ជាតិ
សិល្បះ
អបអរសាទរ! តំបន់ប្រាសាទកោះកេរ អតីតរាជធានីលិង្គបុរ ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក
17, Sep 2023 , 4:28 pm        
រូបភាព
តំបន់ប្រាសាទកោះកេរ អតីតរាជធានីបុរាណលិង្គបុរ បានក្លាយតំបន់រមណីយដ្ឋានទី៤របស់កម្ពុជា ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ នាអំឡុងនៃសម័យប្រជុំលើកទី៤៥របស់គណៈកម្មការបេតិកភណ្ឌពិភពលោកនៅក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ថ្ងៃទី១៧ ខែកញ្ញា នេះ។



ស្ថិតនៅភូមិស្រយង់ខាងជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កោះកេរជាមូលដ្ឋានរាជធានីបុរាណនាសតវត្សរ៍ទី១០ ដែលផ្តើមកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៤ នាឆ្នាំ៩២១នៃគ្រឹស្តសករាជ ហើយព្រះអង្គបានគ្រងរាជផ្លូវការពីឆ្នាំ៩២៨ ដល់ឆ្នាំ៩៤១ នៃគ្រឹស្តសករាជ។ បន្ទាប់មកព្រះរាជបុត្រព្រះបាទហរសវរ្ម័នទី២ បានឡើងគ្រងរាជបន្តបានរយៈពេលខ្លី រហូតដល់ឆ្នាំ៩៤៤ នៃគ្រឹស្ដសករាជ មុនពេលដែលព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨) បានផ្លាស់រាជធានីវិលទៅក្រុងអង្គរវិញ។



យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រមណីយដ្ឋានបុរាណវិទ្យានេះ គឺជាតំបន់បេតិកភណ្ឌវប្បធម៌ដ៏សំខាន់បំផុតមួយរបស់កម្ពុជា ដែលមានទួលបុរាណចំនួន១៦៩ និងប្រាសាទចំនួន ៧៦ ហើយ នៅ តែបន្តជាទីសក្ការៈបូជារបស់សហគមន៍មូលដ្ឋាន។ រាជធានីកោះកេរ មានឈ្មោះដើមថា រាជធានី «លិង្គបុរ (បុរីលិង្គ) ជាភាសាសំស្ក្រឹត និង ឆោគគ៌្យរ (ឆោកគគីរ ឬ ឆកគគីរ) ជាភាសាខ្មែរ» (Koh Ker: Archeological site of Ancient Lingapura Or Chok Gargyar)។


រមណីយដ្ឋានទី៤របស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក
តំបន់ប្រាសាទកោះកេរ ជាតំបន់រមណីយដ្ឋានទី៤របស់កម្ពុជា ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក (UNESCO’s World Heritage List) បន្ទាប់ពីរមណីយដ្ឋានអង្គរ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក, តំបន់ប្រាសាទព្រះវិហារ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះថ្ងៃទី៨កក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។



ឯកសារដែលបង្ហោះនៅលើគេហទំព័រ whc.unesco.org បានបង្ហាញថា តំបន់ប្រាសាទកោះកេរ ស្ថិតក្នុងចំណោមសម្បត្តិបេតិកភណ្ឌវប្បធម៌ចំនួន៨ដែលកម្ពុជាបានរៀបចំឯកសារ និងស្នើសុំចុះបញ្ជីយូណេស្កូ និងស្ថិតចំណោមបេតិកភណ្ឌចំនួន៥០លើពិភពលោក ដែលត្រូវបានត្រួតពិនិត្យវាយតម្លៃ នាសម័យប្រជុំលើកទី៤៥របស់គណៈកម្មការបេតិកភណ្ឌពិភពលោកនៅក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងនោះមានសម្បត្តិបេតិកភណ្ឌផ្នែកវប្បធម៌ ផ្នែកធម្មជាតិ បេតិកភណ្ឌចម្រុះ និងបេតិកភណ្ឌដែលស្ថិតក្រោមការកែសម្រួលដែនកំណត់ផ្សេងៗ។

បេតិកភណ្ឌផ្សេងទៀតដែលកម្ពុជារង់ចាំការត្រួតពិនិត្យវាយតម្លៃពីគណៈកម្មការបេតិកភណ្ឌរួមមាន ក្រុមប្រាសាទបន្ទាយឆ្មារ រមណីយដ្ឋានអង្គរបុរី និងភ្នំដា រមណីយដ្ឋានគូលែន ក្រុមប្រាសាទបេងមាលា ក្រុមប្រាសាទព្រះខ័ន កំពង់ស្វាយ រមណីយដ្ឋានឧដុង្គ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង ម-១៣។

សម្បត្តិវប្បធម៌ទាំង១៣របស់​កម្ពុជាក្នុងក្នុង​បញ្ជី​យូណេស្កូ

ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរទាំង១៣ ដែលបានចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ ត្រូវបានបែងចែកជា៣ផ្នែកធំៗ គឺចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ និងបញ្ជីស្មារតីចងចាំនៃពិភពលោក។

បញ្ជីបេតិកភណ្ឌពិភពលោក៖
ទី១ រមណីយដ្ឋានអង្គរ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។ ទី២ តំបន់ប្រាសាទព្រះវិហារ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា។ ទី៣ តំបន់ប្រាសាទសំបូរព្រៃគុក ចុះថ្ងៃទី៨កក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។ ទី៤ តំបន់ប្រាសាទកោះកេរ នៅក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។



បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ៖ ទី១ របាំព្រះរាជទ្រព្យ ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្ដន់ប៊ូល ប្រទេសតួកគី។ ២ ល្ខោនស្រមោលស្បែកធំ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ នៅទៅក្រុងប៉ារីស ប្រទេសបារាំង។ ៣ ល្បែងទាញព្រ័ត្រ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី។ ៤ ចាប៉ីដងវែង ចុះថ្ងៃទី៣០ ខែវិច្ឆិកា ២០១៦ នៅទីក្រុងអេតឌីសអាបាបា ប្រទេសអេត្យូពី។ ៥ ល្ខោនខោល ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងព័រល្វី នៃសាធារណរដ្ឋម៉ូរីស។ ៦ គុនល្បុក្កតោ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រក្រម៉ារ៉ុក។

បញ្ជីស្មារតីចងចាំនៃពិភពលោក៖
១ បណ្ណាសារឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប្រ៊ីដថោន ប្រទេសបាបាដូស។ ២ ឯកសារសំឡេងនិទានរឿងរាមកេរ្ដិ៍ ដោយតាគ្រុឌ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅខេត្តខ្វាងចូវ ប្រទេសចិន។ ៣ រឿងអ៊ីណាវបុស្បា ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្រៅពីសម្បត្តិវប្បធម៌ខាងលើ កម្ពុជាក៏កំពុងរៀបចំឯកសារត្រៀម ដើម្បីស្នើដាក់សម្បត្តិវប្បធម៌មួយចំនួនទៀត ទៅអង្គការយូណេស្កូបន្ថែមដែរ ដូចជានំបញ្ចុក បុណ្យអុំទូក ដំបន់ការពារសត្វផ្សោត ពីខេត្តក្រចេះ ទៅខេត្តស្ទឹងត្រែង និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងជាដើម៕



© រក្សាសិទ្ធិដោយ thmeythmey.com