ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ក្រសួងការបរទេស អះអាងថា កម្ពុជាលែងទុកចិត្ត HRW តាំងពីឆ្នាំ២០១៤មកម្ល៉េះ
15, Sep 2023 , 6:59 pm        
រូបភាព
លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ រូបពីទំព័រហ្វេសប៊ុករបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំទីក្រុងហ្សឺណែវ
លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ រូបពីទំព័រហ្វេសប៊ុករបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំទីក្រុងហ្សឺណែវ
ភ្នំពេញ៖ លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាត់ទុក អង្គការឃ្លាំងមើលសិទ្ធិមនុស្ស (HRW) ជាស្ថាប័នមួយធ្វើការលម្អៀង មិនមើលពីភាពរីកចម្រើនរបស់កម្ពុជា ហើយតែងតែរិះគន់ពីបញ្ហាសិទ្ធិមនុស្ស ។ នេះបើតាមសេចក្តីថ្លែងការណ៍អ្នកនាំពាក្យក្រសួងការបរទេស កាលពីថ្ងៃទី១៤ កញ្ញា។

 
ការលើកឡើងពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ គឺជាការ អះអាងគ្មានលក្ខណៈថ្លឹងថ្លែង សត្យានុម័ត ឬសមាមាត្រ។ សេចក្ដីថ្លែងការណ៍របស់លោក អាន សុខខឿន លើកឡើងបែបនេះ ឆ្លើយតប HRW ដែលលើកឡើងថា សិទ្ធិពលរដ្ឋ និងនយោបាយ មានការបំពាន ជាពិសេសសិទ្ធិរស់រានមានជីវិត សុខុមាលភាព អាហារូបត្ថម្ភ ការអប់រំ និងការអភិវឌ្ឍនៅកម្ពុជា ប្រព្រឹត្តផ្ទុយពីស្តង់ដារបស់អង្គការសហប្រជាជាតិ ។
 
 «ភាពជឿទុកចិត្តចំពោះអង្គការ HRW ត្រូវបានបាត់បង់យូរណាស់មកហើយ ពោលគឺតាំងពី ឆ្នាំ ២០១៤ នៅពេលដែលអតីតឧបការីនៃអគ្គលេខាធិការអ.ស.បចំនួន ១រូប ម្ចាស់ជ័យ លាភីពានរង្វាន់ណូបែលសន្តិភាពចំនួន ២រូប និងក្រុមបញ្ញវ័ន្តប្រមាណជាង ១០០រូបផ្សេង ទៀត បានធ្វើការរិះគន់ជាសាធារណៈចំពោះភាពលំអៀង និងស្តង់ដាពីរដែលអង្គការមួយ នេះបានប្រកាន់យក»។ លោក សុខខឿន សង្កត់ធ្ងន់បែបនេះ ហើយសង្កេតឃើញ HRW បានបំភ្លេចចោល សមិទ្ធផលជាច្រើនរបស់កម្ពុជា។ 
 
លោក សុខខឿន ក៏បានលើកឡើងកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរស់នៅ ការពង្រីកនូវវិធានការគាំពារសង្គម និង ការរីកចម្រើនក្នុងកំណែទម្រង់ប្រព័ន្ធច្បាប់និងយុត្តិធម៌ ដែលត្រូវបានមើលរំលងជាប្រព័ន្ធដោយ អង្គការមួយនេះ។
 
ជាមួយគ្នាដែរ អង្គការ HRW តែងតែធ្វើមិនដឹងមិនឮម្ដងហើយម្ដងទៀត ចំពោះវោហាសាស្ត្រដ៏គ្រោះថ្នាក់ និងជ្រុលនិយមរបស់ក្រុមប្រឆាំងមួយចំនួន។ ក្រុមនោះបានផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថ និងបង្កាច់បង្អួចមិនរើសមុខ ញុះញង់ឱ្យមានអំពើហិង្សានិងស្អប់ខ្ពើម ជាតិសាសន៍ ព្រមទាំងអំពាវនាវដោយចំហឱ្យមានការបះបោរប្រឆាំងរាជរដ្ឋាភិបាលផងដែរ។ នេះបើតាម លោក សុខខឿន លើកឡើង៕ 
 

Tag:
 សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com