អន្តរជាតិ
តើកំណែទម្រង់ក្រុមបឹ្រក្សាសន្ដិសុខអាចទៅរួចដែរឬទេ?
07, Aug 2023 , 9:59 am        
រូបភាព
 ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
ក្រុមប្រឹក្សាសន្តិសុខ ជាស្ថាប័នមួយចំណុះឱ្យអង្គការសហប្រជាជាតិ (UN)។ ក្រុមប្រឹក្សានេះត្រូវបានគេចាត់ទុកជាស្ថាប័នមានឥទ្ធិពល​ជាងគេ ហើយក៏ជាស្ថាប័នកំពូលដែលផ្ដោតទៅលើការរក្សាសន្តិភាព និងសន្តិសុខពិភពលោក។ អន្តរាគមន៍យោធា ឬទណ្ឌកម្មលើប្រទេសណាមួយ សុទ្ធតែធ្លាក់ចេញពីក្រុមប្រឹក្សាសន្តិសុខទាំងអស់។

កំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខដ៏មានអំណាច ជាកម្មវត្ថុសម្រាប់ការជជែកគ្នាជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនអាចចេញជារូបរាងនៅឡើយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការកើនឡើងបញ្ហាប្រឈមសកលរួមទាំងសង្រ្គាមនៅអ៊ុយក្រែន ការជំរុញពីសំណាក់រដ្ឋអាហ្វ្រិក ក៏ដូចជាការខកចិត្តជាមួយនឹងរុស្ស៊ីក្នុងការរារាំងក្រុមប្រឹក្សាមិនឱ្យធ្វើអ្វីបានលើបញ្ហាអ៊ុយក្រែន ការអំពាវនាវឱ្យមានកំណែទម្រង់ក្រុមប្រឹក្សាក៏កាន់តែឆាបឆួល។
 
ក្រុមប្រឹក្សាសន្តិសុខមានសមាជិកចំនួន១៥ ដែលបែងចែកជាសមាជិកអចិន្ត្រៃយ៍ និងសមាជិកមិនអចិន្ត្រៃយ៍។ សមាជិកអចិន្ត្រៃយ៍ទាំង៥ រួមមាន ចិន បារាំង រុស្ស៊ី អង់គ្លេស និងអាម៉េរិច។ ក្រុមប្រឹក្សា​មាន​សមាជិក​១០​ប្រទេស​ទៀត ដែល​បោះឆ្នោត​ជ្រើសរើស​រៀង​រាល់​ពីរ​ឆ្នាំ​ម្ដង​។ បច្ចុប្បន្នសមាជិកមិនអចិន្រ្តៃយ៍ អាល់បានី ប្រេស៊ីល អេក្វាទ័រ ហ្កាបុង ហ្កាណា ជប៉ុន ម៉ាល់ត៍ ម៉ូសំប៊ិក ស្វ៊ីស និងអេមីរ៉ាតអារ៉ាប់រួម។
 
ប្រទេសដែលត្រូវបានចាត់ទុកមហាអំណាចមធ្យមមានប្រេស៊ីល អាល្លឺម៉ង់ ឥណ្ឌា ជប៉ុន នីហ្សេរីយ៉ា និងអាហ្វ្រិកខាងត្បូង បានស្វះស្វែងរកការពង្រីកសមាជិកក្រុមប្រឹក្សាសន្តិសុខ ហើយក៏ស្វែងរកកៅអីអចិន្ត្រៃយ៍របស់ខ្លួនដែមទៀត។ បន្ថែមពីលើនេះ សមាជិករបស់ក្រុមប្រឹក្សាសន្តិសុខខ្លះក៏ធ្លាប់បានអំពាវនាវឱ្យអង់គ្លេសប្រគល់អាសនៈអចិន្ត្រៃយ៍របស់ខ្លួនទៅឱ្យសហភាពអឺរ៉ុបវិញបន្ទាប់ពី Brexit បានកើតឡើង ។ 
 
មិនតែប៉ុណ្ណោះ កាលពីដើមឆ្នាំ២០២៣ ចិន បារាំង និងអាល្លឺម៉ង់ក៏បានអំពាវនាវឱ្យបន្ថែមសមាជិកអចិន្ត្រៃយ៍ចំនួនពីរទៀតសម្រាប់ទ្វីបអាហ្រ្វិក។
 
ក្រៅពីការពង្រីកសមាជិកភាព បញ្ហាសិទ្ធិវ៉េតូក៏ជាប្រធានក្ដៅដែរ។ បើនិយាយពីសិទ្ធិ​ពិសេស​វ៉េតូវិញ ការរិះគន់ក៏កើតមានឡើងជាពិសេសជុំវិញការឆ្លើយតបវិបត្តិ។ ក៏ព្រោះវ៉េតូមួយសំឡេង អាចរារាំងក្រុមប្រឹក្សាពីការដោះស្រាយបញ្ហាបាន។ ជាក់ស្ដែង គ្រាន់តែរឿងអ៊ុយក្រែន រុស្ស៊ីបានប្រើសិទ្ធិពិសេសវ៉េតូចំនួនពីរដង​ ដែលបញ្ហានេះបានជំរុញឱ្យមានការអំពាវនាវបណ្តេញរុស្ស៊ីផងដែរ។ ដ្បិតមានអំណាចបែបនេះ សមាជិកអចិន្ត្រៃយ៍ហាក់មិនសូវអើពើចំពោះការកែទម្រង់ឡើយ។
 
កាលពីថ្ងៃទី២១ ខែឧសភា ក្នុងកិច្ចប្រជុំកំពូល G7 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និយាយថា វាដល់ពេលដែលក្រុមប្រឹក្សាសន្តិសុខធ្វើកំណែទម្រង់ដើម្បីស្របតាមភាពជាក់ស្ដែងនៃពិភពលោកនាពេលបច្ចុប្បន្ននេះ។ លើសពីនេះ លោក Csaba Kőrösi ប្រធានមហាសន្និបាត ក៏បានលើកឡើងថា កំណែទម្រង់នេះដំណើរការបានគឺអាស្រ័យលើសមាជិក ហើយសម្រាប់សមាជិកមហាសន្និបាតក៏ត្រូវតែរួមគ្នាសិនដើម្បីអនុម័តដំណោះស្រាយ»។ 
 
បើទោះបីជាការជជែកដេញដោលលើបញ្ហាប្រឈមកើនឡើងក៏ដោយ កំណែទម្រង់ក៏ពុំទាន់បានសម្រេចនៅឡើយ ដោយសារតែដំណើរការដ៏ស្មុគស្មាញនៃក្រុមប្រឹក្សាសន្តិសុខ ។ ការផ្លាស់ប្ដូរចំណុចសំខាន់នីមួយៗ ក៏ពាក់ព័ន្ធនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ និងទាមទារឱ្យមានកិច្ចព្រមព្រៀងយ៉ាងហោចណាស់ពីរភាគបីនៃសមាជិកមហាសន្និបាតទាំង១៩៣ប្រទេស រាប់បញ្ចូលទាំងសមាជិកក្រុមប្រឹក្សាដែលមានសិទ្ធិ​ពិសេស​វ៉េតូទាំង៥ផងដែរ៕
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 ក្រុមប្រឹក្សាសន្តិសុខ
  UN
© រក្សាសិទ្ធិដោយ thmeythmey.com