កីឡាជាតិ
ជាតិ
ព្រំ សំណាង៖ បើ Dave Leduc បញ្ចប់ខ្ញុំ ត្រឹម ២នាទីមែន ខ្ញុំឈប់ឡើងសង្វៀនប្រដាល់
15, Sep 2023 , 8:19 pm        
រូបភាព
ព្រំ សំណាង ប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា
ព្រំ សំណាង ប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា
ព្រំ សំណាង កីឡាករប្រដាល់គុនខ្មែរ ប្រកាសឈប់ចូលសង្វៀនប្រដាល់ ប្រសិនបើចាញ់ក្រោមដៃអ្នកប្រដាល់ Dave Leduc ត្រឹម២នាទី។ ម្ចាស់មេដាយមាសស៊ីហ្គេមកីឡាគុខខ្មែរ ឆ្លើយតបទៅ Leduc បែបនេះ ក្រោយអ្នកប្រដាល់មីយ៉ាន់ម៉ាហ៊ានពោលថាខ្លួនអាចបញ្ចប់សំណាងត្រឹម២នាទីដំបូងនៃការប្រកួត។ សំណាង ផ្តាំទៅ Leduc «កុំបានតែមាត់ សូមធ្វើឲ្យបានលើសង្វៀន»។



មុនការប្រកួតរវាង ព្រំ សំណាង និង Dave Leduc នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កីឡាករប្រដាល់គុន Lethwei របស់មីយ៉ាន់ម៉ា បាននិយាយថា នឹងអាចផ្ទួល កីឡាករ ព្រំ សំណាង នៅត្រឹមតែ ២ នាទីដំបូងប៉ុណ្ណោះ ក្នុងការប្រកួតដែលមាន៩នាទីក្នុងមួយទឹក។ 
 
កីឡាករ Dave Leduc បានឆ្លើយតបអ្នកគាំទ្រ ទាំងមើលស្រាលដៃគូ មុនប្រកួតដូច្នេះ ៖«ខ្ញុំ អាចផ្ទួលត្រឹមតែ ២នាទីទេ ប៉ុន្ដែ ខ្ញុំ អាចប្រកួតបាន ៣០នាទី ប្រសិនជាគាត់ ចង់បាន។»។ 



ជុំវិញការលើកឡើងរបស់ Leduc បែបនេះ កីឡាករកម្ពុជា ព្រំ សំណាង បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ប្រសិន ចាញ់កីឡាករសញ្ជាតិកាណាដានេះ ត្រឹមតែ២នាទីមែន រូបគេនឹងចូលនិវត្តិ ឈប់ប្រដាល់បន្ដទៀត។ កីឡាករប្រដាល់គុនខ្មែររូបនេះ បង្ហាញការ តាំងចិត្តលះបង់ដើម្បីគុនខ្មែរ និងអ្នកគាំទ្រកម្ពុជា ទាំងអស់។ សំណាង ក៏សង្ឃឹមកីឡាករមីយ៉ាន់ម៉ារូបនេះ នឹងធ្វើបានដូចមាត់ ដោយអំឡុងពេលប្រកួត កុំព្យាយាមវាយ ដកថយ និងរត់ពេញសង្វៀន។
 
«សូមវ៉ៃឲ្យខ្លាំង ដូចមាត់គាត់និយាយ។ កុំ បានតែនិយាយ! ដល់តែពេលប្រកួត វ៉ៃរត់ៗ។ ខ្ញុំ ចង់ប្រាប់គាត់ថា វ៉ៃឲ្យខ្លាំងដូចមាត់គាត់។ ប្រសិនជា ២នាទីផ្ទួល ខ្ញុំ បានមែន ខ្ញុំ ឈប់ប្រកួត។ ខ្ញុំ វាយមួយប្រកួតនេះ បូជាខ្លួនដើម្បីប្រជាជនខ្ញុំ និងគុនខ្មែរ។ ខ្ញុំ នឹងធ្វើឲ្យបាន។»។ កីឡាករ ព្រំ សំណាង បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា ការប្រកួតរវាងកីឡាករទាំង២នេះ គឺរុំអំបោះឆៅ និងវាយតែ១តឹកប៉ុណ្ណោះ ក្នុងរយៈពេល ៩នាទី ។ ការប្រកួត គ្រោងនឹងធ្វើនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ៕
 

Tag:
 ប្រដាល់គុនខ្មែរ
  Dave Leduc
  ព្រំ សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com