ជាតិ
អុកស្វាម បន្តជំរុញភាគីពាក់ព័ន្ធ រៀបចំកិច្ចគាំពារសង្គម ឱ្យមានបរិយាបន្ន
17, Sep 2023 , 2:29 pm        
រូបភាព
ព្រះសីហនុ៖ អង្គការអុកស្វាម និងអង្គការដៃគូ បានសហការរៀបចំវេទិកាប្រចាំឆ្នាំថ្នាក់តំបន់ រវាងបេឡាជាតិសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត នៅថ្ងៃទី១៧ ខែកញ្ញានេះ នៅសណ្ឋាការឯករាជ្យ ខេត្តព្រះសីហនុ។ វេទិកាប្រព្រឹត្តទៅក្រោមប្រធានបទ« ដំណើរឆ្ពោះទៅរបបសន្តិសុខសង្គម ប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកលនៅកម្ពុជា» ។

 
វេទិកានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងត្រឹះរិះ ស្វែងរកដំណោះស្រាយ រវាងអ្នកឯកទេស អ្នកតាក់តែងគោល​នយោបាយ និងអ្នកផ្តល់សេវាក្នុងក្របខណ្ឌរបបសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាង​កម្មករ និយោជិត ក្នុងន័យដើម្បីជំរុញកម្ពុជាឱ្យឆ្ពោះទៅរកប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកល។ 
 
ក្នុងកម្មវិធី លោកស្រី សុខ ច័ន្ទឆវី ប្រធានកម្មវិធីនៃអង្គការអុកស្វាមប្រចាំកម្ពុជា បានលើកឡើងពីវឌ្ឍនភាពដ៏ល្អ នៃការអនុវត្តគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ  លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ពិសេសនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩។ លោកស្រី សុខ ច័ន្ទឆវី គូសបញ្ជាក់ដូច្នេះថា៖«​កិច្ចគាំពារសង្គម គឺជាយុទ្ធសាស្ត្រ និងវិធានការដ៏ចាំបាច់ ដែលចូលរួមចំណែកក្នុងការលូតលាស់កំណើនសេដ្ឋកិច្ច បង្កើតសុខុមាលភាព និងសាមគ្គីភាព បង្កើនធនធានមនុស្សប្រកបដោយគុណភាព និងសមភាពយេនឌ័រ ដោយទប់ស្កាត់ការធ្លាក់ចូលទៅក្នុងការភាពក្រីក្រកម្រិតធ្ងន់ធ្ងរ និងគម្លាតនៅក្នុងសង្គម»។
 
លោកស្រី សុខ ច័ន្ទឆវី ប្រធានកម្មវិធីអង្គការអុកស្វាម
 
យ៉ាងណាក៏ដោយ តំណាងអង្គការអុកស្វាមរូបនេះ ក៏មើលឃើញដែរថា នៅមានការងារ និងបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យមានការសហការគ្នា ដោះស្រាយ ដើម្បីឈានទៅការពង្រីកវិសាលភាព និងចីរភាពនៃគោលនយោបាយគាំពារសង្គម។ សម្រាប់អ្នកស្រី សុខ ច័ន្ទឆវី អាទិភាពទាំងនោះរួមមានយន្តការជំរុញ និងតាមដានការចុះបញ្ជី, ការពង្រីកការទទួលបានបណ្ណសមាជិក ប.ស.ស ប្រព័ន្ធគាំពារសង្គមឌីជីថល , ការផ្តល់កិច្ចគាំពារផ្នែកមាតុភាពពេញលេញ, ការពង្រឹងការយល់ដឹងរបស់ប្រជាពលរដ្ឋ, ការពង្រីកយន្តការគណនេយ្យភាពសង្គម និងយន្តការផ្តល់យោបល់ ការពិនិត្យលទ្ធភាព និងការបង្កើនការវិនិយោគ ដើម្បីជួយដល់អ្នកដែលត្រូវការគាំទ្រជាពិសេសជាដើម។ 
 
លោក លៀង ពន្លក ប្រធាននាយកដ្ឋានគោលនយោបាយសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា បច្ចុប្បន្នសេវាបេឡាជាតិសន្តិសុខសង្គម គ្របដណ្តប់បានប្រមាណ ៣៨ភាគរយ នៃកម្លាំងពលកម្មសរុបប្រមាណ ៧.៩លាននាក់ ​(តាមរបាយការណ៍របស់អង្គការ ILO)។ លោក លៀង ពន្លក បន្តអះអាងថា នឹងបន្តជំរុញឱ្យ សេវា ប.ស.ស ឱ្យអាចគ្របដណ្តប់ដល់ ៨០ ភាគរយ ឬស្មើនឹងកម្លាំងពលកម្ម ប្រមាណ ៧លាននាក់ នៃកម្លាំងពលកម្មដែលមាន។  
 
លោក លៀង ពន្លក ប្រធាននាយកដ្ឋានគោលនយោបាយសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម
 
«យើងក៏នឹងសម្រេចឱ្យបានដែរ គឺការពង្រឹង ពង្រីកសមត្ថភាពនៃការផ្តល់សេវា ប.ស.ស ដើម្បីធ្វើផ្តល់សេវាណាឱ្យឆ្លើយតបតម្រូវការដល់សមាជិកប.ស.ស។ ហើយយើងក៏នឹងខិតខំប្រឹងប្រែងក្នុងការធានា និរន្តរភាពមូលនិធិសមធម៌ ដើម្បីផ្តល់ការគាំពារដល់សមាជិកបានយូរអង្វែង»។ នេះបើតាមលោក លៀង ពន្លក ដោយលោកបានបញ្ជាក់បន្ថែមថា  គិតត្រឹមខែសីហា ឆ្នាំ២០២៣នេះ ការចុះបញ្ជិការសមាជិក ប.ស.ស មានចំនួន ៣ ១៦០ ០០០នាក់។ ដោយឡែកគិតត្រឹមថ្ងៃទី៨ ខែកញ្ញា នេះ ប.ស.ស បានបើកប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងស្រី្តជាម្តាយ ព្រមទាំងកុមារអាយុក្រោម២ឆ្នាំ បានជិត ៥.៥ម៉ឺននាក់ ដែលមានទឹកប្រាក់ស្មើនឹងប្រមាណ ៥លានដុល្លារ។
 
តាមរយៈវេទិកាប្រចាំឆ្នាំថ្នាក់តំបន់នាពេលនេះ ប្រធានកម្មវិធីនៃអង្គការអុកស្វាម លោកស្រី សុខ ច័ន្ទឆវី សង្ឃឹមថា ភាគីពាក់ព័ន្ធនឹងបន្តរួមសហការជំរុញឱ្យការរៀបចំកិច្ចគាំពារសង្គមនេះ មាន​បរិយាបន្ន និងឆ្លើយតបនឹងតម្រូវការយេនឌ័រ ៕ 
 

Tag:
 អុកស្វាម
  ប.ស.ស
© រក្សាសិទ្ធិដោយ thmeythmey.com