កីឡាជាតិ
ជាតិ
ម៉េងហួង ជាប់ជម្រើសជាតិបាល់ទះ ទៅប្រកួត Asian Games ឯកីឡាករគុយបាចូលសញ្ជាតិគ្មានឈ្មោះ
15, Sep 2023 , 5:59 pm        
រូបភាព
លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហាញកីឡាករជម្រើសជាតិបាល់ទះក្នុងសាល១២រូប ត្រូវទៅចូលរួមប្រកួតកីឡាអាស៊ីលើកទី១៩ នៅចិន។ ចំណោមកីឡាករ១២រូប មិនមានកីឡាករចូលសញ្ញាតិរបស់គុយបាទាំង៣រូបឡើយ។ អគ្គលេខាធិការរូបនេះអះអាងថា ការរើសយកសមាសភាពក្រុមជម្រើសជាតិ គឺសុក្រិត មិនរើសអើងជាតិសាសន៍ ព្រោះអ្នកមានសមត្ថភាព និងគុណផលពិតប្រាកដ ទើបជាប់។

 
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ តាមរយៈការបង្ហោះលើផេកផ្លូវការបស់លោក លោក អាំង សិរីពិសិដ្ឋ បានបង្ហាញពីសមាសភាពកីឡាករ ១២ រូប ត្រូវចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ Asian Games នៅប្រទេសចិន ដែលនឹងចាប់ផ្ដើមជាផ្លូវការ នៅថ្ងៃទី២៣ ខែកញ្ញា ដល់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។ ក្នុងចំណោមកីឡាទាំង១២រូប មិនមានវត្តមានកីឡាករចូលសញ្ជាតិរបស់គុយបាន៣រូបឡើយ ស្របពេល ធី ម៉េងហួង ដែលធ្លាប់ជាកីឡាករជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ ត្រូវបានជ្រើសចូលក្រុមកីឡាបាល់ទះក្នុងសាលវិញ។
 
លោក អាំង សិរីពិសិដ្ឋ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ការរើសក្រុមជម្រើសជាតិ គឺមានភាពសុក្រឹត ដោយជ្រើសរើសយកកីឡាករ ដែលមានសមត្ថភាព និងមានគុណផលខ្ពស់ នៃការប្រកួតនានា។ អគ្គលេខាធិការរូបនេះ បន្ថែមថាការជ្រើសរើសជម្រើសជាតិ គឺមិនលម្អៀង ព្រោះបក្សពួក ឬក៏ជាតិសាសន៍អ្វីទេ។

ក្រុមជម្រើសជាតិកម្ពុជា ប្រកួតក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២
 
លើសពីនេះ អគ្គលេខាធិការរូបនេះ បន្ថែមថា កៅអីសម្រា​ប់ជម្រើសជាតិ មិនមែនត្រៀមសម្រាប់អ្នកណាម្នាក់រហូតនោះទេ បើទោះជាកីឡាករនោះ មានឈ្មោះក្នុងបញ្ជី ក៏អាចត្រូវបានដកចេញវិញ ប្រសិនជាការហ្វឹកហាត់ធ្លាក់ចុះ ឬក៏មានរបួស ព្រោះតំណែងនេះ ត្រូវការកីឡាករជំនួស ដើម្បីលទ្ធផលរបស់ជាតិ។
 
«យើង រើសកីឡាករម្នាក់ៗ ទៅលេងតំណាងជាតិ យើងផ្អែកលើការហ្វឹកហាត់ ផ្អែកលើគុណផលពិតប្រាកដ របស់កីឡាករ ដោយមិនលម្អៀងថា អ្នកនោះជាបរទេសចូលសញ្ជាតិ អ្នកនោះជាខ្មែរ ឬក៏អីទេ សំខាន់ឲ្យតែមានទេព្យកោសល្យខ្ពស់។ អ៊ីចឹង អ្នកដែលខ្លាំង គឺលេងតំណាងឲ្យជាតិ។ កៅអីមួយនេះ គឺមិនមែនសម្រាប់អ្នកណាមួយទេ ហើយក៏មិនប្រាកដថា មានឈ្មោះក្នុងបញ្ជីដំបូងឡើយ អាចនៅមានឈ្មោះរហូតទេ ក្នុងករណីការហ្វឹកហាត់របស់យើង មិនពេញលេញ ឬក៏មានរបួស។ ក្នុងករណីកីឡាករ មានរបួស យើង មិនអាចទុកឲ្យគាត់ មានឈ្មោះហើយ លេងមិនកើតទេ។ ធ្វើបែបនេះ យើង នឹងខាត។»។ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជារូបនេះ បាននិយាយដូច្នេះ។
 
ដោយឡែក ការប្រកួតប្រភេទកីឡាបាល់ទះ ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ កម្ពុជា ស្ថិតក្នុងពូល C ជាមួយ កូរ៉េខាងត្បូង និងឥណ្ឌា។ លោក អាំង សិរីពិសិដ្ឋ និយាយថា បើទោះជាប៉ះក្រុមខ្លាំង កីឡាករកម្ពុជា ត្រូវប្រឹងអស់ពីសមត្ថភាព ហើយអាចនឹងបង្កើតការភ្ញាក់ផ្ញើលក្នុងព្រឹត្តិការណ៍ ដ៏ធំនេះ ផងដែរ។ 
 
«យើង ទៅនេះ គឺទៅប្រយុទ្ធ ធ្វើយ៉ាងមិចលេងឲ្យអស់ពីសមត្ថភាព ហើយក៏ជាតេស្ដ របស់កូនក្រុមរបស់ខ្ញុំ ដែរ ដើម្បីលេងជាមួយអ្នកមានបាំងធំៗ។ យើង រំពឹងថានឹងអាចបង្កើតស្នារដៃមួយ ភ្ញាក់ផ្អើល ក្នុងអាស៊ានហ្គេម លើកទី១៩នេះ។ យើង នឹងធ្វើឲ្យអស់ពីសមត្ថភាព ក្នុងការប្រកួតមួយនេះ ដោយសារ យើង ខកខានជាង ៥០ឆ្នាំហើយ។»។ 
 
គួរបញ្ជាក់ផងដែរ សមាសភាពកីឡាករ ទាំង១២រូបនេះ មាន៖ កីឡាករ សួន ចាន់ណារ៉ូ, វឿន វាសនា, ផុល រតនៈ, សឿន ហេង, គួន ម៉ុម, ប៊ន ណារិទ្ធ, ពិន សារុន, មឿន ម៉េងឡាយ, ខឹម សុវណ្ណដារ៉ា, ធី ម៉េងហួង, មួន និមល និង ឌិន ស៊ីដែន។ ជម្រើសជាតិបាល់ទះ កម្ពុជា ត្រូវប្រកួតជាមួយ ឥណ្ឌា នៅថ្ងៃទី១៩ ខែកញ្ញា និងថ្ងៃទី២១ ខែកញ្ញា ប៉ះជាមួយ កូរ៉េខាងត្បូង៕
 

Tag:
 បាល់ទះ
  អាំង សិរីពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com