អន្តរជាតិ
លោក ពូទីន ទទួលការអញ្ជើញពីលោក គីម ទៅទស្សនកិច្ចនៅកូរ៉េខាងជើង
14, Sep 2023 , 11:03 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៤ ខែកញ្ញា បានទទួលសំណើធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងតាមការអញ្ជើញពីលោក គីម ជុងអ៊ុន។ យ៉ាងណាមិញ ភាគីទាំងពីរ មិនបានបញ្ជាក់ពេលវេលាទស្សនកិច្ចនេះឡើយ។

 
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៣ ខែកញ្ញា បានជួបជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នៅមជ្ឈមណ្ឌលបញ្ជូនយានអវកាសទៅលំហ ដោយជជែកពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបញ្ហាប្រឈមផ្សេងទៀត។ បន្ទាប់ពីជំនួបនោះ លោក គីម បានអញ្ជើញលោកពូទីន ឱ្យធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង។ 
 
«លោក គីម ជុងអ៊ុន បានអញ្ជើញលោកពូទីនទៅធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង ក្នុងពេលដ៏សមរម្យមួយ»។ ទីភ្នាក់ងារព័ត៌មាន KCNA បានចុះផ្សាយបែបនេះ ដោយបន្តថា លោកពូទីន បានទទួលសំណើធ្វើទស្សនកិច្ចកូរ៉េខាងជើង ហើយមេដឹកនាំរុស្ស៊ីរូបនេះ បានបន្ថែមថា រុស្ស៊ី នឹងបន្តរក្សាទំនាក់ទំនងទ្វេភាគី ដែលមានលក្ខណៈប្រវត្តិសាស្រ្ត និងប្រពៃណី។ ប្រសិនបើលោកពូទីន នឹងបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងមែន នេះជាវត្តមានលើកដំបូងរបស់លោកនៅក្នុងប្រទេសអាស៊ីខាងកើតមួយនេះ បើគិតចាប់តាំងពីកាន់តំណែងប្រធានាធិបតីមក។ 
យ៉ាងណាមិញ ភាគីទាំងពីរមិនបានបញ្ជាក់ឡើយ ថាតើលោកពូទីននឹងបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងនៅពេលណា។ ទន្ទឹមនេះ លោកគីម បានបន្ថែមថា លោកធានាថា រុស្ស៊ីនឹងឈ្នះជាមួយភាពជោគជ័យដ៏ខ្លាំងក្លាលើសត្រូវរបស់ខ្លួន។ 
 
បន្ទាប់ពីជំនួបជាមួយលោកពូទីន លោកគីម មានទស្សនកិច្ចទៅទីក្រុងចំនួនពីរទៀតរបស់រុស្ស៊ី ដែលស្ថិតនៅភាគខាងកើត ដោយខ្លួនឯង។ លោកគីម នឹងហោះទៅក្រុង  Komsomolsk-on-Amur ដើម្បីពិនិត្យលើរោងចក្រយន្តហោះចម្បាំង និងក្រុង Vladivostok ដើម្បីមើលកម្លាំងជើងទឹកប៉ាស៊ីហ្វិករបស់រុស្ស៊ី។ 
 
ជំនួបនៅមជ្ឈមណ្ឌលបាញ់យានអវកាស Vostochny Cosmodrome អ្នកជំនាញមួយចំនួន បានយល់ថា លោកគីម អាចនឹងស្វះស្វែងរកជំនួយពីរុស្ស៊ី ដើម្បីជួយអភិវឌ្ឍផ្កាយរណបចារកិច្ចរបស់ខ្លួន។ កន្លងមក ក្រុងព្យុងយ៉ាង បានបាញ់ផ្កាយរណបចារកិច្ចចំនួន ២លើក ប៉ុន្តែត្រូវទទួលបរាជ័យ។ យ៉ាងណាមិញ លោកពូទីន នៅថ្ងៃទី១៣ ខែកញ្ញា​ បានបង្ហើបពីលទ្ធភាព ដែលក្រុងមូស្គូ អាចជួយក្រុងព្យុងយ៉ាង ក្នុងការកសាងផ្កាយរណបចារកិច្ច។ 
 
យ៉ាងណាមិញ លោកពូទីន មិនបានឆ្លើយសំណួរលើកិច្ចសហប្រតិបត្តិការយោធាជាមួយកូរ៉េខាងជើងនោះទេ ខណៈមានការចោទប្រកាន់ពីប្រទេសលោកខាងលិចថា ក្រុងព្យុងយ៉ាង អាចផ្តល់អាវុធឱ្យក្រុងមូស្គូ ដែលកំពុងតែខ្វះខាតអាវុធប្រឆាំងនឹងក្រុងកៀវ។ បើតាមលោកពូទីន រុស្ស៊ីគោរពទណ្ឌកម្ម ដែលហាមឃាត់ការទទួលបានអាវុធពីក្រុងព្យុងយ៉ាង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ 
 
ក្នុងពិធីពិធីលៀងសាយភោជន៍ លោកពូទីន បានចាត់ទុកកូរ៉េខាងជើងជាប្រទេសជិតខាងល្អ ហើយសន្យាអភិវឌ្ឍទំនាក់ទំនងជាមួយកូរ៉េខាងជើង និងសុខមាលភាព រួមទាំងវិបុលភាពរបស់ប្រជាជន។ ជាការឆ្លើយតប លោកគីម បានអះអាងថា លោកមានឆន្ទៈក្នុងការធ្វើការ សម្រាប់យុគទំនាក់ទំនងកូរ៉េខាងជើង និងរុស្ស៊ីថ្មីប្រកបដោយស្ថិរភាព។ លើសពីនេះ លោកគីម បានជូនពរឱ្យលោកពូទីនមានសុខភាពល្អ និងទទួលជោគជ័យក្នុងការកសាងរុស្ស៊ីឱ្យមានឥទ្ធិពលផង។
 
ក្នុងសន្និសីទសារព័ត៌មានមួយ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក  អាន់តូនីញ៉ូ ហ្គូតេរ៉េស បានព្រមានថា រាល់កិច្ចសហប្រតិបត្តិការណាមួយ ជាមួយកូរ៉េខាងជើង ត្រូវតែគោរពតាមទណ្ឌកម្ម ដែលដាក់ចេញដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ កន្លងមក ក្រុងព្យុងយ៉ាង បានរងទណ្ឌកម្មជាច្រើន ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខ។ 
 
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Matthew Miller បានបញ្ជាក់ថា រាល់កិច្ចសហប្រតិបត្តិការណាមួយជាមួយកូរ៉េខាងជើង នឹងបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ទន្ទឹមនេះ កូរ៉េខាងត្បូង នៅតែបង្ហាញពីក្តីបារម្ភទាក់ទិននឹងរុស្ស៊ី និងកូរ៉េខាងជើង អាចមានកិច្ចសហប្រតិបត្តិការយោធាជាមួយគ្នា។ 
 
ខណៈមានជំនួបរវាងលោកគីម និងលោកពូទីន ក្រសួងការបរទេសអាម៉េរិក បានផ្តល់ភ្លើងបៃតង ដែលអាចមានលទ្ធភាពលក់យន្តហោះចម្បាំង F-35A រហូតដល់២៥គ្រឿង ទៅកូរ៉េខាងត្បូង។ កិច្ចព្រមព្រៀងលក់នេះ អាចមានតម្លៃរហូតដល់ជាង ៥ពាន់លានដុល្លារឯណោះ៕ 
 

Tag:
 រុស្ស៊ី
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com