ជាតិ
សម្តេចម៉ែ ព្រះរាជទានប្រាក់ ៥ពាន់ដុល្លារ ដល់សមាគមអៃរាវត្តា ដើម្បីថែទាំសត្វដំរី
17, Sep 2023 , 9:09 pm        
រូបភាព
ភ្នំ​ពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ  បានប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ពាន់ដុល្លារ ដល់សមាគមអៃរាវត្តា ដើម្បីថែទាំសត្វដំរី។



យុទ្ធនាការ «ដំរីមួយជួយថវិកាពីរពាន់រៀល» ជាយុទ្ធនាការមួយរៀបចំឡើងក្នុងគោលបំណងស្វែងរកថវិកាពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស សម្រាប់ទិញចេកមួយស្និត ឬអំពៅមួយដើម ព្យាបាលដំរី និងទ្រទ្រង់ដល់សមាគមអភិរក្សដំរីអៃរាវត្តា។ យុទ្ធនាការនេះ ជាក្តីសង្ឃឹមនៃពូជដំរីស្រុក ក៏ដូចជាចូលរួមទប់ស្កាត់ការផុតពូជ និងការបង្កាត់ពូជដំរីផងដែរ។
 
បើតាមអ្នកស្រី ខៃ ចិន្តា បច្ចុប្បន្នសមាគមអៃរាវត្តា មានដំរី៤ក្បាល ដែលជិតផុតពូជ។ ក្នុងមួយឆ្នាំ សមាគមរបស់អ្នកស្រីចំណាយថវិកាប្រមាណ ១០ម៉ឺនដុល្លារលើការអភិរក្សសត្វដំរី និងការងារវប្បធម៌ អប់រំ រួមទាំងកសិកម្ម នៅតំបន់ជនជាតិដើមភាគតិចនាខេត្តរតនគិរី។ 
  


បច្ចុប្បន្ន​ ខេត្តរតនគិរីមានសត្វដំរីស្រុកតែ៤ក្បាលប៉ុណ្ណោះដែលរស់នៅតំបន់ទឹកជ្រោះកាទៀង ក្នុងស្រុកលំផាត់ ក្រោមការអភិរក្សរបស់សមាគមអៃរាវត្តា ក្នុងនោះមានឈ្មោល២ក្បាលឈ្មោះ ប៉ុក វ៉ា, ខាំសែន និងញីមួយក្បាលឈ្មោះ អ៊ីកែវ ដែលមានកូនឈ្មោះ ណូអែល។ ដោយឡែក ដំរីមួយក្បាលទៀតឈ្មោះ ម៉ាក់ ម៉ៃ បានងាប់ដោយសារជំងឺកាលពាក់កណ្ដាលខែឧសភាឆ្នាំ២០២០។ សមាគមនេះ មានហ្មរដំរី០៦នាក់ ដែលជាអ្នកមើលថែលើសត្វដំរី។
 
បច្ចុប្បន្ន សមាគមអភិរក្សដំរីអៃរាវត្តា កំពុងខ្វះខាតថវិកាសម្រាប់ទិញចំណីដំរី និងព្យាបាលដំរី ។ ទន្ទឹមនឹងនោះ ក្រសួងទេសចរណ៍ និងសមាគមអភិរក្សដំរីអៃរាវត្តា ក៏បានរៀបចំយុទ្ធនាការ «ដំរីមួយជួយថវិការពីរពាន់រៀល» ដើម្បីស្វែងរកថវិកាពីសប្បុរសជនសម្រាប់ទ្រទ្រង់ដល់សមាគមអភិរក្សដំរីអៃរាវត្តា ។ យុទ្ធនាការនេះ គឺជាចំណែកមួយ ក្នុងការអភិរក្សសត្វដំរី និងការបង្កាត់ពូជដំរីបន្ថែមទៀត ដើម្បីបង្កើនបរិមាណសត្វដ៏កម្រមួយនេះកុំឱ្យផុតពូជ៕
 


© រក្សាសិទ្ធិដោយ thmeythmey.com