អន្តរជាតិ
ចិនថា ខ្លួនមិនបានហាមឃាត់ការទិញទូរសព្ទដៃយីហោបរទេសណាមួយឡើយ
14, Sep 2023 , 3:59 pm        
រូបភាព
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន (ក្នុងរង្វង់)។ រូបភាព AFP និងក្រសួងការបរទេសចិន
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន (ក្នុងរង្វង់)។ រូបភាព AFP និងក្រសួងការបរទេសចិន
ក្រសួងការបរទេសចិន នៅថ្ងៃទី១៣ ខែកញ្ញា បានបញ្ជាក់ថា ចិនមិនបានហាមឃាត់ការទិញ ឬប្រើប្រាស់ទូរសព្ទដៃយីហោរបស់បរទេសឡើយ។

 
នៅពេលថ្មីៗនេះ សារព័ត៌មានអាម៉េរិកមួយចំនួនដូចជា Bloomberg បានចុះផ្សាយថា ចិន បានហាមឃាត់មន្រ្តីរដ្ឋាភិបាល និងបុគ្គលិកក្នុងក្រុមហ៊ុនរដ្ឋ មិនឱ្យប្រើប្រាស់ទូរសព្ទ ដែលមានយីហោរបស់បរទេស ដូចជាiPhone ជាដើម ខណៈដែលចិន និងអាម៉េរិក កំពុងមានជម្លោះបច្ចេកវិទ្យាស្រាប់។
 
ជាការឆ្លើយតបនឹងរបាយការណ៍បែបនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានអះអាងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ចិន មិនបានហាមឃាត់ការប្រើប្រាស់ទូរសព្ទយីហោបរទេសណាមួយឡើយ។ 
 
«ចិន មិនបានដាក់ចេញច្បាប់ បទបញ្ញត្តិ ឬគោលនយោបាយ ដែលហាមឃាត់ការទិញ ឬប្រើប្រាស់ទូរសព្ទដៃយីហោបរទេសដូចជា Apple នោះទេ»។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា រដ្ឋាភិបាលក្រុងប៉េកាំងសង្ឃឹមថា ក្រុមហ៊ុនទូរសព្ទទាំងអស់នឹងគោរពច្បាប់ បទបញ្ញត្តិ រួមទាំងពង្រឹងការគ្រប់គ្រងសន្តិសុខព័ត៌មានទាំងអស់។​
 
ទន្ទឹមនេះ​ មន្រ្តីក្រសួងការបរទេសចិន ក៏បានលើកឡើងពីបញ្ហាវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើទូរសព្ទiPhone ផង។ 
 
កន្លងមក វាមានការវាយប្រហារ ឬលួចព័ត៌មានពីអ្នកប្រើប្រាស់ទូរសព្ទ iPhone។ ដោយសារតែបញ្ហានេះ ក្រុមហ៊ុន Apple បានជំរុញឱ្យអ្នកប្រើប្រាស់ iPhone ធ្វើបច្ចុប្បន្នភាពទូរសព្ទដៃរបស់ខ្លួនទៅជំនាន់ 16.6.1 ដើម្បីការពារសន្តិសុខលើទូរសព្ទដៃ។ 
 
ចំណែកអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Jonh Kirby បានចាត់ទុកសកម្មភាពរបស់ចិនតាមអ្វីដែលបានរាយការណ៍ ជាការសងសឹកដែលមិនត្រឹមត្រូវ និងខ្លាំងជ្រុលចំពោះក្រុមហ៊ុនអាម៉េរិក ។ 
 
សូមបញ្ជាក់ថា​ ចិន ជាទីផ្សារដ៏ធំមួយរបស់ក្រុមហ៊ុន Apple ក្នុងការលក់ផលិតផលរបស់ខ្លួន។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៩ ខែកញ្ញា ក្រោយរបាយការណ៍ចិនហាមមន្រ្តីខ្លួនមិនឱ្យប្រើប្រាស់ iPhone ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះយ៉ាងគំហុកពោលគឺប្រមាណ ៦ភាគរយ ដោយមានតម្លៃជិត ២០០ពាន់លានដុល្លារ។ គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ភាគហ៊ុនរបស់ក្រុមហ៊ុន Apple នៅតែបន្តដាំក្បាលចុះដដែល៕
 

Tag:
 ចិន
  អាម៉េរិក
  iPhone
© រក្សាសិទ្ធិដោយ thmeythmey.com