អន្តរជាតិ
WSJ៖ ប្រមុខការទូតចិន ឈីន កាង ត្រូវដកតំណែង ដោយសារមានសម្ព័ន្ធភាពស្នេហាក្រៅច្បាប់
19, Sep 2023 , 6:29 pm        
រូបភាព
លោក ឈីន កាង អតីតរដ្ឋមន្រ្តីការបរទេសចិន។ រូបភាព AFP
លោក ឈីន កាង អតីតរដ្ឋមន្រ្តីការបរទេសចិន។ រូបភាព AFP
អតីតរដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង ត្រូវបានដកតំណែង ដោយសារតែមានសម្ព័ន្ធភាពស្នេហាក្រៅផ្លូវច្បាប់ នៅពេលលោកធ្វើជាអគ្គរដ្ឋទូតចិនប្រចាំនៅអាម៉េរិក។ សារព័ត៌មាន the Wall Street Journal បានចុះផ្សាយបែបនេះ នៅថ្ងៃទី១៩ ខែកញ្ញា។

 
នៅក្នុងខែកក្កដា អតីតរដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង ត្រូវបានដកតំណែង ដោយដាក់លោក វ៉ាង យី ជំនួស។ ការដកតំណែងនេះ មិនត្រូវបានក្រសួងការបរទេសចិន បញ្ជាក់ពីហេតុផលច្បាស់លាស់ឡើយ។ យ៉ាងណាមិញ សារព័ត៌មានអាម៉េរិក the Wall Street Journal បានចុះផ្សាយថា ការដកតំណែងនេះ ដោយសារតែលោកមានសម្ព័ន្ធភាពស្នេហាក្រៅផ្លូវច្បាប់ ហើយថែមទាំងមានកូនម្នាក់ថែមទៀតពេលធ្វើទូតនៅអាម៉េរិក។
 
ពេលនេះ លោកឈីន កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដែលផ្តោតលើ ថាតើការសម្ព័ន្ធភាពស្នេហាក្រៅផ្លូវច្បាប់ ឬការប្រព្រឹត្តរបស់លោកឈីន ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិចិន ឬយ៉ាងណា។ តាមប្រភពមន្រ្តីជាន់ខ្ពស់ចិន ការស៊ើបអង្កេតរបស់បក្សកុម្មុយនីស្តចិន បានរកឃើញថា លោកឈីន មានសម្ព័ន្ធភាពស្នេហាក្រៅផ្លូវច្បាប់ នៅក្នុងអំឡុងពេលលោក ធ្វើជាអគ្គរដ្ឋទូតចិននៅវ៉ាស៊ីនតោន។
 
ទាក់ទិននឹងការចុះផ្សាយរបស់សារព័ត៌មាន the Wall Street Journal អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានអះអាងថា លោកស្រីមិនបានដឹងពីព័ត៌មានរបស់លោក ឈីន ដូចការចុះផ្សាយរបស់សារព័ត៌មានអាម៉េរិកឡើយ ហើយក្រសួងការបរទេសចិន ក៏បានបញ្ជាក់ពីដកតំណែងនេះដែរ។ 
 
លោក ឈីន បានក្លាយជាអគ្គរដ្ឋទូតប្រចាំនៅអាម៉េរិក ក្នុងឆ្នាំ២០២១ មុននឹងក្លាយជារដ្ឋមន្រ្តីការបរទេស នៅក្នុងឆ្នាំ២០២២ ហើយត្រូវបានដកតំណែងនៅក្នុងឆ្នាំ២០២៣៕ 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com