ជាតិ
ក្រសួងកសិកម្ម ជំរុញឱ្យកសិករដាំដូងតាមស្តង់ដាអនាម័យ ក្រោយទីផ្សារចិនបើកចំហ
20, Sep 2023 , 7:39 pm        
រូបភាព
 រូបភាព៖ Daling Farm-ចំការដូងក្រអូបខេត្តបាត់ដំបង
រូបភាព៖ Daling Farm-ចំការដូងក្រអូបខេត្តបាត់ដំបង
ភ្នំពេញ៖ កម្ពុជា-ចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ទីផ្សារចិនរួចហើយក្នុងខែកញ្ញានេះ។​ ជាការត្រៀមខ្លួន ក្រសួងកសិកម្ម បានជូនដំណឹងឱ្យកសិករពង្រឹងស្តង់ដារ និងអនាម័យ បន្ថែមទៀត ដើម្បីទទួលបានឱកាសនាំចេញ។ 



កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានបញ្ជាក់ ពិធីសារពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម ជាមួយអគ្គរដ្ឋបាលគយយចិន កាលពីថ្ងៃទី១៥ កញ្ញា កន្លងទៅ។ នៅពេលសម្រេចបានពិធីសារនេះហើយ ក្រសួងកសិកម្ម ត្រូវធ្វើការជាមួយកសិករ ដើម្បីធ្វើយ៉ាងណាឱ្យពួកគេដាំផ្លែដូង ស្របតាមស្តង់ដាអនាម័យ និងភូតគាមអនាម័យ ដែលកំណត់ដោយរដ្ឋបាលគយចិន។
 
ទន្ទឹមនេះ ក្រសួងកសិកម្ម ក៏បានជូនដំណឹងដល់ម្ចាស់ចម្ការ, សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់រោងចក្រកែច្នៃ និងវេចខ្ចប់ ដែលមានបំណងផលិត និងវេចខ្ចប់ផ្លែដូងស្រស់នាំចេញទៅចិន ត្រូវប្រញាប់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រ នៅអគ្គនាយកដ្ឋានកសិកម្ម។ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម នឹងចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ មុននឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិន នៅដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខ។
 
ជុំវិញការនាំចេញដូងស្រស់ទៅចិននេះ ត្រូវបានលោក សួង ណយ ប្រធានសហគមន៍កសិកម្មដូងក្រអូបកម្ពុជា និងជាអគ្គលេខាធិការរងគណៈកម្មការជាតិ មើលឃើញថា កម្ពុជាមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការនាំចេញទៅកាន់ចិនបាននោះទេ ព្រោះថា សព្វថ្ងៃកម្ពុជានៅបន្តនាំចូលដូងពីថៃ និងវៀតណាម ដើម្បីបំពេញភាពខ្វះខាតរបស់ខ្លួននៅឡើយ។ ក្នុងមួយថ្ងៃៗ កម្ពុជាត្រូវនាំចូលដូងទុំ និងខ្ចីយ៉ាងតិច៥ម៉ឺនផ្លែពី ថៃ និងវៀតណាម។
 
លោក ប្រាប់សារព័ត៌មានថ្មីៗកាលពីខែសីហា ដូច្នេះថា៖«ការនាំចេញដូងទៅចិននេះ ខ្ញុំគិតថា អត់គ្រប់ទេ ព្រោះឥឡូវ អត់មានដូងគ្រប់គ្រាន់សម្រាប់បំពេញទីផ្សារក្នុងស្រុកយើងផង។ ម្យ៉ាងទៀត សព្វថ្ងៃ យើងនៅបន្តនាំចូលពីថៃ ពីវៀតណាមនៅឡើយទេ ទាំងដូងទុំ និងខ្ចី»។
 
បើតាម សួង ណយ កម្ពុជាត្រូវការពេល៣ទៅ៥ឆ្នាំទៀត ដើម្បីកសាងអ្នកដាំដូង ធ្វើយ៉ាងណាឱ្យបាន២លានដើម ទើបអាចបំពេញតម្រូវការក្នុងស្រុកបាន​។ បច្ចុប្បន្ន កម្ពុជាមានដូងក្រអូបប្រហែល១លានដើមប៉ុណ្ណោះ។
 
តាមរបាយការណ៍របស់ក្រសួងកសិកម្ម គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន៧ពាន់ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ១ម៉ឺន៤ពាន់ហិកតា។ ចំណែកទិន្នផលសរុបនៅក្នុងឆ្នាំ២០២២ នៅទូទាំងប្រទេសមានចំនួន ២៤ម៉ឺន៨ពាន់តោន៕
 

Tag:
 ក្រសួងកសិកម្ម
  ដូង
  អ៊ឹម រចនា
  សួង ណយ
© រក្សាសិទ្ធិដោយ thmeythmey.com