ជាតិ
លោក ហ៊ុន ម៉ានី៖ កម្ពុជា ត្រូវការយុវជនដែលមានជំនាញឌីជីថល ដើម្បីបំពេញតម្រូវការទីផ្សារការងារ
19, Sep 2023 , 8:19 pm        
រូបភាព
លោក ហ៊ុន ម៉ានី ក្នុងវេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពី«យុវជន ៤.០» នាព្រឹកថ្ងៃទី១៩ កញ្ញ នៅអាគារ The Kampus ។ រូបភាព៖ ស.ស.យ
លោក ហ៊ុន ម៉ានី ក្នុងវេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពី«យុវជន ៤.០» នាព្រឹកថ្ងៃទី១៩ កញ្ញ នៅអាគារ The Kampus ។ រូបភាព៖ ស.ស.យ
ភ្នំពេញ៖ នាពេលបច្ចុប្បន្ន បដិវត្តន៍ឧស្សាហកម្ម 0.៤ និងឌីជីថលភាវូបនីយកម្ម បានក្លាយជានិន្នាការសកលដែលមិនអាចជៀសផុត ហើយបច្ចេកវិទ្យាបានជ្រាបចូលជ្រៅក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច និងទំនាក់ទំនង នានា។ ក្នុងដំណើរវិវត្តន៍យ៉ាងឆាប់រហ័សនេះ លោក ហ៊ុន ម៉ានី បានក្រើនរំឮកទៅកាន់យុវជនថា តទៅមុខ កម្ពុជាត្រូវការអ្នកមានជំនាញឌីជីថល ដើម្បីបំពេញតម្រូវការទីផ្សារការងារ ដែលមានភាពប្រកួតប្រជែង ដូច្នេះហើយទាមទារឱ្យយុវជនកសាងសមត្ថភាព។



លោក ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងក្នុង វេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពី«យុវជន ៤.០» នាព្រឹកថ្ងៃទី១៩ កញ្ញថា បច្ចុប្បន្ន បច្ចេកវិទ្យាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ផលិតកម្ម សេដ្ឋកិច្ច និងឥរិយាបថនៃការរស់នៅរបស់ពលរដ្ឋកម្ពុជា ដែលវាបានផ្ដល់ភាពងាយស្រួល បង្កើនប្រសិទ្ធភាពការងារ និងការលើកកម្ពស់សុខុមាលភាព ជាដើម។  
 
«បច្ចុប្បន្ន បច្ចេកវិទ្យាលែងជាជម្រើសទៀតហើយ ប៉ុន្តែ វាគឺជាតម្រូវការដែលត្រូវឆ្លើយតប និងសម្របខ្លួនតាមនិន្នាការថ្មីៗ ដើម្បីពង្រឹងភាពប្រកួតប្រជែង ក៏ដូចជាពង្រឹងនិរន្តរភាពស្ថាប័ន និងអាជីវកម្ម ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០»។ នេះជាការលើកឡើងរបស់ លោក ហ៊ុន ម៉ានី ដោយបន្ថែមថា ក្នុងដំណើរវិវត្តន៍យ៉ាងឆាប់រហ័សនេះ ការចាប់យកបច្ចេកវិទ្យា គឺពិតជាចាំបាច់សម្រាប់យុវជនកម្ពុជា ខណៈរដ្ឋាភិបាល បានដាក់ទិសដៅកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល នៅឆ្នាំ២០៣០ និង២០៥០។ 
 
យុវជន គឺជាកម្លាំងចលករដ៏មានសារៈសំខាន់សម្រាប់កម្ពុជានាថ្ងៃអនាគត ក្នុងការជំរុញការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល យ៉ាងពិតប្រាកដ។ ដូច្នេះ ដើម្បីសម្រចតាមចក្ខុវិស័យ គឺទាមទារឱ្យមនុស្ស និងបច្ចេកវិទ្យា ដើរទន្ទឹមគ្នា។ ក្នុងន័យនេះ កម្លាំងពលកម្មត្រូវមានចំណេះ និងជំនាញដែលអាចប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ 
 
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានណែនាំឱ្យសាស្រ្តាចារ្យ គ្រូបង្រៀន ព្រមទាំងសិស្សនិស្សិតទាំងអស់ បន្តយកចិត្តទឹកដាក់លើវិធីសាស្រ្តបង្រៀន និងការរៀន ដោយបញ្ចូលនូវបច្ចេកវិទ្យាឌីជីថល។ ក្នុងបរិបទទំនើបនេះ បច្ចេកវិទ្យា​ ក៏បានបង្កើននូវជំនាញថ្មីជាច្រើនផងដែរ ដូច្នេះ ទាមទារឱ្យកម្លាំងពលកម្មមានជំនាញពិតប្រាកដ ទាំងជំនាញគោល និងឌីជីថល។ 
 
លោក បញ្ជាក់ថា នាពេលអនាគត កម្ពុជា​ត្រូវការយុវជនដែលមានជំនាញឌីជីថល ដើម្បីបំពេញតម្រូវការទីផ្សារការងារ ព្រោះថា ជំនាញនេះនឹងជួយបង្កើនលទ្ធភាព និងប្រសិទ្ធភាពការងារ។ 
 
ចំណែក លោក សោម រតនា សមាជិកក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌល ៤.០ បានលើកឡើងដែរថា បច្ចេកវិទ្យាឌីជីថល កំពុងរីកដុះដាលយ៉ាងខ្លាំងនៅលើពិភពលោក និងក្នុងប្រទេសកម្ពុជា​ ហើយបណ្ដាក្រុមហ៊ុន សុទ្ធសឹងត្រូវការធនធានមនុស្សដែលមានជំនាញឌីជីថល។ ការងារឌីជីថល នឹងក្លាយជាតម្រូវការចាំបាច់ ហើយវានឹងអាចជំនួសការងារដែលប្រើប្រាស់កម្លាំង នាពេលអនាគត។ 
 
តាមការព្យាករណ៍មួយក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុនមួយក្នុងចំណោម៣ នឹងទទួលបានប្រាក់ចំណេញ៣០ភាគរយ ចេញពីការប្រើប្រាស់ឌីជីថល ហើយជំនាញនេះនឹងត្រូវកើនឡើងបន្តទៀតនៅពេលខាងមុខ។ 
 
យ៉ាងណា លោក សោម រតនា មើលឃើញថា កម្ពុជានៅខ្វះគោលនយោបាយគាំទ្រពីរដ្ឋាភិបាល ខណៈអ្នកទីក្រុងមានលទ្ធភាពច្រើន​ក្នុងការរៀន រីឯអ្នកជនបទ ស្ទើរតែគ្មានឱកាសរៀន។ លើសពីនេះ អ្នកដែលចូលរួមអប់រំផ្នែកឌីជីថល នៅមានកម្រិត។ ទាំងនេះហើយ គឺជាឧបសគ្គ ដែលទាមទារឱ្យកម្ពុជាដោះស្រាយ ដើម្បីឈានចំណុចខ្ពស់ផ្នែកបច្ចេកវិទ្យាឌីជីថល។

សូមជម្រាបថា វេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពី «យុវជន ៤.០»  ត្រូវបានរៀបចំឡើង ក្រោមវត្តមាន លោក ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យាជាដំណោះស្រាយ ឆ្លើយតបទៅនឹងបញ្ហាដែលសង្គមជាតិកំពុងជួបប្រទះ ដើម្បីផ្តល់ជាប្រយោជន៍វិជ្ជមានដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា។
 
វេទិកានេះ មានកិច្ចពិភាក្សាចំនួន២វគ្គ ដោយវគ្គទី១ ផ្ដោតលើប្រធានបទ«យុវជន និងការអប់រំឌីជីថល, ជំនាញឌីជីថល និងអាជីព» ដែលមានការចូលរួមពី លោក សោម រតនា សមាជិកក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌ ៤.០, លោក ជីវ រដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា, លោក តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោក អ៊ុ ចំណាន នាយកអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា។ 
 
ដោយឡែក កិច្ចពិភាក្សាទី២ គឺជជែកគ្នាលើប្រធានបទ «ការប្រើប្រាស់បច្ចេកវិទ្យា និងសុខភាពផ្លូវចិត្តរបស់យុវជន» ដែលចូលរួមពី លោក ហុង សុខហួរ ទីប្រឹក្សាមជ្ឈមណ្ឌ ៤.០, លោក ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល, លោក គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាពិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េង លី ជេ.គួច, កញ្ញា ថែម ស្រីអឿន ប្រធានផ្នែកកិច្ចការសាធារណៈ នៃក្រុមហ៊ុន ស្មាត អាស្យាតា៕
 

Tag:
 ហ៊ុន ម៉ានី
  ឌីជីថល
  ឧស្សាហកម្ម​ ០.៤
© រក្សាសិទ្ធិដោយ thmeythmey.com