អន្តរជាតិ
ជប៉ុន ប្ដូររដ្ឋមន្រ្តីការពារជាតិនិងការបរទេសក្នុងការរុះរើគណៈរដ្ឋមន្រ្តី
13, Sep 2023 , 6:39 pm        
រូបភាព
លោកស្រី Yoko Kamikawa រដ្ឋមន្រ្តីការបរទេសជប៉ុន។ រូបថត AFP
លោកស្រី Yoko Kamikawa រដ្ឋមន្រ្តីការបរទេសជប៉ុន។ រូបថត AFP
នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ បានផ្លាស់ប្តូរតំណែងគណៈរដ្ឋមន្រ្តីទ្រង់ទ្រាយធំ ដែលបានប្ដូររដ្ឋមន្ត្រីការពារជាតិ និងការបរទេស។ ការផ្លាស់ប្ដូរនេះ ក៏បង្កើនចំនួនស្ត្រីនៅក្នុងគណៈរដ្ឋមន្ត្រីជប៉ុនដែរ។

 
តាមការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋាភិបាលលោក Hirokazu Matsuno ចំពោះក្រសួងការបរទេស លោក Yoshimasa Hayashi ត្រូវបានជំនួសដោយអតីតរដ្ឋមន្ត្រីយុត្តិធម៌លោកស្រី Yoko Kamikawa អាយុ៧០ឆ្នាំ។ លោកស្រីដែលជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រី៥នាក់ទៀតនៅក្នុងគណៈរដ្ឋមន្ត្រីថ្មី។
 
សម្រាប់ក្រសួងការពារជាតិវិញ លោក Yasukazu Hamada ត្រូវជំនួសដោយលោក Minoru Kihara អាយុ៥៤ឆ្នាំដែលពីមុនធ្លាប់ធ្វើជាលេខាធិការសភាសម្រាប់កិច្ចការពារជាតិ។ រដ្ឋមន្ត្រីកសិកម្មលោក Tetsuro Nomura ដែលថ្មីៗនេះរងការរិះគន់ជុំវិញបញ្ហាទឹកដែលធ្វើប្រព្រឹត្តពីរោងចក្រ Fukushima ត្រូវបានជំនួសដោយលោក Ichiro Miyashita ដែលអាយុ៦៥ឆ្នាំ។
 
យ៉ាងណាក្ដី លោក គីស៊ីដា រក្សាទុកលោក Shunichi Suzuki ជារដ្ឋមន្ត្រីហិរញ្ញវត្ថុដដែល។ 
 
ការរុះរើគណៈរដ្ឋមន្រ្តីនេះ រំពឹងបង្កើនប្រជាប្រិយភាពលោក គីស៊ីដា ឡើងវិញ បន្ទាប់ពីធ្លាក់ចុះខ្លាំងដោយសារការកើនឡើងថ្លៃទំនិញ។ នៅថ្ងៃទី១០ ខែកញ្ញា នាយករដ្ឋមន្រ្តីជប៉ុន ក៏បានប្រកាសពីគម្រោងអនុវត្តកញ្ចប់សេដ្ឋកិច្ចដើម្បីដោះស្រាយផលប៉ះពាល់នៃការកើនឡើងតម្លៃលើអ្នកប្រើប្រាស់ដែរ។
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com