ជាតិ
រដ្ឋាភិបាលថ្មី៖ កំណែទម្រង់ចាប់ផ្តើម? មន្រ្តីខិលខូចបារម្ភ!
15, Sep 2023 , 3:29 pm        
រូបភាព
ដោយ៖ លោក សៀម រាប (ប្រជាពលរដ្ឋ)
លិខិតមិត្តអ្នកអាន 

 មិនទាន់ដល់មួយខែផង រដ្ឋាភិបាលថ្មីនៃអាណត្តិទី៧ បានចាត់វិធានការក្តៅមួយចំនួនក្នុងន័យកែទម្រង់ភាពមិនប្រក្រតីដែលកើតឡើង នៅក្នុងដំណើរការរបស់រដ្ឋ។ សញ្ញានៃការកែទម្រង់បានបង្ហាញឡើង តាមរយៈការប្រកាសដាក់ឲ្យដំណើរការកាប្រឡងថ្នាក់ជាតិ ដើម្បីជ្រើសរើសមន្រ្តីរាជការ។ យន្តការនេះ មានគោលបំណងធ្វើឲ្យការជ្រើសរើសមន្រ្តីរាជការប្រព្រឹត្តទៅដោយយុត្តិធម៌ និងតម្លាភាពបំផុត។



កាលពីពេលថ្មីៗនេះ មន្រ្តីនគរបាលមេប៉ុស្តិ៍មួយរូប នៅក្នុងខេត្តកំពង់ធំត្រូវបានគេដកចេញពីតំណែងដោយគេសង្ស័យថា នគរបាលរូបនោះ ធ្លាប់ពាក់ព័ន្ធនឹងរឿងរ៉ាវឧក្រិដ្ឋកម្ម។ បន្ទាប់មក ស្នងការរងនៃខេត្តកំពតម្នាក់ទៀត ក៏ត្រូវបានដកចេញពីតំណែងដែរ បន្ទាប់ពីគេដឹងថា មន្រ្តីនគរបាលនោះ មានកំហុសរដ្ឋបាល ឬជាប់ពាក់ព័ន្ធនឹងរឿងចោរកម្ម។ បើទោះបីជាក្នុងហេតុផលណាមួយក៏ដោយ ក៏ខ្ញុំពិតជាមានក្តីសង្ឃឹមថា សកម្មភាពខាងលើនេះ គឺជាទង្វើកែទម្រង់របស់រដ្ឋាភិបាលនៃអាណត្តិថ្មី។ 
 
អ្នកខ្លះថា រដ្ឋាភិបាលថ្មី មិនទាន់មានសកម្មភាពថ្មី មិនទាន់មានគំនិតថ្មី មិនហ៊ានធ្វើអ្វីថ្មី និងមិនហ៊ានវះកាត់អ្វីទាំងអស់។ សម្រាប់ខ្ញុំ កំណែទម្រង់របស់រដ្ឋាភិបាលអាណត្តិថ្មីទំនងជាចាប់ផ្តើមហើយ។ គ្រាន់តែថា ការវះកាត់របស់រដ្ឋាភិបាលថ្មីធ្វើឡើងដោយប្រុងប្រយ័ត្នបំផុត។ នៅក្នុងអាណត្តិថ្មីនេះ ប្រជាជនដែលបានបោះឆ្នោតគាំទ្រអ្នកដឹកនាំជំនាន់ថ្មី បាន និងកំពុងតាមដានរាល់សកម្មភាពរបស់រដ្ឋមន្រ្តីថ្មី ចៅហ្វាយខេត្ត និងសកម្មភាពរបស់នាយករដ្ឋមន្រ្តីផ្ទាល់តែម្តង។ 
 
ដូច្នេះ ប្រសិនបើរដ្ឋាភិបាលនៃអាណត្តិថ្មី មិនហ៊ានវះកាត់ទេនោះ នោះ រដ្ឋាភិបាលថ្មីក៏មិនអាចទាក់ទាញបេះដូងមហានបានដែរ។ កែទម្រង់រស់ តែបើមិនកែទម្រង់ រដ្ឋាភិបាលថ្មីនៅតែប្រឈមដដែល។
 
ខ្ញុំសូមជម្រាបប្រាប់ថា គ្រាន់តែឃើញសញ្ញាកែទម្រង់ភ្លាម មន្រ្តីខិលខូច នាំគ្នាខ្សិបខ្សៀវដោយបង្ហាញក្តីបារម្ភថា ពួកគេប្រហែលជាពិបាកលួចម៉ោងធ្វើការរដ្ឋដើម្បីធ្វើជំនួញ ឬពិបាករកកម្រៃក្រៅផ្លូវការហើយ នៅក្នុងអាណត្តិថ្មីនេះ។ មន្រ្តីខ្លះ ចាប់ផ្តើមនិយាយគ្នាថា អាណត្តិនេះ ប្រហែលជាមន្រ្តីខិលខូចមិនអាចធ្វើរឿងផ្តេសផ្តាស (ពុករលួយ) បានទៀតឡើយ។ 
ខ្ញុំសូមអំពាវនាវដល់មន្រ្តីរាជការ ឲ្យប្រកាន់ក្រមសីលធម៌ឲ្យខ្ជាប់ខ្ជួន។ មន្រ្តីរាជការត្រូវតែ ធ្វើការបម្រើរាស្រ្ត។ មន្រ្តីរាជការ មិនគួរគ្រាន់តែយកឈ្មោះជាមន្រ្តី ហើយគិតតែពីដើររកស៊ី នៅខាងក្រៅនោះឡើយ។ រដ្ឋាភិបាលថ្មី គួរតែពិនិត្យរឿងនេះឡើងវិញ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com