អន្តរជាតិ
ប្រធានាធិបតីអាម៉េរិក គាំទ្រការពង្រីកសមាជិកក្រុមប្រឹក្សាសន្តិសុខUN
20, Sep 2023 , 3:59 pm        
រូបភាព
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក នៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី១៩ ខែកញ្ញា។ រូបភាព UN
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក នៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី១៩ ខែកញ្ញា។ រូបភាព UN
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី១៩ ខែកញ្ញា បានប្រកាសជាថ្មី ក្នុងការគាំទ្រការពង្រីកសមាជិកភាពរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលបច្ចុប្បន្នមានត្រឹម១៥ប្រទេសប៉ុណ្ណោះ។ មេដឹកនាំអាម៉េរិក បានទទូចឱ្យរុស្ស៊ីទទួលខុសត្រូវលើសង្រ្គាមនៅអ៊ុយក្រែនផង។


 
ក្នុងពេលបច្ចុប្បន្ន សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានត្រឹម ១៥ប្រទេសប៉ុណ្ណោះ ខណៈសមាជិកអចិន្រ្តៃយ៍ មាន៥ប្រទេស និងមិនអចិន្រ្តៃយ៍ មានចំនួន ១០ប្រទេស។ មួយរយៈចុងក្រោយ បណ្តាប្រទេសជាច្រើនដូចជា ជប៉ុន បារាំង និងឥណ្ឌា បានស្វះស្វែងរកការពង្រីកសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ។ 
 
ពីមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅថ្ងៃទី១៩ ខែកញ្ញា ក្រោយសុន្ទរកថារបស់មេដឹកនាំប្រេស៊ីល លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានប្រកាសគាំទ្រជាថ្មីលើការពង្រីកសមាជិកក្រុមប្រឹក្សាសន្តិសុខ។ 
 
«នៅក្នុងការលើកឡើងរបស់ខ្ញុំកាលឆ្នាំ ខ្ញុំប្រកាសថា អាម៉េរិក នឹងគាំទ្រការពង្រីកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបង្កើនទាំងសមាជិកអចិន្រ្តៃយ៍ និងមិនអចិន្រ្តៃយ៍»។ លោកបៃឌិន បានបញ្ជាក់បែបនេះ នៅចំពោះមុខមេដឹកនាំ និងតំណាងរដ្ឋជាច្រើន នៅស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ ក្នុងក្រុងញូវយ៉ក។​
 
ត្រង់ចំណុចនេះ មេដឹកនាំអាម៉េរិក បានយល់ថា ប្រទេសទាំងអស់ ចាំបាច់ត្រូវតែបំបែកភាពជាប់គាំង ដែលតែងបង្អាក់ដំណើរការ និងបដិសេធលើការព្រមព្រៀង ក្នុងក្រុមប្រឹក្សាសន្តិសុខ។ កន្លងមក ប្រទេសមហាអំណាចទាំង៥ តែងប្រើសិទ្ធិវេតូ លើប្រធានបទណាមួយ ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួន។ 
 
បន្ថែមពីនេះ លោកបៃឌិន ក៏បានបញ្ជាក់ផងដែរថា អង្គការសហប្រជាជាតិ ត្រូវតែបន្តរក្សាសន្តិភាព បង្ការជម្លោះ និងកាត់បន្ថយការឈឺចាប់របស់ប្រជាជន។ 
 
ក្នុងសុន្ទរកថាដដែលនោះ ប្រមុខរដ្ឋអាម៉េរិករូបនេះ ក៏បានលើកឡើងពីសង្រ្គាមនៅអ៊ុយក្រែនផង ដោយលោកបានរិះគន់រុស្ស៊ីជាថ្មី លើការឈ្លានពាន។​ បើតាមលោកបៃឌិន រុស្ស៊ី តែម្នាក់ឯងគត់ ត្រូវតែទទួលខុសត្រូវសម្រាប់សង្រ្គាមមួយនេះ ហើយមានតែរុស្ស៊ីប៉ុណ្ណោះ ដែលមានអំណាចគ្រប់គ្រាន់ ក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ 
 
មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាម៉េរិក បានប្រកាសរួមដៃជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន​ ក្នុងការរួមដៃជាមួយគ្នា ដើម្បីជួយអ៊ុយក្រែន ក្នុងការទប់ជាមួយរុស្ស៊ី៕

Tag:
 អាម៉េរិក
  ក្រុមប្រឹក្សាសន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com