលើធុរកិច្ចគ្រប់គ្រងដោយកូនប្រុសរបស់លោកបៃឌិន គឺលោក Hunter Biden ចាប់តាំងពីមុនពេលមេដឹកនាំរូបនេះ ចូលកាន់តំណែងជាប្រធានាធិបតី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ 
 
សេតវិមានក៏ប្រតិបកម្មតបការបញ្ជានេះដែរ។ អ្នកនាំពាក្យសេតវិមានទទួលបន្ទុកលើការត្រួតពិនិត្យ និងស៊ើបអង្កេត លោក Ian Sams បានចាត់ទុកសកម្មភាពនោះថា មានលក្ខណៈនយោបាយដ៏អាក្រក់បំផុត។ នៅក្នុងសំណេរលើបណ្តាញសង្គម X លោក Ian Sams បានអះអាងថា សមាជិកសភាបក្សសាធារណរដ្ឋបានស៊ើបអង្កេតលើលោកប្រធានាធិបតីរយៈពេល ៩ ខែមកហើយ ប៉ុន្តែមិនបានរកឃើញព័ស្តុតាងនៃការប្រព្រឹត្តកំហុសឡើយ។
 
ស្របគ្នានេះ មេដឹកនាំសមាជិកសភាមកបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាង លោក Hakeem Jeffries បានហៅការស៊ើបអង្កេតនោះថា ខុសច្បាប់ ហើយបក្សប្រជាធិបតេយ្យ នឹងការពារលោកបៃឌិនរហូតដល់ចុងបញ្ចប់។ បើតាមមេដឹកនាំរូបនេះ លោកបៃឌិនជាមនុស្សល្អ និងស្មោះត្រង់។
 
យ៉ាងណាមិញ វាមិនមានការបោះឆ្នោតនៅក្នុងសភាតំណាងឡើយ ពាក់ព័ន្ធនឹងការស៊ើបអង្កេតលើលោកបៃឌិន។ បន្ថែមពីនេះ  ការប្រកាសបើកការស៊ើបអង្កេតលើលោកបៃឌិន ក៏បានធ្វើឱ្យសមាជិកសភាមកពីបក្សសាធារណរដ្ឋ មានការខ្វែងគំនិតគ្នាផងដែរ ដោយសមាជិកមួយចំនួនយល់ថា ការបើកការស៊ើបអង្កេតលើលោកបៃឌិន ជាគំនិតមិនល្អ។ 
 
ជាការពិត ការស៊ើបអង្កេតដើម្បីដកតំណែងលើលោក បៃឌិន ពីតំណែងប្រធានាធិបតីនេះ គឺធ្វើឡើងមុនការបោះឆ្នោតប្រធានាធិបតីអាម៉េរិក នឹងមកដល់នៅចុងឆ្នាំ២០២៤ ខាងមុខ។ លោក បៃឌិន ក៏បានប្រកាសបន្តឈរឈ្មោះជាប្រធានាធិបតីនៅអាណត្តិទី២ ផង បើទោះលោកមានវ័យជាង ៨០ឆ្នាំទៅហើយ។ 
 
មុនការប្រកាសបើកការស៊ើបអង្កេតពីសំណាក់ប្រធានសភាតំណាង លោក Matt Gaetz សមាជិកសភាមកពីបក្សសាធារណរដ្ឋមាននិន្នាការអភិរក្សនិយម បានទទូចឱ្យលោក McCarthy បើកការស៊ើបអង្កេតលើលោកបៃឌិន ប្រសិនបើមិនចង់ឱ្យសំណើដកប្រធានសភាតំណាងដាក់ទៅកាន់សភា ដោយសារមិនគោរពតាមកិច្ចព្រមព្រៀង ដែលធ្លាប់ធ្វើពីមុនមក។ 
 
លោក McCarthy បានធ្វើកិច្ចព្រមព្រៀងជាមួយសមាជិកសភាមកពីបក្សសាធារណរដ្ឋ ដែលមាននិន្នាការប្រកាន់ស្តាំនិយម ដើម្បីទទួលបានសំឡេងភាគច្រើន ក្នុងការធ្វើជាប្រធានសភាតំណាងនេះ។ 
 
កន្លងមក កូនប្រុសលោកបៃឌិន លោក Hunter Biden បានរងបទចោទមួយចំនួនពាក់ព័ន្ធនឹងការបង់ពន្ធលើប្រាក់ចំណូលប្រមាណ២០ម៉ឺនដុល្លារ និងការទិញកាំភ្លើង។
 
សូមបញ្ជាក់ថា ការចោទប្រកាន់លើលោកបៃឌិន បែបនេះ ត្រូវបានគេមើលឃើញថា​ជាការបង្វែរការចាប់អារម្មណ៍លើលោក ដូណាល់ ត្រាំ ដែលជាបេក្ខជននាំមុខក្នុងការប្រជែងការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋមួយរូប។ លោកត្រាំ បានរងបទចោទមួយចំនួន ក្នុងនោះរួមមានបទចោទរៀបចំផែនការផ្លាស់ប្ដូរលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០៕
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com