ជាតិ
អត្ថបទពាណិជ្ជកម្ម
វិស័យសាធារណៈ ឯកជន អង្គការសង្គមស៊ីវិល បានរួមគ្នារៀបចំទិវាសម្អាតបរិស្ថានពិភពលោកលើកទី ៦
17, Sep 2023 , 3:29 pm        
រូបភាព
គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ  សហភាពសហព័ន្ធយុវជនកម្ពុជា  អង្គការសម្អាតទន្លេសមុទ្រ  ក្រុមហ៊ុន ខេមប្រ៊ូវ (ស្រាបៀរអង្គរ)  អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនប្រមូលសំរាម និងដៃគូពាក់ព័ន្ធផ្សេងទៀត បានរួមគ្នារៀបចំទិវាសម្អាតបរិស្ថានពិភពលោកលើកទី៦ ក្រោមប្រធានបទ «ទន្លេគ្មានសំរាម» នៅតាមច្រាំងទន្លេសាបត្រើយម្ខាង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាង ១ ០០០ នាក់។

សូមជម្រាបជូនផងដែរថា ប្រទេសកម្ពុជាបានប្រារព្ធទិវាសម្អាតបរិស្ថានពិភពលោកជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៨ មក។ ទិវានេះ ត្រូវបានផ្តួចផ្តើមឡើងដោយអង្គការ Let’s Do It World ហើយបច្ចុប្បន្នមាន ១៩៧ ប្រទេសដែលចូលរួមប្រារព្ធទិវានេះ ក្នុងគោលបំណងដោះស្រាយបញ្ហាការគ្រប់គ្រងកាក់សំណល់មិនបានត្រឹមត្រូវ និងបង្កើតបរិស្ថានពិភពលោកប្រកបដោយចីរភាព។
 
ក្នុងពិធីនេះ លោក ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា «ការរៀបចំទិវាសម្អាតបរិស្ថានពិភពលោកនេះ ក៏ជាឱកាសមួយក្នុងការផ្សព្វផ្សាយ និងដាស់តឿនដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការពារបរិស្ថាន ក៏ដូចជាបញ្ជ្រាបការយល់ដឹងជាសាធារណៈជូនប្រជាពលរដ្ឋឱ្យចេះគ្រប់គ្រងសំរាម»។
  


នាយកប្រតិបត្តិអង្គការសម្អាតទន្លេសមុទ្រ លោក នូ សុវណ្ណ ក៏បានបញ្ជាក់អំពីមហិច្ឆតារបស់អង្គការថា  អង្គការសម្អាតទន្លេសមុទ្រ នឹងសហការសម្អាតសំរាមចេញពីទន្លេនៅរាជធានីភ្នំពេញឱ្យអស់ នៅត្រឹមឆ្នាំ ២០២៨។ អង្គការក៏កំពុងនាំចូលទូកប្រមូលសំរាមនៅតាមទន្លេមួយគ្រឿងទៀត ដែលមានសមត្ថភាពប្រមូលសំរាមបន្ថែម ខណៈបច្ចុប្បន្នអង្គការមានទូកចំនួន ១ គ្រឿងកំពុងដំណើរការហើយស្រាប់ ហើយក៏មានក្រុមការងារស្ម័គ្រចិត្តចំនួន១០០នាក់បន្ថែមទៀត ដើម្បីប្រមូលសំរាមនៅតាមច្រាំងទន្លេជារៀងរាល់ថ្ងៃ។
 
លោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ (ស្រាបៀរអង្គរ) បានសម្ដែងនូវក្ដីរីករាយ និងសាទរជាខ្លាំង ដែលក្រុមហ៊ុនបានក្លាយជាចំណែកមួយក្នុងចលនានេះ។   លោកបានថ្លែងថា  «សកម្មភាពនៅថ្ងៃនេះ គឺជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ខេមប្រ៊ូវ ក្នុងការចូលរួមការពារបរិស្ថាន និងសង្គម ស្របតាមគោលដៅចីរភាពរបស់ក្រុមហ៊ុន ‘អភិវឌ្ឍឱ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក’។ លោកបានបន្តទៀតថា ចលនានេះ នឹងកាន់តែសំខាន់ៗទៅ ព្រោះជាការផ្តល់សារស្តែងចេញជាសកម្មភាពបំផុសស្មារតីអំពីការគ្រប់គ្រងកាកសំណល់ប្រចាំថ្ងៃ ក៏ដូចជាជួយជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននូវទម្លាប់ទុកដាក់សំរាម ហើយក៏ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់រាជរដ្ឋាភិបាល ឯកជន អង្គការសង្គមស៊ីវិល និងប្រជាជន ក្នុងការជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព»។ លោកជឿជាក់ថា ការចូលរួមរបស់យើងទាំងអស់គ្នានឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងបង្កើតអនាគតរួមគ្នាដ៏ប្រសើរសម្រាប់យើងទាំងអស់គ្នា។



លោក អាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ក៏បានអំពាវនាវឱ្យមានការចូលរួមកាន់តែច្រើន កាន់តែសកម្មក្នុងយុទ្ធនាការ «កម្ពុជាស្អាត កម្ពុជាបៃតង» របស់ក្រសួងទេសចរណ៍ ដែលជាសកម្មភាពដ៏សំខាន់មួយ ក្នុងការចូលរួមក្នុងយុទ្ធនាការទីក្រុងស្អាត ដើម្បីលើកស្ទួយមុខមាត់ប្រទេសកម្ពុជា ទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាកម្ពុជាកាន់តែច្រើន។
 
គួរជម្រាបថា នាឱកាសរៀបចំទិវាសម្អាតពិភពលោកលើកទី​ ៦ នេះ ក៏មានការដាំដើមឈើនៅសាលាបឋមសិក្សាជ្រោយចង្វារចំនួន ១០០ ដើម និងទិវាអំពើល្អ ដោយមានការចែកសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋខ្វះខាត ក៏ដូចជាសកម្មភាពនានាដើម្បីបង្កើនការចូលរួមពីយុវជន ប្រជាពលរដ្ឋ កាន់តែច្រើន។
ទិវាសម្អាតបរិស្ថានពិភពលោក បន្ទាប់នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ កុំភ្លេចចូលរួមទាំងអស់គ្នា៕
 
(អត្ថបទពាណិជ្ជកម្ម)
 












© រក្សាសិទ្ធិដោយ thmeythmey.com