ជាតិ
រដ្ឋមន្ត្រីធនធានទឹក ស្នើឱ្យឥណ្ឌាបន្តជួយគម្រោងអភិវឌ្ឍន៍ ចំនួន៥
18, Sep 2023 , 8:19 pm        
រូបភាព
រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានស្នើឱ្យភាគីឥណ្ឌា ជួយដល់គម្រោងអភិវឌ្ឍន៍ចំនួន៥ នៅកម្ពុជា។ លោក ថោ ជេដ្ឋា ដាក់សំណើទាំងនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ DEVYANI KHOBRAGADE ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជានាថ្ងៃទី១៨ កញ្ញា។

 
ក្នុងជំនួបពិភាក្សាការងារនេះ រដ្ឋមន្រ្តីក្រសួងធនធានទឹក បានស្នើភាគីឥណ្ឌាបន្តកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ធនធានទឹក រួមមាន ទី១៖ គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតនៅខេត្តកំពង់ស្ពឺ។ ទី២៖ គម្រោងដំឡើងស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ។ ទី៣៖ គម្រោងសិក្សាបន្ថែមទឹកក្រោមដីក្នុងខេត្តកំពង់ស្ពឺ ស្ថិតនៅក្រុង-ស្រុក ចំនួន ៤គឺក្រុងច្បារមន ស្រុកភ្នំស្រួច ស្រុកសំរោងទង និងស្រុកឧដុង្គ។ ទី៤៖ ផ្តល់រូបភាពពីផ្កាយរណប ដើម្បីជួយដល់ការព្យាករឱ្យមានប្រសិទ្ធភាព ជាពិសេសការព្យាករទឹកជំនន់នារដូវវស្សា។ ទី៥៖ ជួយដល់ការអភិវឌ្ឍធនធានមនុស្សទាំងផ្នែកបច្ចេកទេស និងផ្នែកបច្ចេកវិទ្យា ពិសេសបច្ចេកវិទ្យា ទឹកក្រោមដី។
 
បច្ចុប្បន្ននេះ ក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ដែលបានចុះកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងឥណ្ឌា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨។
 
នាជំនួបពិភាក្សានេះ ភាគីទាំងពីរបានប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហការលើវិស័យធនធានទឹកឱ្យកាន់តែរីកចម្រើនឈានទ្បើងជាបន្តបន្ទាប់ទៀត។ នេះបើតាមក្រសួងធនធានទឹក។
 
គិតចាប់តាំងពីឆ្នាំ២០០៤មក កម្ពុជា និងឥណ្ឌា ក្រោមកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក បានទទួលសមិទ្ធផលជាច្រើនដូចជា ទី១៖ គម្រោងទិញម៉ាស៊ីនបូមទឹក។ ទី២៖ គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកស្ទឹងតាសាល ដំណាក់កាលទី១ ដែលមានទីតាំងស្ថិតនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ទី៣៖ គម្រោងអភិវឌ្ឍន៍ផែនការមេស្ទឹងសៀមរាប។ ទី៤៖ គម្រោង សិក្សាទឹកក្រោមដីក្នុងខេត្តកំពង់ស្ពឺ នៅក្នុងស្រុកចំនួន ២គឺ ស្រុកបរសេដ្ឋ និងស្រុកគងពិសី៕
 

Tag:
 ធារាសាស្រ្ត
  ឧតុនិយម
© រក្សាសិទ្ធិដោយ thmeythmey.com