អន្តរជាតិ
អាម៉េរិក ប្រាប់​​ចិនពីភាពចាំបាច់នៃសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់
18, Sep 2023 , 11:19 am        
រូបភាព
លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន (ឆ្វេង) និងលោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន។ រូបភាព AFP
លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន (ឆ្វេង) និងលោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន។ រូបភាព AFP
ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan នៅថ្ងៃទី១៧ ខែកញ្ញា បានប្រាប់ប្រមុខការទូតចិន លោក វ៉ាង យី ក្នុងជំនួបម៉ាល់ត៍ពីភាពចាំបាច់ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅលើច្រកសមុទ្រតៃវ៉ាន់ ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង បន្តដាក់សម្ពាធយោធាលើកោះតៃវ៉ាន់។ មិនតែប៉ុណ្ណោះ អាម៉េរិក បានចាត់ទុកជំនួបទ្វេភាគីនេះ ប្រកបដោយភាពទុកចិត្ត និងស្ថាបនាផង។


 
ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក  Jake Sullivan និងលោក វ៉ាង យី  នាយកការិយាល័យនៃគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្ត និងជារដ្ឋមន្រ្តីការបរទេសចិន បានជជែកគ្នាជាច្រើនលើកនាជំនួបនៅប្រទេសម៉ាល់ត៍នៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកញ្ញា។  សង្រ្គាមនៅអ៊ុយក្រែន ទំនាក់ទំនងទ្វេភាគី ជាពិសេសបញ្ហាកោះតៃវ៉ាន់ ជាបញ្ហាសំខាន់។ 
 
«អាម៉េរិក បានកត់សម្គាល់ពីភាពចាំបាច់នៃសន្តិភាព និងស្ថិរភាពនៅលើច្រកសមុទ្រតៃវ៉ាន់»។ លោក Sullivan បានប្រាប់លោកវ៉ាង។ នេះបើតាមសេចក្តីថ្លែងការណ៍បញ្ចេញដោយសេតវិមាននៅថ្ងៃទី១៧ ខែកញ្ញា។ 
 
ជាការឆ្លើយតប លោកវ៉ាង បានចាត់ទុកជាថ្មីថា បញ្ហាកោះតៃវ៉ាន់ ជាបន្ទាត់ក្រហមនៅក្នុងទំនាក់ទំនងរវាងអាម៉េរិក និងចិន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។ ស្របគ្នានេះ ភាពទាំងពីរ បានឯកភាពរក្សាការផ្តោះប្តូរកម្រិតខ្ពស់ និងមានកិច្ចពិភាក្សាទ្វេភាគីលើកិច្ចការនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កិច្ចការសមុទ្រ និងគោលនយោបាយការបរទេស។ 
 
ចំណែក សេតវិមានវិញ បានចាត់ទុកជំនួបនេះ មានលក្ខណៈប្រកបដោយភាពទុកចិត្ត សារសំខាន់ និងស្ថាបនា ដោយផ្អែកលើកិច្ចសន្ទនារវាងប្រធានាធិបតីចិន និងអាម៉េរិកនៅពេលកន្លងមក។ 
 
មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាបន្តរក្សាប្រព័ន្ធទំនាក់ទំនងប្រកបដោយយុទ្ធសាស្រ្ត និងស្វះស្វែងរកកិច្ចសន្ទនាកម្រិតខ្ពស់នៅក្នុងវិស័យសំខាន់ៗបន្ថែម។ 
 
សូមបញ្ជាក់ថា ជំនួបរវាងមន្រ្តីចិន និងអាម៉េរិកខាងលើ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយក្រសួងការបរទេសចិន បានប្រកាសដាក់ទណ្ឌកម្មមលើក្រុមហ៊ុនអាម៉េរិកចំនួន២ ដែលលក់អាវុធទៅកោះតៃវ៉ាន់មានក្រុមហ៊ុន Northrop Grumman និងក្រុមហ៊ុន Lockheed Martin។
 
ជំនួបរវាងមេដឹកនាំកំពូលប្រទេសទាំង២ ក៏ស្ថិតក្នុងរបៀបវារៈដែរ។ លោកប្រធានាធិបតី ចូ បៃឌិន និងសមភាគីចិន ស៊ី ជិនភីង ទំនងជួបគ្នានៅទឹកដីអាម៉េរិកអំឡុងកិច្ចប្រជុំមេដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក៕
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com