អន្តរជាតិ
ប្រមុខការទូតជប៉ុនថ្មី ប្តេជ្ញាជំរុញឱ្យចិនបន្តបង្ហាញកាយវិការប្រកបដោយការទទួលខុសត្រូវ
14, Sep 2023 , 5:03 pm        
រូបភាព
លោកស្រី យូកូ កាមិកាវ៉ា រដ្ឋមន្រ្តីការបរទេសជប៉ុនថ្មី នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៤ ខែកញ្ញា។ រូបភាព ក្រសួងការបរទេសជប៉ុន
លោកស្រី យូកូ កាមិកាវ៉ា រដ្ឋមន្រ្តីការបរទេសជប៉ុនថ្មី នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៤ ខែកញ្ញា។ រូបភាព ក្រសួងការបរទេសជប៉ុន
រដ្ឋមន្រ្តីការបរទេសជប៉ុនថ្មី លោកស្រី យូកូ កាមិកាវ៉ា នៅថ្ងៃទី១៤ ខែកញ្ញា បានប្តេជ្ញាបន្តជំរុញឱ្យចិនបង្ហាញកាយវិការប្រកបដោយការទទួលខុសត្រូវ រួមទាំងរក្សាការចចរចាជាមួយប្រទេសជិតខាងខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមរួម។

 
ក្នុងការរុះរើគណៈរដ្ឋមន្រ្តីជប៉ុនថ្មី លោកស្រី យូកូ កាមិកាវ៉ា ត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសជប៉ុនថ្មី ជំនួសលោកយ៉ូស៊ីម៉ាសា ហាយ៉ាស៊ី។ លោកស្រីកាមិកាវ៉ា ជាស្រ្តីដំបូង ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសជប៉ុនថ្មី ក្នុងរយៈពេល ២០ឆ្នាំមកនេះ។ 
 
ក្នុងសន្និសីទសារព័ត៌មានលើកដំបូង នៅថ្ងៃទី១៤ ខែកញ្ញា ប្រមុខការទូតជប៉ុន បានលើកឡើងពីតួនាទីរបស់ចិនក្នុងកិច្ចការអន្តរជាតិ។
 
«វាមានភាពចាំបាច់សម្រាប់ជប៉ុនក្នុងការលើកឡើងពីបញ្ហាដែលត្រូវនិយាយ រួមទាំងជំរុញឱ្យចិនបង្ហាញកាយវិការប្រកបដោយការទទួលខុសត្រូវ, ការរក្សាកិច្ចសន្ទនា និងធ្វើការរួមគ្នាលើបញ្ហាប្រឈមរួម»។ រដ្ឋមន្រ្តីការបរទេសជប៉ុនថ្មី ដែលមានវ័យ៧០ឆ្នាំ បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា គោលនយោបាយការបរទេសរបស់រដ្ឋាភិបាលលោកគីស៊ីដា ហ្វូមីអូ គឺមិនមានការប្រែប្រួលឡើយ។ 
 
មិនតែប៉ុណ្ណោះ ប្រមុខការទូតជប៉ុន បានបន្ថែមថា ប្រទេសជិតខាងទាំងពីរ ត្រូវតែមានកិច្ចខិតខំឱ្យបានខ្លាំងដើម្បីរៀបចំទំនាក់ទំនងឱ្យមានស្ថិរភាព និងប្រកបដោយការស្ថាបនា។ លោកស្រី កាមិកាវ៉ា បានកត់សម្គាល់ថា​ ចិន និងជប៉ុនមានបញ្ហាប្រឈមជាច្រើន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ការផ្លាស់ប្តូររដ្ឋមន្រ្តីការបរទេសជប៉ុនថ្មីបែបនេះ ធ្វើឡើងស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងតូក្យូ កំពុងមានភាពចម្រូងចម្រាសលើបញ្ហាការបញ្ចេញទឹកបន្សុទ្ធជាតិវិទ្យុសកម្មរួច ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងជម្លោះដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូងថែមទៀត។ ចិនបានហាមឃាត់ការនាំចូលផលិតផលគ្រឿងសមុទ្រពីជប៉ុន។ 
 
ចំណែកបញ្ហារុស្ស៊ីវិញ លោកស្រី កាមិកាវ៉ា បានព្រមានថា​ រដ្ឋាភិបាលក្រុងតូក្យូ នឹងបន្តដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរលើក្រុងមូស្គូស្របតាមក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ (G7) និងសហគមន៍អន្តរជាតិ៕ 
 

Tag:
 ជប៉ុន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com