ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន ម៉ាណែត ប្រាប់លោក ស៊ី ថា ការជ្រើសរើសចិន ធ្វើទស្សនកិច្ចដំបូងគេ ជាសារនយោបាយកម្ពុជា
15, Sep 2023 , 2:52 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រាប់លោក ស៊ី ជិនភីង ប្រធានាធិបតីចិនថា ការជ្រើសរើសចិន ដើម្បីធ្វើទស្សនកិច្ចដំបូងគេនេះ គឺជាសារមួយ ដើម្បីបង្ហាញពីជំហរនយោបាយកម្ពុជា ចំពោះរដ្ឋាភិបាលចិន។


ថ្លែងក្នុងជំនួបទ្វេភាគីជាមួយលោក ស៊ី ជិនភីង សម្ដេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រមុខរដ្ឋាភិបាលថ្មី នាអាណត្តិទី៧នេះ នឹងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង និងចំណងមិត្តភាពយូរអង្វែងតទៀត។
 
តាមរយៈការជំនួបទល់មុខ នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដឹកនាំប្រតិភូ ទៅទស្សនកិច្ចនៅប្រទេសចិននេះ បានថ្លែងយ៉ាងដូច្នេះ៖«ការជ្រើសរើសប្រទេសចិន នៅក្នុងទស្សនកិច្ចទី១នេះ ដូចឯកឧត្តមប្រធានាធិបតី(ស៊ី ជិនភីង) បានជ្រាប គឺជាការបង្ហាញសារយ៉ាងច្បាស់អំពីគោលជំហរ គោលនយោបាយរបស់កម្ពុជា គឺអត់មានការកែប្រែទេ នឹងការផ្ដល់ទៅលើអាទិភាព ក្នុងមិត្តភាពដែកថែបរវាងប្រទេសយើងទាំងពីរ»។
 
 
ដំណើរទស្សនកិច្ចនៅចិនរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង។ សម្តេច ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ពីដំណើរទស្សនកិច្ចនៅចិននេះ តាំងពីនៅក្នុងជំនួបជាមួយសមភាគីចិន លោក លី ឈាំង នៅក្នុងក្រុងហ្សាការតា ឥណ្ឌូណេស៊ី នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ។
តាមរយៈដំណើរទស្សនកិច្ចនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា និងមានជំនួបដោយឡែកជាមួយលោក ស៊ី ជិនភីង ប្រធានាធិបតីចិន និងលោក ចាវ ឡឺជឺ ប្រធានសភាតំណាងប្រជាជន។ ក្នុងជំនួបនេះ ភាគីទាំងពីរ នឹងពិភាក្សាគ្នាលើទស្សនៈវិស័យមួយចំនួន រួមមាន ការកសាងសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន ក្នុងយុគសម័យថ្មី , ការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ, ទិសដៅយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់ និងអន្តរជាតិ ដែលផ្ដល់ប្រយោជន៍រួម។
 
ជាមួយគ្នានោះ សម្ដេច ហ៊ុន ម៉ាណែត ក៏នឹងមានជំនួបជាមួយលោក លី ឈាង នាយករដ្ឋមន្រ្តីចិន ដែលនឹងពិភាក្សាគ្នា ពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងធ្វើជាអធិបតីភាព ក្នុងពិធីការចុះហត្ថលេខាលើឯកសារមួយចំនួនដែរ។

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com