អន្តរជាតិ
លោកគីមប្រាប់លោកពូទីនថា កូរ៉េខាងជើងគាំទ្ររុស្ស៊ីប្រយុទ្ធប្រឆាំងលោកខាងលិច
14, Sep 2023 , 9:09 am        
រូបភាព
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ជាមួយលោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព AP
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ជាមួយលោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព AP
ក្នុងដំណើរទស្សនកិច្ចនៅរុស្ស៊ី លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានប្រាប់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីនថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង គាំទ្រការប្រយុទ្ធរបស់ក្រុងមូស្គូប្រឆាំងប្រទេសលោកខាងលិច។ ទន្ទឹមនេះ​ លោក គីម បានបញ្ជាក់ថា លោកគាំទ្ររាល់សេចក្តីសម្រេចរបស់លោកពូទីន។

 
នៅថ្ងៃទី១៣ ខែកញ្ញា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅមជ្ឈមណ្ឌលបញ្ជូនយានទៅអវកាស Vostochny Cosmodrome ក្នុងតំបន់Amur។ ក្នុងជំនួបនេះ លោក គីម បានប្រាប់លោកពូទីនថា រុស្ស៊ីកំពុងតែមានការប្រយុទ្ធដ៏សំខាន់ប្រឆាំងនឹងប្រទេសលោកខាងលិច ហើយរដ្ឋាភិបាលក្រុងព្យុងយ៉ាង នឹងធ្វើការជាមួយក្រុងមូស្គូ ដើម្បីប្រឆាំងនឹងចក្រពត្តិនិយម។ 
 
ទំនងសំដៅដល់សង្រ្គាមនៅអ៊ុយក្រែន លោក គីម បានបន្ថែមថា លោកគាំទ្ររាល់សេចក្តីសម្រេចទាំងអស់ ដែលធ្វើឡើងដោយលោកពូទីន។ 
 
«ទំនាក់ទំនងកូរ៉េខាងជើង ជាមួយរុស្ស៊ី ជាកិច្ចការដ៏អាទិភាពរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង»។ លោក គីម បានបញ្ជាក់បែបនេះទៅកាន់លោកពូទីន នៅពេលចាប់ផ្តើមនៃជំនួប ដោយបន្តថា ការអញ្ជើញមកកាន់រុស្ស៊ីនេះ គឺចំពេលដ៏សំខាន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
ជាការឆ្លើយតប លោកពូទីន បានសង្ឃឹមថា លោកអាចនឹងលើកយកប្រធានបទកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច  ស្ថានភាពសន្តិសុខលើឧបទ្វីបកូរ៉េ និងបញ្ហាមនុស្សធម៌ យកទៅជជែកជាមួយលោកគីម។ លើសពីនេះ លោកពូទីន បានបញ្ជាក់ថា ភាគីទាំងពីរ នឹងជជែកពីគ្រប់ប្រធានបទទាំងអស់។ 
 
ក្នុងថ្ងៃដដែលនេះ វិមានក្រេមឡាំង ក៏បានបញ្ជាក់ផងដែរថា មេដឹកនាំរុស្ស៊ី និងកូរ៉េខាងជើង អាចនឹងជជែកពីទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិសេដ្ឋកិច្ច និងប្រធានបទសំខាន់ៗផ្សេងទៀត ដែលមិនអាចបង្ហាញជាសាធារណៈបានឡើយ។ 
 
ជំនួបនៅមជ្ឈមណ្ឌលអវកាសនេះ អាចជាសញ្ញានៃការចាប់ដៃគ្នារវាងអ្នកជិតខាងទាំង២ ខណៈកូរ៉េខាងជើង បានបរាជ័យក្នុងការបញ្ជូនផ្កាយរណបចារកិច្ចទៅក្នុងអវកាសក្នុងរយៈពេល ៤ខែចុងក្រោយ។ បើតាមលោកពូទីន ក្រុងមូស្គូ អាចជួយក្រុងព្យុងយ៉ាង ក្នុងការកសាងផ្កាយរណប។ 
 
កន្លងមក អាម៉េរិក និងអ្នកជំនាញ បានដាក់ការសង្ស័យថា ដំណើរទស្សនកិច្ចរបស់លោកគីម ទៅរុស្ស៊ី អាចនឹងមានកិច្ចព្រមព្រៀងអាវុធ។ តាមរយៈកិច្ចព្រមព្រៀងនេះ កូរ៉េខាងជើង អាចនឹងផ្តល់អាវុធទៅរុស្ស៊ី សម្រាប់សង្រ្គាមនៅអ៊ុយក្រែន ដើម្បីជាថ្នូរនឹងបច្ចេកវិទ្យាអាវុធ ក៏ដូចជាផ្កាយរណបចារកិច្ចជាដើម។ 
 
សូមបញ្ជាក់ថា ប្រសិនបើមានកិច្ចព្រមពៀងអាវុធរវាងរុស្ស៊ី និងកូរ៉េខាងជើងមែន វានឹងត្រូវចាត់ទុកថា បំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។  កន្លងមក សេចក្តីសម្រេចនេះ បានហាមឃាត់មិនឱ្យមានការធ្វើពាណិជ្ជកម្មអាវុធណាមួយ ជាមួយនឹងកូរ៉េខាងជើងឡើយ៕ 
 

Tag:
 កូរ៉េខាងជើង
  រុស្ស៊ី
  លោកខាងលិច
© រក្សាសិទ្ធិដោយ thmeythmey.com