អន្តរជាតិ
ការត្រៀមខ្លួនក្នុងយុគសម័យនៃយានយន្តអគ្គិសនី
19, Sep 2023 , 2:59 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិកំពុងរៀបចំកិច្ចប្រជុំកំពូលមហិច្ឆតាអាកាសធាតុនៅទីក្រុងញូវយ៉ក នៅសប្តាហ៍នេះ ដើម្បីទទួលបានការគាំទ្រក្នុងការពន្លឿនការផ្លាស់ប្តូរថាមពល។ ជាផ្នែកមួយនៃកិច្ចប្រជុំកំពូលនេះ យានយន្តអគ្គិសនី ត្រូវបានសន្មត់ថាជាយានយន្តអនាគតនៃការធ្វើដំណើរ និងការដឹកជញ្ជូន។ ប៉ុន្តែ តើ​វា​មានន័យ​យ៉ាងណា​សម្រាប់​អនាគត​ថាមពល​របស់​កម្ពុជា​?

 
ឯកអគ្គរាជទូត Dominic Williams បានលើកឡើងបែបនេះ៖ «ខ្ញុំមានមោទកភាពដែលយានយន្តតំណាងស្ថានទូតអង់គ្លេសប្រចាំនៅរាជធានីភ្នំពេញ ជារថយន្តអគ្គិសនី Jaguar F-Pace ដែលពួកយើងបានប្រើប្រាស់ប្រកបដោយមហិច្ឆតាខ្ពស់ដើម្បីធ្វើដំណើរទៅកាន់ខេត្តនានាក្បែររាជធានីភ្នំពេញ និងរហូតដល់ខេត្តព្រះសីហនុ និងខេត្តសៀមរាប។
 
វាពិតជាអស្ចារ្យណាស់ដែលក្រៅពីស្ថានទូតយើង ក៏ឃើញមានការផ្សព្វផ្សាយអំពីយានយន្តអគ្គិសនី  ឬ EVs ដែលជាជម្រើស មានតម្លៃ និងការបំពុលទាប បើប្រៀបធៀបនឹងរថយន្តដែលប្រើម៉ាស៊ីនចំហេះបែបប្រពៃណី ដែលការណ៍នេះនាំឱ្យមានការកើនឡើងខ្ពស់ក្នុងការលក់នៃយានយន្តអគ្គិសនីជាលំដាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ»។
 
ការរកឃើញពីទីភ្នាក់ងារថាមពលអន្តរជាតិកត់សំគាល់ថាយានយន្តអគ្គិសនី ឬ EVs ដែលត្រូវបានលក់ជារៀងរាល់ឆ្នាំមានកើនជាងបីដងនៅចន្លោះឆ្នាំ២០២០ និង២០២២។ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣ យានយន្តអគ្គិសនីចំនួន​២.៣ លានគ្រឿងត្រូវបានលក់ ដែលជាការកើនឡើង២៥ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
ប្រទេសកម្ពុជា ក៏ដូចជាប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏មិនអាចគេចពីនិន្នាការនេះដែរ។
 
ជាមួយការជំរុញដោយតម្រូវការយានយន្តក្នុងស្រុកដ៏រឹងមាំរបស់ចិន ម៉ាកយីហោដូចជា BYD និង Hongqi កំពុងរួមចំណែកដល់កំណើនរថយន្ត EV ដែរ ដោយ៧៥ភាគរយនៃរថយន្តអគ្គិសនីថ្មីក្នុងតំបន់  បាននាំចេញពីសាធារណរដ្ឋប្រជាមានិតចិនក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣។ 
 
ការជំរុញនិន្នាការនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងបរិបទកម្ពុជា ដែលជាទីផ្សារប្រើប្រាស់ម៉ូតូជាមធ្យោបាយដឹកជញ្ជូនដ៏ពេញនិយមនោះ ជាការបន្ថែមផលិតក្នុងស្រុក “Made in Cambodia” រួមមាន ក្រុមហ៊ុន Voltra, VeryWords និង Onion ដែលដើរតួនាទីសំខាន់ក្នុងការផ្គត់ផ្គង់ប្រភេទយានយន្តអគ្គិសនីកង់២ ​​និង កង់៣ ក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅកម្រិតថ្នាក់ជាតិ ការផ្លាស់ប្តូរឆ្ពោះទៅរកយានជំនិះអគ្គិសនីគឺមានសារសំខាន់សម្រាប់ហេតុផលចំនួនពីរ។
 
ទីមួយ ការអគ្គិសនីយកម្មនៃវិស័យដែលពឹងផ្អែកខ្លាំងលើឥន្ធនៈផូស៊ីល ផ្តល់ឱកាសដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗទាក់ទងនឹងការបន្សាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ។ ជាពិសេសទៅទៀត ឱកាសដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់  និងធានាថា កម្ពុជាបានឆ្លើយតបទៅនឹងការរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(NDC) ក្នុងការប្តេជ្ញាចិត្តចំពោះភាពជាដៃគូដែលបានធ្វើឡើងក្រោមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។
 
ទីពីរ ការផ្លាស់ប្តូរឆ្ពោះទៅរកយានយន្តអគ្គិសនីកាន់តែទូលំទូលាយ ជាធាតុផ្សំដ៏សំខាន់នៃការផ្លាស់ប្តូរទៅថាមពលស្អាតរបស់ព្រះរាជាណាចក្រកម្ពុជា ដោយគាំទ្រដល់ការអភិវឌ្ឍការដឹកជញ្ជូនសាធារណៈ និងខ្សែច្រវាក់ផ្គត់ផ្គង់ដែលកាន់តែស្អាត ខណៈដែលកម្ពុជាបន្តដំណើរឆ្ពោះទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
 
វាពិតជាល្អណាស់មកទល់ពេលនេះ​យើងមាន (១) ការបង្កើនចំណង់ចំណូលរបស់អ្នកប្រើប្រាស់សម្រាប់យានយន្តអគ្គិសនី (២) ជម្រើសខ្សែច្រវាក់ផ្គត់ផ្គង់ដែលល្អ និង (3) អាទិភាពនៃការអភិវឌ្ឍដែលក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យ។
 


ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលយានយន្តអគ្គិសនីមិនបង្កើតការបំភាយឧស្ម័នដោយផ្ទាល់ វាមានសារសំខាន់ដែលថា យានយន្តអគ្គិសនី ជាផ្នែកនៃការផ្លាស់ប្តូរដ៏ទូលំទូលាយទៅកាន់ប្រព័ន្ធថាមពលស្អាត​និងទំនើប។
 
វានាំយើងទៅរកការពិតជាក់ស្ដែងដែលយានយន្តអគ្គិសនីត្រូវអគ្គិសនីសម្រាប់ការបញ្ចូលថ្មដែលអាស្រ័យលើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃបណ្តាញថាមពលផង។
 
សម្រាប់ប្រទេសកម្ពុជា យានយន្តអគ្គិសនី ជាឱកាសដ៏សំខាន់មួយដើម្បីបញ្ចៀសការកើនឡើងតម្រូវការខ្ពស់បំផុត (ការទាក់ទាញថ្មីលើការផ្គត់ផ្គង់ថាមពលពីការបញ្ចូលថាមពលអគ្គិសនី) តាមរយៈការធ្វើទំនើបកម្មបណ្តាញ និងការបំពេញ និងការពង្រីកការប្តេជ្ញាលើថាមពលស្អាតដែលមានចែងក្នុងផែនការអភិវឌ្ឍន៍ថាមពល។
 
វាកាន់តែសំខាន់ដែលយានយន្តអគ្គិសនី អាចសាកថ្មបានតាមវិធីដែលជួយដល់ប្រព័ន្ធថាមពលរបស់យើង។ តាមរយៈការគ្រប់គ្រងប្រព័ន្ធផ្ទុកថាមពលថ្មដែលមានប្រសិទ្ធភាព (BESS) ថ្មទាំងនោះអាចទ្រទ្រង់បណ្តាញអគ្គិសនី ដោយការសាកថ្មក្នុងអំឡុងពេលដែលមានតម្រូវការទាប ហើយបន្ទាប់មកបន្ធូរសម្ពាធពីប្រព័ន្ធសាកអំឡុងពេលមានតម្រូវច្រើនតាមរយៈការបញ្ចេញថាមពល។ ខណៈពេលដែលជម្រើសក្រោយអាចមិនសមស្របនៅព្រះរាជាណាចក្រកម្ពុជា ការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃ BESS អាចកាត់បន្ថយការចំណាយលើការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធបណ្តាញអគ្គិសនី ខណៈជួយដល់ស្ថិរភាពនៃបណ្តាញអគ្គិសនី។
 
ដើម្បីឆក់យកឱកាសនេះ យើងត្រូវយល់ និងវិភាគការកើនឡើងនៃបន្ទុកថាមពលពីយានយន្តអគ្គិសនី ។ យើងអាចចាប់ផ្តើមដំណើរការនេះរួចហើយដោយប្រើទិន្នន័យដែលត្រូវបានប្រមូលតាមរយៈការលក់បច្ចុប្បន្ន និងការព្យាករការលក់របស់អ្នកចែកចាយយានយន្តអគ្គិសនី ។
 
លើសពីនេះ កម្ពុជានឹងត្រូវសម្រេចចិត្តមួយចំនួនទាក់ទងនឹងការធ្វើទំនើបកម្មបណ្ដាញ ប្រភេទនៃម៉ូដែលសាកថ្មរបស់យានយន្តអគ្គិសនី និងបទប្បញ្ញត្តិដែលត្រូវអនុម័ត។ ទាំងអស់នេះជាកត្តាសំខាន់ក្នុងការគ្រប់គ្រងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃអនាគតយានយន្តអគ្គិសនីរបស់កម្ពុជា។
 
គិតត្រឹមថ្ងៃនេះ ប្រទេសកម្ពុជាគឺនៅដើមដំបូងនៃខ្សែកោងក្នុងការប្រើប្រាស់យានយន្តអគ្គិសនី ។
 
វាផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់តួអង្គសំខាន់ៗដែលមានទាំងរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីរៀបចំខ្លួន។ 
 


ដៃគូជាច្រើនកំពុងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំរបស់ខ្លួនរួចហើយ រួមទាំងធនាគារពិភពលោក UNDP និងវិទ្យាស្ថាន Global Green Growth Institute។
 
លើសពីនេះ ឆ្នាំ២០២៣ មានព្រឹត្តិការណ៍សំខាន់ៗចំនួនពីរ ដែលរៀបចំដោយ EnergyLab Cambodia; (១) ព្រឹត្តិការណ៍ខែមីនាជាមួយស្ថានទូតអង់គ្លេសនៅទីក្រុងភ្នំពេញស្តីពីការធ្វើមាត្រដ្ឋានយានយន្តអគ្គិសនីក្នុងទីក្រុង និង (២) ការតាំងពិព័រណ៍យានយន្តអគ្គិសនីក្នុងខែសីហាក្រោមភាពជាដៃគូជាមួយសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា និងក្រសួងបរិស្ថាន។
 
វាច្បាស់ណាស់ពីព្រឹត្តិការណ៍ទាំងនេះដែលបង្ហាញថាកម្ពុជាមាននិន្នការខ្លាំងសម្រាប់ការផ្លាស់ប្តូរទៅកាន់យានយន្តអគ្គិសនី។ ឥឡូវនេះវាដល់ពេលហើយដែលពួកយើងត្រូវរួមគ្នាក្នុងការបង្កើនការគាំទ្រសម្រាប់ការផ្លាស់ប្តូរនេះនៅក្នុងវិស័យអាទិភាព។
 
ទាំងនេះរួមបញ្ចូលការវាយតម្លៃផលប៉ះពាល់បណ្ដាញថាមណល ការធ្វើផែនការប្រព័ន្ធថាមពល និងការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញដើម្បីផ្តល់នូវការកាត់បន្ថយសារធាតុកាបូនដ៏មានប្រសិទ្ធភាពក្នុងប្រព័ន្ធដឹកជញ្ជូន។
 
ខ្ញុំមានទំនុកចិត្តថា ជាមួយនឹងអន្តរាគមន៍ដ៏ត្រឹមត្រូវ ក្នុងពេលអនាគតដ៏ខ្លី នៅពេលដែលខ្ញុំធ្វើដំណើរជាមួយនឹងរថយន្តអគ្គិសនីរបស់យើង រថយន្តដែលនៅខាងមុខនឹងជាយានយន្តអគ្គិសនី៕
 
អត្ថបទដោយ ឯកឧត្តម ឯកអគ្គរាជទូត Dominic Williams សហការជាមួយ EnergyLab Cambodia
 

© រក្សាសិទ្ធិដោយ thmeythmey.com