អន្តរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទិកទៅសមុទ្រខាងកើត មុនលោក គីម ជួបលោក ពូទីន
13, Sep 2023 , 12:11 pm        
រូបភាព
រូបភាព KCNA
រូបភាព KCNA
កូរ៉េខាងជើង នៅថ្ងៃទី១៣ ខែកញ្ញា បានបាញ់មីស៊ីលប៉ាលីស្ទិកចម្ងាយខ្លីចំនួន ពីរគ្រាប់ទៅសមុទ្រខាងកើត។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។ ការបាញ់មីស៊ីលនេះ ធ្វើឡើងស្របពេល លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង កំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ី។

 
តាមការបញ្ជាក់របស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង នៅថ្ងៃទី១៣ ខែកញ្ញា កូរ៉េខាងត្បូង ចាប់បានសញ្ញានៃការបាញ់មីស៊ីលចំនួន ២គ្រាប់ នៅចន្លោះម៉ោង ១១ និង៤៣នាទី និង១១៥៣នាទីទៅសមុទ្រខាងកើត។ យ៉ាងណាមិញ យោធាកូរ៉េខាងត្បូង មិនបានបញ្ជាក់អ្វីបន្ថែមឡើយ។ 
 
ការបាញ់មីស៊ីលនេះ ធ្វើឡើងស្របពេលលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង កំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ី។ ក្នុងថ្ងៃដដែលនេះ លោកគីម ក៏បានជួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅផែអវកាស Vostochny។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Tass។ 
 
«អរគុណសម្រាប់ការអញ្ជើញយើង បើទោះអ្នកមានការងារមមាញឹកក៏ដោយ»។ លោកគីម បានប្រាប់លោកពូទីនបែបនេះ៕
 
ក្នុងជំនួបនេះ អ្នកជំនាញ បានរំពឹងថា លោក គីម និងលោកពូទីន អាចចុះកិច្ចព្រមព្រៀងអាវុធ ដែលអនុញ្ញាតឱ្យកូរ៉េខាងជើងផ្គត់ផ្គង់អាវុធសម្រាប់រុស្ស៊ី សម្រាប់សង្រ្គាមនៅអ៊ុយក្រែន។ ជាការឆ្លើយតប រុស្ស៊ី អាចនឹងផ្ទេរកម្មវិធីបច្ចេកវិទ្យាអាវុធមួយចំនួនទៅកូរ៉េខាងជើងវិញ។ កិច្ចព្រមព្រៀងនេះ ក៏ត្រូវបានអាម៉េរិកព្រមានកូរ៉េខាងជើងផង ប្រសិនបើកើតមានឡើង។ 
 
បើទោះរងទណ្ឌកម្មពីក្រុមប្រឹក្សាសន្តិសុខ និងសហគមន៍អន្តរជាតិក៏ដោយ រដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅតែបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ក្រោមហេតុផលការពារសន្តិសុខរបស់ប្រទេស៕ 
 
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com